សន្ដិសុខសង្គម

ពន្ធនាគារខេត្តបន្ទាយមានជ័យបំភ្លឺ ករណីបានតវ៉ានិងរិះគន់របស់ឪពុកនៃជនជាប់ឃុំម្នាក់ដែលមានស្ថានភាពជំងឺបេះដូងធ្ងន់ធ្ងរ រួចស្លាប់

ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ បន្ទាប់ពីឪពុករបស់ជនជាប់ឃុំវ័យក្មេងម្នាក់មានស្ថានភាពជំងឺធ្ងន់ធ្ងរ រួចស្លាប់ បានតវ៉ា អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យបានបំភ្លឺមួយកាលពីថ្ងៃទី២៣ ខែមីនាឆ្នាំ២០២៥ ។

សូមរំលឹកថា កាលពីថ្ងៃទី២១ខែមីនាឆ្នាំ២០២៥  ឪពុករបស់ជនជាប់ឃុំរងគ្រោះ បណ្តាញសង្គមនិងសារព័ត៌មានក្នុងស្រុកខ្លះបានយោងប្រភពម្ខាង ដោយនិយាយនិងបានចុះផ្សាយខ្សែវីដេអូឃ្លីបថា : «ខ្ញុំមិនអស់ចិត្តទេ ពន្ធនាគារខេត្តបន្ទាយមានជ័យ ហេតុអ្វីកូនខ្ញុំឈឺល្មមៗ មិនបញ្ជូនទៅមន្ទីរពេទ្យ ពេលដែលឈឺធ្ងន់ធ្ងរជួយលែងបាន ទើបញ្ជូនទៅមន្ទីរពេទ្យ»។

ក្នុងសំឡេងនិងកាយវិការបង្ហាញការស្តាយស្រណោះ ឈឺចាប់និងមានកំហឹងបានស្រែកខ្លាំងៗនិងឥរិយាបថមិនរៀបរយ បានធ្វើទៅលើបុគ្គលិកពន្ធនាគារដែលទៅតាមយាមការពារទណ្ឌិតនិងគ្រូពេទ្យ  ឪពុករបស់ជនជាប់ឃុំបានគំហកថា : ម៉េចមិនឲ្យខ្ញុំថត តើខុសច្បាប់ មាត្រាទីប៉ុន្មាន កូនខ្ញុំដល់ថ្នាក់ហ្នឹងហើយ  ចុះបើកូនលោកគ្រូពេទ្យនិងលោកឯងវិញម៉េចដែរ?

ខាងបុគ្គលិកពេទ្យបានឆ្លើយតបវិញថា៖ លោកមិនត្រូវបន្ទោសកន្លែងទទួលសង្គ្រោះព្យាបាលទេ តែត្រូវទៅសួរខាងមេនិងពន្ធនាគារ។

ជាការឆ្លើយតបទៅនឹងការរិះគន់របស់ឪពុកជនជាប់រងគ្រោះ គេហទំព័រ និងហ្វេសប៊ុកខាងលើ អង្គភាពពន្ធនាគារខេត្តបន្ទាយមានជ័យនៅថ្ងៃទី២៣ខែមីនាឆ្នាំ២០២៥ បានសុំធ្វើការបំភ្លឺចំហជូនសាធារណជន អ្នកប្រើប្រាស់បណ្តាញសង្គមនិងសារព័ត៌មានក្នុងសេចក្តីថា ៖ ជនជាប់ឃុំឈ្មោះ លៀប ចន្ថា ភេទប្រុស អាយុ២២ឆ្នាំ សញ្ជាតិខ្មែរ ឃុំខ្លួនថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៣ ក្នុងបទល្មើសកាន់កាប់ ឬដឹកជញ្ជូនអាវុធដោយគ្មានការអនុញ្ញាត និងបទហិង្សាដោយចេតនា(ស្ថានទម្ងន់ទោស), លួចនិងពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន កម្រិតទោស ០៣ឆ្នាំនិងបានរងទោសបានរយៈពេល០១ឆ្នាំ០២ខែ ២៨ថ្ងៃ   ទោសនៅសល់ ០១ឆ្នាំ០៩ខែ ០២ថ្ងៃ(ពិរុទ្ធជន) ។ រយៈពេលជាង០១ឆ្នាំកន្លងមកនេះ ពិរុទ្ធជនខាងលើពុំធ្លាប់មានជំងឺ(ឈឺ)នៅក្នុងពន្ធនាគារម្ដងណាឡើយ ។

ពន្ធនាគារបានបន្តថា : ទើបតែនៅថ្ងៃទី២០ ខែមីនាឆ្នាំ២០២៥ ពិរុទ្ធជនរូបនេះប្រាប់ថាខ្លួនមានអាការមិនស្រួលក្នុងខ្លួន ។

ភ្លាមនោះមន្ត្រីគ្រប់គ្រងអគារក៏បានបញ្ជូនមកប៉ុស្តិ៍សុខភាព នៅវេលាម៉ោង ១១និង២៥ នាទីព្រឹក។

បន្ទាប់មកមប៉ុស្តិ៍សុខភាពបានពិនិត្យឃើញថា៖ “ពិរុទ្ធជននេះមានសភាពហត់ខ្លាំង ពិបាកដកដង្ហើម ចុកឆ្អល់ចុងដង្ហើម ក្អួត និងស្វាយចុងដៃចុងជើង ” ។

ដោយឃើញស្ថានភាពបែបនេះគ្រូពេទ្យប៉ុស្តិ៍សុខភាពក៏បានរាយការណ៍ និងសុំគោលការណ៍ថ្នាក់ដឹកនាំនិងឯកឧត្តមព្រះរាជអាជ្ញានៃអយ្យការអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចាត់បញ្ជូនទៅសង្គ្រោះបន្ទាន់ភ្លាមៗទៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គលបូរី នៅវេលាម៉ោង ១១និង៣០ នាទីព្រឹក និងបានទៅដល់មន្ទីរពេទ្យនៅវេលាម៉ោង១១និង៤០នាទីព្រឹកថ្ងៃដដែល និងបានជូនដំណឹងតាមរយៈទូរសព្ទចំនួន០៣លើកទៅយាយរបស់ជនជាប់ឃុំ ។

អំឡុងពេលសម្រាកព្យាបាលនៅមន្ទីរពេទ្យ  ពិរុទ្ធជនរូបនេះពុំបានធូរស្រាលក៏បានស្លាប់នៅវេលាម៉ោង ១១និង៤០នាទីព្រឹក ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យមិត្តភាពកម្ពុជា-ជប៉ុន ស្រុកមង្គលបូរី ដោយសារជំងឺបេះដូង និងខ្វះអុកស៊ីសែនទៅចិញ្ចឹមខួរក្បាល ។

ក្នុងន័យនេះ ពន្ធនាគារខេត្តបន្ទាយមានជ័យ សូមធ្វើការបដិសេធទាំងស្រុងចំពោះគេហទំព័រ ហ្វេសប៊ុក និងឪពុកជនជាប់ឃុំ គេហទំព័រហ្វេសប៊ុក

ដែលបានធ្វើការចុះផ្សាយ និយាយរិះគន់ខ្លឹមសារខាងលើ ក្នុងន័យចោទប្រកាន់ និងបំផ្លើសការពិតដល់ពន្ធនាគារខេត្តបន្ទាយមានជ័យ ដែលធ្វើឱ្យប៉ះពាល់ដល់កិត្តិយស សេចក្ដីថ្លៃថ្នូររបស់អង្គភាពពន្ធនាគារ ក៏ដូចជាអគ្គនាយកដ្ឋានពន្ធនាគារ ក្រសួងមហាផ្ទៃ៕