ព័ត៌មានជាតិ

យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ផ្តោតជាពិសេសលើ«បច្ចេកវិទ្យាឌីជីថល»

ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាមបានថ្លែងបញ្ជាក់ថា យុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភាផ្តោតជាសំខាន់លើ«បច្ចេកវិទ្យាឌីជីថល» គឺដើម្បីឆ្លើយតបនឹងបដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថល នៃសេដ្ឋកិច្ច និងសង្គមកម្ពុជា។

ឯកឧត្តមអភិបាលខេត្តកំពង់ចាមបានថ្លែងយ៉ាងដូច្នេះ នៅក្នុងសុន្ទរកថា​បើកមហាសន្និបាតអាណត្តិទី៤ របស់សមាគមក្រុមប្រឹក្សាក្រុង ស្រុក ឃុំ សង្កាត់ របស់ខេត្តនេះ ដែលបានប្រព្រឹត្តទៅនៅសាលាខេត្តកំពង់ចាមនៅព្រឹកថ្ងៃទី ២៤ មីនានេះ។

ឯកឧត្តមបានថ្លែងបញ្ជាក់ថា៖ រាជរដ្ឋាភិបាល នៅតែបន្តការយកចិត្តទុកដាក់ និងផ្តល់អាទិភាព ខ្ពស់បំផុតលើការថែរក្សាសុខសន្តិភាព ស្ថិរភាពសង្គម សេដ្ឋកិច្ច និងការអភិវឌ្ឍប្រទេសជាតិ ព្រមទាំងការងារកែទម្រង់សំខាន់ៗក្នុងគោលដៅបម្រើឧត្តមប្រយោជន៍ជាតិ និងឱ្យឆ្លើយតបបាន ទាន់ពេលវេលា ទៅនឹងសំណូមពរ និងសេចក្តីត្រូវការរបស់ប្រជាជន។

ជាមួយនោះ រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព, ដោយបន្តផ្តោតជាសំខាន់លើរបៀបវារៈ ធានា «ប្រសិទ្ធភាពសមិទ្ធកម្ម» តាមរយៈការអនុវត្តអភិក្រម “ឆ្លុះកញ្ចក់, ងូតទឹក, ដុសក្អែល, ព្យាបាល និងវះកាត់» និងអភិក្រម «ជីវភាពនៃប្រព័ន្ធតួអង្គតែមួយ»។

ឯកឧត្តមបានបន្ថែមថា៖ ក្នុងនោះយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ កំណត់ យកអាទិភាពគន្លឹះ៥គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង និងបច្ចេកវិទ្យា» ជាពិសេសគឺ «បច្ចេកវិទ្យាឌីជីថល» សម្រាប់ឆ្លើយតបទៅនឹង បដិវត្ត ឧស្សាហកម្មទី៤ និងបរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និងសង្គម កម្ពុជា ព្រមទាំងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាពសេដ្ឋកិច្ច ដែលសំដៅកសាងមូលដ្ឋាន គ្រឹះឆ្ពោះទៅសម្រេចឱ្យបាននូវចក្ខុវិស័យកម្ពុជាក្នុងឆ្នាំ២០៣០ មធ្យមកម្រិតខ្ពស់ និងឆ្នាំ២០៥០ ជាប្រទេសដែលមានចំណូលខ្ពស់។ ជាប្រទេសដែលមានចំណូល ឈរលើស្មារតីនៃការលើកកម្ពស់អភិបាលកិច្ចក្នុងរដ្ឋបាលសាធារណៈ ដែលជាចំណុចស្នូល នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ រាជរដ្ឋាភិបាលបានផ្តល់តម្លៃជាអាទិភាពខ្ពស់ ក្នុងការបន្ត និងជំរុញបន្ថែមទៀតការងារកែទម្រង់ ពិសេសការកែទម្រង់រដ្ឋបាលសាធារណៈ ការជំរុញ ការអនុវត្តគោលនយោបាយវិមជ្ឈការ វិសហមជ្ឈការ ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈការកែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ និងការកែទម្រង់តាមវិស័យអាទិភាពគន្លឹះផ្សេងៗទៀត របស់រាជរដ្ឋាភិបាលរួមមានវិស័យអប់រំ និងសុខាភិបាល។

ឯកឧត្តមបានបន្តថា៖ ក្នុងន័យនេះ រាជរដ្ឋាភិបាលមានភាពចាំបាច់ក្នុងការបន្តកែទម្រង់ស្ថាប័ន និងអភិបាលកិច្ចឱ្យសម្រេចបាននូវរដ្ឋបាលសាធារណៈ មួយដែលមានសមត្ថភាពខ្ពស់ ខ្លាំង វៃឆ្លាត និងភាពស្អាតស្អំ ហើយបំពេញការងារ ក្នុងជីវភាព នៃប្រព័ន្ធតួអង្គតែមួយ ដោយធានាបាននូវប្រសិទ្ធភាពខ្ពស់នៅក្នុងគ្រប់ទិដ្ឋភាពនៃកិច្ចប្រតិបត្តិការ របស់ខ្លួន ទាំងការដឹកនាំការសម្របសម្រួល ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោល នយោបាយ និងយុទ្ធសាស្ត្រនានានៅក្នុងបរិការណ៍ នៃការវិវត្តន៍ប្រែប្រួលយ៉ាងឆាប់រហ័ស នៃសភាពការណ៍ សង្គមសេដ្ឋកិច្ចទាំងក្នុង និងក្រៅប្រទេស៕