ដោយ៖ គង់ហេង

កំពង់ចាម៖ អភិបាលខេត្តកំពង់ចាមឯកឧត្តម អ៊ុន ចាន់ដា មានការសង្ឃឹម និងជឿជាក់ថា នឹងមានប្រជាពលរដ្ឋ ភ្ញៀវទេសចរមកចូលរួមលេងកម្សាន្តរយៈពេលបីថ្ងៃ នៃសង្រ្កាន្ត ឬពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឆ្នាំម្សាញ់២០២៥ ដែលនឹងមកដល់នៅប៉ុន្មានសប្តាហ៍ខាងមុខនេះ គឺក្នុងមួយថ្ងៃប្រមាណ ១លាននាក់។
ការថ្លែងយ៉ាងដូច្នេះ នៅក្នុងការដែលឯកឧត្តមអភិបាលរូបនេះបាន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំឆ្លងផែនការសកម្មភាពការងាររបស់គណៈកម្មការរៀបចំសង្រ្កាន្តកំពង់ចាម ដើម្បីអបអរសាទរបុណ្យ ដើម្បីពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ នៅសាលាខេត្តកំពង់ចាមនារសៀលថ្ងៃទី ២៥ មីនាម្សិលមិញនេះ។
ឯកឧត្តម អ៊ុន ចាន់ដា បានមានប្រសាសន៍ថា៖ ជាមហិច្ឆតារបស់គណៈកម្មការយើង សម្រាប់ការស្រូបភ្ញៀវមកលេងក្នុងឱកាស បុណ្យចូលឆ្នាំថ្មីរយៈពេលបីថ្ងៃខាងមុខនេះ គឺយ៉ាងហោចក៏បានបីលាននាក់ដែរ។ ប៉ុន្តែបើអាចបាន ៥លាន នាក់ស្មើនឹងឆ្នាំទៅ២០២៤ នោះជាការល្អប្រសើរមែនទែន មានន័យថា យើងអាចការពារខ្សែក្រវាត់យើងបាន។
ឯកឧត្តម បានបន្ថែមថា៖ ការដែលឯកឧត្តមលើកឡើងបែបនេះ ដោយយោងទៅលើកត្តាចំនួនពីរ គឺទី១ តាមបណ្តារាជធានី ខេត្តទូទាំងប្រទេសគេរៀបចំសង្រ្កាន្តធំដែរ មានតុបតែងព្រឹត្តិការណ៍ សម្រាប់ក្នុង ខេត្តសាមីនីមួយៗ ជាពិសេសអង្គរសង្រ្កាន្តនៅខេត្តសៀមរាបដែលថ្នាក់ដឹកនាំបានរៀបចំដឹកនាំចាត់ចែង ដែលមានទ្រង់ទ្រាយធំជាលក្ខណៈជាថ្នាក់ជាតិ និងអន្តរជាតិ និងទី២ ការដែលយើងប៉ាន់ប្រមាណប្រជាពលរដ្ឋ បីលាន នេះ គឺដោយសារយើងចិញ្ចឹមចលនារបស់យើងនៅក្នុងខេត្តឱ្យចូលរួមលេងកម្សាន្ត យ៉ាងហោចណាស់ក្នុងមួយថ្ងៃឱ្យបានមួយលាននាក់ដែរ គឺយើងមានប្រពលរដ្ឋនៅក្នុងខេត្តជាងមួយលាននាក់ស្រាប់។ ហេតុនេះមួយថ្ងៃមួយលាននាក់ បីថ្ងៃក៏អាចបានបីលាននាក់ដែរ។ ពិសេសថ្ងៃចុងក្រោយ ថ្ងៃស្រង់ព្រះ អាចស្រូបប្រហែលពីរទៅបីលាននាក់ ពីខេត្តដទៃជាប់ខេត្តយើង។
ឯកឧត្តមបានបន្តថា៖ ទន្ទឺមនឹងនេះ យើងក៏ចាំបាច់ខិតខំតុបតែង លម្អឱ្យមានភាពទាក់ទាញបង្កើតនូវព្រឹត្តិការណ៍ គឹធ្វើឱ្យប្រជាពល រដ្ឋក៏ដូចជាភ្ញៀវទេសចរ ចង់មកលេងកម្សាន្តសប្បាយ ហើយយើង(គណៈកម្មការ និងអនុគណៈកម្មការ)ថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ ធានាឱ្យបាននូវសុវត្ថិភាពជូនភ្ញៀវទេសចរ ប្រជាពលរដ្ឋមកលេង ព្រមទាំងរៀបចំនៅតាមបណ្តារមណីយដ្ឋាន តាមបណ្តាក្រុងស្រុក គឺធ្វើយ៉ាងណាឱ្យភ្ញៀវទេសចរ ប្រជាពលរដ្ឋ មិនសម្រុកសំដៅតែក្រុងមួយនោះទេ អាចទៅលេងតាមរមណីយដ្ឋានផ្សេងៗទៀត៕
