សន្ដិសុខសង្គម

អ្នកសារព័ត៌មាន២នាក់ក្នុងចំណោម៣រូបត្រូវតុលាការឃុំខ្លួនក្រោមបទកំហែងយក

ដោយ៖ កំចាយ

កំពត÷ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកសារព័ត៌មាន៣នាក់ក្រោមបទសង្ស័យកំហែងយក ហើយក្នុងចំណោមនោះចៅក្រមបានសម្រេចឃុំខ្លួន២រូបដើម្បីដំណើរការស៊ើបអង្កេតបន្ត។

យោងតាមដីកាបង្គាប់ឲ្យឃុំខ្លួនចុះថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៥ មានខ្លឹមសារថា ៖ ភ្នាក់ងារមានសមត្ថកិច្ចនៃកម្លាំងសាធារណ:ត្រូវនាំខ្លួនជនត្រូវចោទឈ្មោះ ខ្ចៅ មិថុនា​ ភេទប្រុស អាយុ ៣២ឆ្នាំ និពន្ធនាយកសារព័ត៌មានកំពតដេលី និងឈ្មោះ ទន់ ម៉ូវ ភេទប្រុស អាយុ ៤១ឆ្នាំ ចាងហ្វាងសារព័ត៌មានកំពតដេលីទៅឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារខេត្តកំពតរហូតដល់មានបទបញ្ជាថ្មីសម្រេចផ្សេងពីនេះ។ ចំណែកឈ្មោះ ធី សុផល ភេទស្រី អាយុ ៣៣ឆ្នាំ ចាងហ្វាងសារព័ត៌មានអធិរាជសម្លេងចៅកម្សត់ ត្រូវដាក់ឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ។

ភ្ជាប់ជាមួយករណីខាងលើ អ្នកនាំពាក្យនៃសាលាដំបូងខេត្តកំពតបានចេញសេចក្តីប្រកាសព័ត៌មានក្នុងខ្លឹមសារថា៖ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ សាលាដំបូងបានទទួលចាត់ការលើសំណុំរឿងទាក់ទិននឹងករណីកំហែងយកដោយមានជនត្រូវចោទចំនួន៣រូបជាអ្នកសារព័ត៌មាន។ ជនទាំង៣នាក់ត្រូវបានដាក់ការចោទប្រកាន់ពីបទកំហែងយក ប្រព្រឹត្តនៅកាស៊ីណូខ្ញុំ ស្ថិតក្នុងភូមិលក ឃុំឫស្សីស្រុកខាងលិច ស្រុកកំពង់ត្រាច កាលពីថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៥ បទល្មើសដែលមានចែង និងផ្តន្ទាទោសតាមបញ្ញត្តិមាត្រា៣៦៣ និងមាត្រា៣៦៤ នៃក្រមព្រហ្មទណ្ឌ។

បន្ទាប់ពីចៅក្រមបានសួរចម្លើយចំពោះជនត្រូវចោទខាងលើ និងពិនិត្យភស្តុតាងដែលបានដកហូតជាក់ស្តែង ព្រមទាំងភស្តុតាងនានាដែលមានក្នុងសំណុំរឿង ចៅក្រមស៊ើបសួរបានសម្រេចឃុំខ្លួនបណ្តោះអាសន្នលើជនត្រូវចោទឈ្មោះ ទន់ ម៉ូវ និងឈ្មោះ ខ្មៅ មិថុនា នៅពន្ធនាគារខេត្តកំពតដើម្បីបន្តការស៊ើបសួរតាមនីតិវិធី។ ចំណែកឈ្មោះ ធី សុផល បន្ទាប់សួរចម្លើយ និងពិនិត្យលើភស្តុតាងនានាដែលមាននៅក្នុងសំណុំរឿងរួចរាល់ ចៅក្រមស៊ើបសួរបានសម្រេចមិនមិនឃុំខ្លួនដោយដាក់ជនត្រូវចោទរូបនេះឲ្យស្ថិតនៅក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ៕