អន្តរជាតិ

បណ្តឹងឧទ្ធរណ៍របស់មហាសេដ្ឋីវៀតណាមជាប់ទោសប្រហារជីវិតនឹងចាប់ផ្តើមក្នុងសំណុំរឿងដាច់ដោយឡែក

ប្រែសម្រួល៖ ស-សម្បត្តិ

ហាណូយ៖ បណ្តឹងឧទ្ធរណ៍របស់មហាសេដ្ឋីអចលនទ្រព្យវៀតណាមដែលត្រូវបានផ្តន្ទាទោសពីបទសម្អាតប្រាក់នឹងចាប់ផ្តើមនៅសប្តាហ៍ក្រោយ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹងកាលពីថ្ងៃសៅរ៍ (ថ្ងៃទី២២ ខែមីនា) បីខែក្រោយពីបានបរាជ័យក្នុងបណ្តឹងឧទ្ធរណ៍របស់នាងប្រឆាំងនឹងទោសប្រហារជីវិតក្នុងសំណុំរឿងដាច់ដោយឡែកមួយ។

អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ត្រឿង មី ឡាន ត្រូវបានរកឃើញថាមានទោសពីបទឆបោកប្រាក់ពីធនាគារ សាយហ្គន កូមឺសល (SCB) កាលពីខែមេសា ឆ្នាំ២០២៤ និងត្រូវបានផ្តន្ទាទោសប្រហារជីវិតពីបទឆបោកសរុបចំនួន ២៧ ពាន់លានដុល្លារអាមេរិក។

ឡាន បានប្តឹងឧទ្ធរណ៍សាលក្រមនោះ ហើយតុលាការបានសម្រេចថាគ្មានមូលដ្ឋានដើម្បីកាត់បន្ថយទោសរបស់នាង ប៉ុន្តែបាននិយាយថានាងនៅតែអាចគេចផុតពីការប្រហារជីវិតបានប្រសិនបើនាងសងត្រឡប់មកវិញនូវបីភាគបួននៃទ្រព្យសម្បត្តិដែលបានលួចទាំងអស់។

ឥឡូវនេះ នាងកំពុងប្តឹងឧទ្ធរណ៍ពីសាលក្រមនៃការជំនុំជម្រះក្តីលើកទីពីរកាលពីខែតុលា ដែលនាងត្រូវបានផ្តន្ទាទោសជាប់ពន្ធនាគារអស់មួយជីវិតពីបទល្មើសចំនួនបី។

បណ្តឹងឧទ្ធរណ៍ត្រូវបានគ្រោងនឹងចាប់ផ្តើមនៅថ្ងៃអង្គារ ហើយនឹងបន្តរហូតដល់ថ្ងៃទី២១ ខែមេសា ហើយឡាននឹងត្រូវបានការពារដោយមេធាវី៨នាក់ គេហទំព័រព័ត៌មានរបស់រដ្ឋ VNExpress បាននិយាយកាលពីថ្ងៃសៅរ៍។

ស្ត្រីវ័យ ៦៨ឆ្នាំរូបនេះត្រូវបានរកឃើញថាមានទោសពីបទសម្អាតប្រាក់ចំនួន ១៧,៧ ពាន់លានដុល្លារអាមេរិក និងការជួញដូរខុសច្បាប់ឆ្លងដែនចំនួន ៤,៥ ពាន់លានដុល្លារអាមេរិក។

នាងក៏ត្រូវបានរកឃើញថាមានទោសពីបទឆបោកចំនួន ១,២ ពាន់លានដុល្លារអាមេរិកផងដែរ។

មនុស្ស ២៧ នាក់ផ្សេងទៀតក៏នឹងប្តឹងឧទ្ធរណ៍ពីការផ្តន្ទាទោសរបស់ពួកគេផងដែរ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានឱ្យដឹង។

អំឡុងពេលនៃការជំនុំជម្រះក្តីលើកដំបូងរបស់នាងកាលពីខែមេសា ឡានត្រូវបានរកឃើញថាមានទោសពីបទរំលោភយកទ្រព្យសម្បត្តិចំនួន ១២,៥ ពាន់លានដុល្លារអាមេរិក ប៉ុន្តែព្រះរាជអាជ្ញាបាននិយាយថាការខូចខាតសរុបដែលបណ្តាលមកពីការឆបោកមានចំនួន ២៧ ពាន់លានដុល្លារអាមេរិក ដែលស្មើនឹងប្រមាណ ៦ ភាគរយនៃផលិតផលក្នុងស្រុកសរុបឆ្នាំ២០២៣ របស់ប្រទេសនេះ។

ឡានកាន់កាប់ត្រឹមតែ ៥ ភាគរយនៃភាគហ៊ុនក្នុង SCB លើក្រដាសប៉ុណ្ណោះ ប៉ុន្តែក្នុងការជំនុំជម្រះក្តីរបស់នាង តុលាការបានសន្និដ្ឋានថា នាងត្រួតត្រាលើសពី ៩០ ភាគរយយ៉ាងមានប្រសិទ្ធភាពតាមរយៈក្រុមគ្រួសារ មិត្តភក្តិ និងបុគ្គលិក។

មនុស្សរាប់ម៉ឺននាក់ដែលបានវិនិយោគប្រាក់សន្សំរបស់ពួកគេក្នុងធនាគារបានបាត់បង់ប្រាក់ ដែលធ្វើឱ្យមានការភ្ញាក់ផ្អើលដល់ប្រទេសកុម្មុយនិស្តនេះ និងបណ្តាលឱ្យមានការតវ៉ាកម្រពីសំណាក់ជនរងគ្រោះ៕

ប្រភព៖ AFP/dy