ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ក្នុងឱកាសឆ្នាំថ្មី ឆ្នាំខ្មែរឆ្នាំម្សាញ់ពស២៥៦៨ គស២០២៥ ខាងមុខនេះ គណៈបញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានធ្វើការណែនាំមួយចំនួន។
ក្នុងនោះខេត្តធ្វើការហាម ការលែងល្បែងស៊ីសង ល្បែងភ្នាល់ផ្សេងៗ ល្បែងជះទឹកមានពណ៌ ទឹកកខ្វក់ គប់ស្បោងទឹក លាបធ្យោង ប៉ាតម្សៅ ដល់អ្នកដំណើរតាមដងផ្លូវ ត្រូវជាដាច់ខាត។
គួរបញ្ជាក់ផងដែរថា ពិធីបុណ្យចូលឆ្នាំថ្មី សប្ដស័ក ព.ស.២៥៦៩ គ.ស.២០២៥ តាមដំណើរសង្ក្រាន្តឆ្នាំនេះ ពិធីបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ ថ្ងៃនៅថ្ងៃចន្ទ ២រោច ខែចេត្រ ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ វេលាម៉ោង៤:៤៨ នាទីទៀបភ្លឺ រំលងអធ្រាត្រ នៃយប់ថ្ងៃទី១៣ ជាថ្ងៃចូលឆ្នាំថ្មី ទេវតាឆ្នាំថ្មី ព្រះនាម គោរាគទេវី ត្រូវចូលមកកាន់តំណែងថ្មី។
ក្នុងខេត្តបន្ទាយមានជ័យមាន មានការជួបជុំ គ្រួសារញាតិមិត្តទាំង៧ សន្ដាន ដើម្បីបង្កើននូវមនោសញ្ចេតនាគោរពស្រឡាញ់ជាភាតរភាព សាមគ្គីភាព ស្និទ្ធស្នាលយ៉ាងខ្លាំងក្រោយពីបែកគ្នាពេញមួយ១ឆ្នាំ។
គណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ចាប់ពីថ្ងៃទី១៤ដល់១៧ ខែមេសា ឆ្នាំ២០២៥នោះ គ្រប់បណ្តាមន្ទីរ អង្គភាព ទីវត្តអារាម សាលារៀន រោងចក្រ សហគ្រាស និងគ្រប់គេហដ្ឋាន ត្រូវ រៀបចំសំអាត អនាម័យ ដោយបាញ់លាងនឹងសាប៊ូ តាមទីធ្លាក្នុងអគារជាដើម ព្រមទាំងមានការតុបតែងលំអ រំលេចដោយមានបដា ពាក្យស្លោក ទង់ជាតិ ទង់ជ្វាលា គ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀនធូប ថ្វាយព្រះរតនត្រ័យ និងរៀបចំពលីការឲ្យសមរម្យ មាននំ ចំណី ផ្លែឈើ ដើម្បីទទួលទេវតា ឆ្នាំថ្មី ព្រះនាមគោរាគទេវី ។
ចំណែកស្នងការដ្ឋាននគរបាលខេត្ត បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត បញ្ជាការដ្ឋានតំបន់ប្រតិបត្តិ ការសឹករងខេត្ត កងកម្លាំងឈរជើងក្នុងខេត្ត គណៈបញ្ហាការឯកភាពរដ្ឋបាលគ្រប់ក្រុង-ស្រុក ត្រូវមានផែនការណែនាំជាក់ស្តែង ដល់អង្គភាពក្រោមឱវាទ មានចាត់តាំងក្រុមប្រចាំការយាម២៤ម៉ោង លើ២៤ម៉ោង។
.
ម្យ៉ាងទៀត ត្រូវលើកកម្ពស់ស្មារតីប្រុងប្រយ័ត្ន ក្នុងការដុតទៀន ធូប ភ្លើងចង្ក្រាន ឬប្រើប្រាស់គ្រឿងឆេះផ្សេងៗ ដែលនាំឲ្យមានអគ្គិភ័យ និងទប់ស្កាត់ការដុតផាវ គ្រឿងផ្ទុះ គ្រាប់រំសេវ ដែលនាំឲ្យមានគ្រោះថ្នាក់ដល់អាយុជីវិត និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គមជាដើម។
គណៈបញ្ជាការឯកភាពខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា :មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តត្រូវបំផុសក្នុងការចាត់តាំងលេងល្បែងប្រជាប្រិយកំសាន្ត តាមទីសាធារណៈ និងចលនាប្រជាពលរដ្ឋចូលរួមឲ្យបានផុលផុសក្នុងការលេងល្បែងប្រជាប្រិយ។
ដូចជាចោលឈូង បោះអង្គុញ ទាញព្រ័ត្រ ទាត់សី លាក់កន្សែង រាំកំសាន្តសប្បាយ តាមរមណីយដ្ឋានប្រវត្តិសាស្តនានា តាមទីវត្តអារាម ទីប្រជុំជន ភូមិ ឃុំ សង្កាត់ តាមទម្លាប់នៃតំបន់នីមួយៗ ដើម្បីអប់រំ និងបង្ហាញឲ្យ យុវវ័យជំនាន់ក្រោយបានយល់ដឹង និងឃើញ ហើយបន្តវេនរក្សាឲ្យបានគង់វង្ស នូវប្រពៃណីដ៏ល្អបវររបស់ ជាតិយើង។
មន្ទីរធម្មការ និងសាសនាខេត្ត ត្រូវ ណែនាំ ដល់អង្គភាពក្រោមឱវាទ រៀបចំពិធីសាសនាគ្រប់វត្តអារាមឲ្យបានសមស្របតាមប្រពៃណីសាសនា ប្រពៃណីជាតិប្រកបដោយបរិយាកាសរីករាយដូចជា សំអាតបរិស្ថានក្នុងវត្ត សម្អាតព្រះពុទ្ធបដិមា ដោយបាញ់លាងនឹងសាប៊ូ ពិធីពូនភ្នំខ្សាច់ ពិធីស្រង់ទឹកព្រះសង្ឃ ស្រង់ទឹកសីលវន្ត សីលវតី មាតាបិតា ចាស់ព្រឹទ្ធាចារ្យជាដើម ហើយត្រូវយកចិត្តទុកដាក់អំពាវនាវពុទ្ធបរិស័ទឲ្យចាត់តាំងប្រារព្ធពិធី បង្សុកូលឧទ្ទិសកុសលដល់បដិសន្ធិវិញ្ញាណរបស់បងប្អូនជនរួមជាតិដែលបានស្លាប់បាត់បង់ជីវិតក្នុងរបបប្រល័យពូជសាសន៍នៅតាមបូជនីយដ្ឋាន ស្តូប ដែលមានតម្កល់អដ្ឋិធាតុរបស់អ្នកទាំងនោះ ។
មន្ទីរទេសចរណ៍ខេត្ត ត្រួតពិនិត្យរាល់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន រមណីយដ្ឋាននានា តុបតែងលំអ បង្កលក្ខណៈសំដៅទាក់ទាញ ភ្ញៀវទេសចរជាតិ អន្តរជាតិ ដែលមកលេងកំសាន្តនិងស្នាក់នៅ៕
