ភ្នំពេញ៖អ្នកតំណាងស្ថាប័នអប់រំកម្រិតពិភពលោកប្រមាណ៤២ស្ថាប័ន មកពីប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់បានជួបប្រឹក្សាផ្ទាល់នៅក្នុងពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ ឆ្នាំ២០២៥ ដើម្បីជំរុញដល់សិស្ស និស្សិតស្វែងយល់លម្អិតអំពីជម្រើសសិក្សាលើគ្រប់កម្រិត លក្ខខណ្ឌចូលសិក្សា ការដាក់ពាក្យចូលរៀន និងការសុំទិដ្ឋាការទៅសិក្សារួមទាំងព័ត៌មានអាហារូបករណ៍នានាដោយឥតគិតថ្លៃដើម្បីជំរុញសក្តានុពលធនធានមនុស្សនៅកម្ពុជាកាន់តែប្រសើរ។

ពិព័រណ៍ការសិក្សានៅប្រទេសអូស្ត្រាលី និងណូវែលហ្សេឡង់ឆ្នាំ២០២៥ រៀបចំឡើងដោយប័ន IDP Educationជាស្ថាប័នឈានមុខគេលើសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសដែលប្រព្រឹត្តទៅនាពេលថ្មីៗនេះ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ រាជធានីភ្នំពេញនិង សណ្ឋាគារសូហ្វីតែលអង្គរ ខេត្តសៀមរាប ដោយមានសិស្ស និស្សិតនិងអាណាព្យាបាលប្រមាណចូលរួមប្រមាណ១២០០ នាក់។
លោក ម៉ៅ ស្រេង នាយកប្រចាំប្រទេសនៃស្ថាប័ន IDP Education និងសាលា ACE បានមានប្រសាសន៍ថា «ការបានឃើញនិស្សិតកម្ពុជាជាច្រើនចាប់ផ្តើមដំណើរទៅសិក្សានៅប្រទេសអូស្ត្រាលី និងនូវែលហ្សេឡង់ តាមរយៈអាហារូបករណ៍រដ្ឋាភិបាល ឬដោយខ្លួនឯងក្តី គឺជាព្រឹត្តិការណ៍ដ៏អស្ចារ្យ។ និស្សិតទាំងនេះភាគច្រើនត្រលប់មកវិញក្លាយជាអ្នកដឹកនាំក្នុងវិស័យរបស់ពួកគេដែលរួមចំណែកដល់ការរីកចម្រើន និងការអភិវឌ្ឍន៍នាពេលអនាគតសម្រាប់ប្រទេសកម្ពុជានៅលើវិស័យជាច្រើន»។
លោក Derek Yip ឯកអគ្គរដ្ឋទូតអូស្រ្តាលីប្រចាំនៅកម្ពុជាបានឱ្យដឹងដែរថា«អូស្ត្រាលីមានសាកលវិទ្យា ល័យកំពូលប្រាំបួនស្ថិតក្នុងចំណោមសាកលវិទ្យាល័យដ៏កំពូលទាំង ១០០ របស់ពិភពលោក ក្នុងនោះមានសាកលវិទ្យាល័យបីបានជាប់ចំណាត់ថ្នាក់កំពូលទាំង ២០ លើពិភពលោក។ ស្ថាប័នទាំងនេះជំរុញការគិតប្រកបដោយការពិចារណាការច្នៃប្រឌិត និងការបង្កើតថ្មី ពង្រីកបានសក្តានុពលនៃធនធានមនុស្សប្រកបដោយគុណភាពក្រោយបញ្ចប់ការសិក្សា»។
គួរបញ្ជាក់ថា បង្កើតឡើងដោយរដ្ឋាភិបាលអូស្រ្តាលីក្នុងឆ្នាំ១៩៦៩ ស្ថាប័នIDP មានការិយាល័យប្រមាណ ២៣០ កន្លែងលើបណ្តាប្រទេសជាង ៩០ និងបន្តការផ្តល់ជូនសេវាប្រឹក្សាយោបល់ទៅសិក្សានៅបរទេសឈានមុខគេលើពិភពលោក រួមមានប្រទេសអូស្រ្តាលី ណូវែលហ្សេឡង់ ចក្រភពអង់គ្លេស អៀរឡង់ សហរដ្ឋអាមេរិក និងកាណាដាជាដើម។ស្ថាប័ន IDP ក៏ឈានមុខគេលើការផ្តល់ជូនតេស្ត IELTS ដែលជាតេស្តវាយតម្លៃសមត្ថភាពភាសាអង់គ្លេស និងត្រូវបានទទួលស្គាល់ពីប្រមាណ ១២៥០០ ស្ថាប័នជុំវិញពិភពលោក៕
