សន្ដិសុខសង្គម

ការប៉ះទង្គិចពាក្យសម្ដីនិងកាយវិការគ្នារវាងទាហានកម្ពុជានិងថៃនៅជាប់ច្រកព្រំដែនតំបន់បឹងត្រកួន មកពីទាហានថៃចូលមកខ្សែបន្ទាត់ព្រំដែនឆៅៗ

ដោយ : បន្ទាយ

ព្រំដែនកម្ពុជា ថៃ ៖ ការប៉ះទង្គិចពាក្យសម្ដីនិងកាយវិការគ្នារវាងទាហានកម្ពុជានិងទាហានថៃនៅជាប់ច្រកព្រំដែនតំបន់បឹងត្រកួន មកពីទាហានថៃចូលមកខ្សែបន្ទាត់ព្រំដែនឆៅៗ ..ដោយមិនជូនដំណឹងដូចដែលទាហានឬនគរបាលការពារព្រំដែនកម្ពុជាបានធ្វើកន្លងមក។

ច្រកព្រំដែនតំបន់បឹងត្រកួន ភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យប្រទេសកម្ពុជា ទល់មុខច្រកព្រំដែនតំបន់តាប្រាយ៉ាភូមិចាប់សាន់ ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ ។

ប៉ុន្តែមកទល់ថ្ងៃទី២៣-២៤ខែមីនាឆ្នាំ២០២៥ នេះ សភាពការណ៍និងសន្តិសុខព្រំដែននៅចំណុចនោះបានវិលមកប្រក្រតីនិងស្ងប់ស្ងៀមធម្មតា។

ទោះជាយ៉ាងណា កងការពារព្រំដែននិងមន្ត្រីអាជ្ញាធរដែនដីកម្ពុជាបានព្រមានថា៖ បើគិតពីបទពិសោធកន្លងមក និងសភាពការណ៍ព្រំដែនកម្ពុជា ថៃនៅប្រាសាទតាមាន់ធំកាលពីថ្ងៃទី០៣ខែមីនាឆ្នាំ២០២៥ គេមិនត្រូវធ្វេសប្រហែស ឬប្រមាទនិងសន្តិភាពនិយមនោះឡើយ ។

សូមរំលឹកថា កាលពីថ្ងៃទី២០ខែមីនា ទាហានថៃឃោសនា(ផ្សព្វផ្សាយ)ព័ត៌មានមិនពិតថា «ទាហានកម្ពុជារំលោភទឹកដីព្រំដែនថៃ» នៅចំណុចខាងជើងជាប់ច្រកតំបន់ព្រំដែនបឹងត្រកួន-តាប្រាយ៉ា ចន្លោះបង្គោលព្រំដែនលេខ៣៦និង៣៥ ភូមិសាស្ត្រភូមិបន្ទាយមានរឹទ្ធិ ឃុំគោករមៀតស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ទល់មុខច្រកព្រំដែនតំបន់តាប្រាយ៉ាភូមិចាប់សាន់ឃុំតាប្រាយ៉ា ស្រុកតាប្រាយ៉ា ខេត្តស្រះកែវ ប្រទេសថៃ។

រីឯទាហានកម្ពុជាវិញ នាពេលនោះបាននិយាយថា ៖ «ពួកឯងមកឆៅៗអ៊ីចឹងមិនរាយការណ៍(ឬឲ្យដំណឹងមុន)ប្រាប់គេ តែចូលមកផុតសិចទ័រ (Sector : ផ្នែកឈរជើង)នេះ ដឹងតែត្រូវហើយ ។ ប្រាប់ទៅ ប្រាប់គ្នា ថ្ងៃក្រោយអត់មានមកបំពានអ៊ីចឹងទៀតទេ ។ ទៅវិញទៅ ។ថ្នាក់លើគេចេះដោះស្រាយហើយ អ្ហែងចង់និយាយភាសាអីក៏ដោយ ពួកអញនេះណា អត់ចេះខ្លាចទេវ៉ើយ…”។

គួរបញ្ជាក់ថា ចំណុចដែលទាហានថៃលើកគ្នាចូលមកដូចកំរោលលកន្លងមកនោះ ស្ថិតក្រោមការគ្រប់គ្រងរបស់កងកម្លាំងកម្ពុជាជារៀងរហូតមក។ក្នុងនោះ មានរោងដែកមួយដែលភាគីថៃបានសាងសង់មិនរួចរាល់៕