កម្សាន្ដ

សមរាត្រីជាមោទនភាពអង្គរនិងកម្ពុជា ដែលជួយកន្ត្រាក់ទាក់ទាញ

ដោយ : បន្ទាយ 

សៀមរាប : សមរាត្រីប្រាសាទអង្គរវត្ត (Equinox Angkor) ជាបាតុភូតព្រះអាទិត្យរះចំកំពូលកណ្តាលនៃប្រាសាទអង្គរ ដែលតែងតែកើតឡើងរាល់ឆ្នាំ ហើយទៀងទាត់ទៀតចំនួន២ដងក្នុង១ឆ្នាំផង ដោយរដូវប្រាំងឆ្នាំ២០២៥ នេះ វាបានកើតឡើងកាលពីថ្ងៃទី២១ មីនា ។ឯរដួវវស្សាខាងមុខនឹងកើតឡើងនៅខែកញ្ញា ។

ក្រសួងទេសចរណ៍កម្ពុជាកត់សម្គាល់ថា : អង្គរវត្តគឺជាអច្ឆរិយវត្ថុដ៏ពិសិដ្ឋ​ មានរចនាប័ទ្មល្អឥតខ្ចោះបង្កប់នូវឃ្លាំងពុទ្ធិ អាថ៌កំបាំងនៃគតិបណ្ឌិតដែលមិនចេះរីងស្ងួត ក្បួនច្បាប់វិទ្យាសាស្ត្រ តារាសាស្ត្រ ទស្សនវិជ្ជាខ្មែរ និងការត្រាស់ដឹងចាក់ធ្លុះជ្រួតជ្រាបច្បាស់អំពីជម្រៅនៃច្បាប់ធម្មជាតិ និងទំនាក់ទំនងនៃដំណើរគោចរនៃប្រព័ន្ធផែនដី​ និងចក្រវាលដែលមានខ្លឹមសារ​ និងទស្សនៈអប់រំយ៉ាងជ្រាលជ្រៅមហិមា។

សមរាត្រី ឬ Equinox តាមភាសាអង់គ្លេស ជាព្រឹត្តិការណ៍ដែលតែងកើតឡើងជាទៀងទាត់មួយឆ្នាំ ពីរដងគឺខែប្រាំងត្រូវនឹងខែមីនា និងខែវស្សា ត្រូវនឹងខែកញ្ញា។ ប្រជាពលរដ្ឋខ្មែរ ឬភ្ញៀវទេសចរជាតិ និងអន្ដរជាតិ តែងទន្ទឹងរង់មើលព្រឹត្តិការណ៍នេះ ដោយអន្ទះសា ទោះអ្នកខ្លះធ្លាប់បានមើលរួចហើយក៏ដោយ។

ចំណែកអាជ្ញាធរអប្សារាវិញបានឲ្យដឹងកាលពីថ្ងៃទី២២ខែមីនាឆ្នាំ២០២៥ ថា: តើអ្វីទៅជាចំណុចពិសេសនៃព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះ? គឺព្រះអាទិត្យនឹងងើបរះចំកំពូលប្រាង្គកណ្ដាល ប្រាសាទអង្គរវត្តតែម្ដង។ វាពិតជាអច្ឆរិយៈណាស់ សម្រាប់បាតុភូតធម្មជាតិមួយនេះ ដែលកើតឡើងនៅលើប្រាសាទបុរាណខ្មែរ។

សមភាពរាត្រីកើតឡើងនៅពេលដែលដំណើរគោចររបស់ផែនដីតំបន់អេក្វាទ័រ ឆ្លងកាត់កណ្តាលនៃព្រះអាទិត្យ។

ក្រសួងទេសចរណ៍បានបន្ថែមថា ជាមួយនឹងព្រឹត្តិអព្ភូតហេតុនេះ ភ្ញៀវទេសចរបានបង្ហាញក្ដីរីករាយនិងមានភាពភ្ញាក់ផ្អើលចំពោះព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ ជាមួយនឹងភាពស្រស់ស្អាតនៃថ្ងៃរះនៅលើកំពូលប្រាសាទអង្គរវត្ត ឆ្លុះជាមួយស្រះទឹកបញ្ចេញពន្លឺពណ៌មាសស្របពេលមានទេសភាពសម្រស់ខៀវខ្ចីនៃរុក្ខជាតិស្មៅក្នុងបរិវេណអង្គរ ដែលប្រទេសដទៃទៀតមិនអាចប្រៀបផ្ទឹមបាន។

ក្នុងនោះ មានទេសចរជាតិនិងអន្តរជាតិជាង២មុឺននាក់ បានអញ្ជើញទស្សនាព្រឹត្តិការណ៍សមរាត្រី ឬព្រះអាទិត្យរះចំកំពូលប្រាសាទអង្គរវត្ដ សម្រាប់ថ្ងៃទី១ នាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ កន្លងមក ៕