សន្ដិសុខសង្គម

បញ្ជូនជនសង្ស័យ ៦នាក់ទៅតុលាការក្រោយនេសាទត្រីប្រើឧបករណ៍ឆក់ល្មើសច្បាប់

ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ មន្ត្រីជំនាញបានកសាងសំណុំរឿងបញ្ជូនជនសង្ស័យចំនួន ៦នាក់ទៅតុលាការក្រោយល្មើសប្រើឧបករណ៍ឆក់ត្រីក្នុងដែនបឹងទន្លេសាប។

លោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផលបាត់ដំបងបានប្រាប់ឲ្យដឹងថា÷ មន្ត្រីជលផល សហការជាមួយកម្លាំងអធិការស្រុកឯកភ្នំ រួមជាមួយមន្ត្រីពាក់ព័ន្ធជាច្រើនទៀត កន្លងមកនេះបានចុះបង្ក្រាបបទល្មើសនេសាទចំនួន ២ករណីផ្សេងគ្នានៅត្រង់ចំណុច
ចុងព្រែកដា ( អភិរក្សអតីតឡូត៍នេសាទលេខ ២) ក្នុងភូមិអន្លង់តាអួរ ឃុំកោះជីវាំង ស្រុកឯកភ្នំ។

ការឆ្មក់ចុះបង្ក្រាបបទល្មើសនេសាទនេះកម្លាំងជំនាញឃាត់ខ្លួនបានអ្នកប្រព្រឹត្តចំនួន ៦នាក់។ ជនសង្ស័យមានឈ្មោះសួ រ៉ៃយា ភេទប្រុស អាយុ ២៨ឆ្នាំ, ឈ្នះស៊ាន សារឿន ភេទប្រុស អាយុ ៤១ឆ្នាំ, ឈ្មោះណាន ឆុន ភេទប្រុស អាយុ ៥៧ឆ្នាំ, ឈ្មោះផល្លា ចន្ទា ភេទប្រុស អាយុ ២៨ឆ្នាំ, ឈ្មោះឈុំ យ៉ាន ភេទប្រុស អាយុ ៣៦ឆ្នាំ និងឈ្មោះខុម ហ៊ុយអៀង ភេទប្រុស អាយុ ៣៨ឆ្នាំ ទាំងអស់គ្នារស់នៅក្នុងកោះជីវាំង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។

ប្រភពមន្ត្រីដដែលបានបន្តថា÷ សំណុំរឿងខាងលើកំពុងអនុវត្តនីតិវិធីនៅសាលាដំបូង នៅឡើយ ដែលគ្រោងនឹងបញ្ចប់នៅថ្ងៃទី ២៥ ខែមីនា ឆ្នាំ ២០២៥នេះ៕