ដោយ៖កំចាយ

កំពត÷ រដ្ឋបាលខេត្តកំពតនឹងកែលម្អវិថីអាហារ និងសួនច្បារពីផ្សារណាត់ដល់ចំណុចដើមពោធិ៍ក្បែរបេនឡានក្នុងក្រុងកំពតឲ្យកាន់តែមានសោភ័ណភាពដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីភ្ញៀវជិតឆ្ងាយ។
កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ លោកអភិបាលខេត្តកំពត រួមជាមួយមន្ត្រីពាក់ព័ន្ធបានចុះពិនិត្យទីតាំងវិថីអាហារ និងសួនច្បារដើមពោធិ៍ដើម្បីកែលម្អសោភ័ណភាពឲ្យកាន់តែល្អប្រសើរឡើង។
នៅទីនោះ លោក ម៉ៅ ធនិន អភិបាលខេត្តកំពតបានមានប្រសាសន៍ថា ក្រោមការណែនាំ និងចង្អុលបង្ហាញរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត រដ្ឋបាលខេត្តកំពតនឹងបន្តរៀបចំកែលម្អ ព្រមទាំងបង្កើនសោភ័ណភាព ពិសេសក្នុងក្រុងកំពតឲ្យកាន់តែស្រស់ស្អាតបំណងទាក់ទាញភ្ញៀវជិតឆ្ងាយ ក៏ដូចជាជួយដល់ការរកប្រាក់ចំណូលបន្ថែមសម្រាប់ប្រជាពលរដ្ឋតាមរយៈវិស័យទេសចរណ៍។ ការរៀបចំឡើងវិញនូវវិថីអាហារ រួមទាំងសួនច្បារចាប់ពីផ្សារណាត់រហូតដល់ចំណុចដើមពោធិ៍ក្បែរបេនឡាននឹងចាប់ផ្តើមនាពេលដ៏ខ្លីខាងមុខ។
លោកអភិបាលខេត្តបានបញ្ជាក់ថា អ្វីដែលត្រូវយកចិត្តទុកដាក់ក្នុងការកែលម្អវិថីអាហារគឺរៀបចំតូបលក់នីមួយៗដោយរំលេចនូវរចនាបថខ្មែរ និងតម្រូវឲ្យអាជីវករទាំងអស់ស្លៀកពាក់តាមបែបប្រពៃណីជាតិ។ ទាំងនេះក្នុងន័យបង្ហាញអំពីវប្បធម៌ អរិយធម៌ និងទំនៀមទម្លាប់ដ៏ល្អផូរផង់របស់ខ្មែរទៅកាន់ទេសចរបរទេស ពិសេសជាគំរូដើម្បីឲ្យយុវជនជំនាន់ក្រោយបានយល់។
លោក ម៉ៅ ធនិន បានបន្តថា ក្រោយពីវិថីអាហារ និងសួនច្បារដើមពោធិ៍រៀបចំរួចរាល់ ទីតាំងនេះនឹងក្លាយជាតំបន់ដ៏ទាក់ទាញសម្រាប់ភ្ញៀវជាតិ អន្តរជាតិមកលេងកម្សាន្ត ហើយប្រជាពលរដ្ឋក៏អាចរកប្រាក់ចំណូលពីការលក់ដូរផងដែរ។ ចំពោះអាជ្ញាធរក្រុងកំពត ពិសេសមន្ទីរជំនាញពាក់ព័ន្ធត្រូវចុះធ្វើបច្ចុប្បន្នភាពអាជីវករដែលកំពុងលក់ដូរពិតប្រាកដនៅទីតាំងវិថីអាហារនេះដើម្បីផ្តល់តូបលក់ដូរថ្មីជូនដោយឥតគិតថ្លៃ។
លោកអភិបាលខេត្តបានបញ្ជាក់ជូនក្រុមអាជីវករថា ក្នុងករណីបើមានអ្នកទារថ្លៃឈ្នួល ឬប្រាក់ប្រចាំខែ សូមរាយការណ៍មកកាន់លោកផ្ទាល់ដើម្បីចាត់វិធានការ ព្រោះទីតាំងនេះជាដីសាធារណៈរបស់រដ្ឋ ពោលគឺមិនស្ថិតក្រោមការគ្រប់គ្រងរបស់បុគ្គលណាម្នាក់ទេ៕
