ដោយ : បន្ទាយ

បន្ទាយមានជ័យ: កាលពីវេលាម៉ោង១៧ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៥ មានករណីលួចស្ថានទម្ងន់ទោស ដោយសារការប្រព្រឹត្តអំពើហិង្សា (ធាក់យកម៉ូតូ) កើតឡើងនៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ បង្កឡើងដោយជនសង្ស័យ១ក្រុម ពុំស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពធាក់ផ្ដួលដើម្បីយកម៉ូតូ របស់ជនរគ្រោះឈ្មោះ សួន ប៊ុនធឿន ភេទប្រុស អាយុ១២ឆ្នាំ ជាសិស្សរស់នៅភូមិបារាយណ៍ ឃុំតាផូ ស្រុកស្វាយចេក បណ្តាលឱ្យដួលម៉ូតូ ហើយក្រុមជនសង្ស័យបានយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួន ។ចុងក្រោយយកទៅដាក់បញ្ចាំនៅក្រុងប៉ោយប៉ែត។
ក្រោយពីទទួលបានពាក្យបណ្ដឹងរួច កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌបានសហការជាមួយកម្លាំងជំនាញមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានធ្វើការស្រាវជ្រាវរហូតដល់វេលាម៉ោង០០ និង៣០នាទី ថ្ងៃទី២២ ខែមីនា ទើបឃាត់ខ្លួនបានជនសង្ស័យចំនួន០៦នាក់ នៅចំណុចភូមិ ក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឱ្យដឹងថា ជនសង្ស័យ ១.ឈ្មោះ សែន ស៊ឺ ភេទប្រុស អាយុ ១៥ឆ្នាំ, ២.ឈ្មោះ ឆៃ បញ្ញា ភេទប្រុស អាយុ១៦ឆ្នាំ, ៣.ឈ្មោះ ព្រឿយ ដារុង ភេទប្រុស អាយុ១៥ឆ្នាំ, ៤.ឈ្មោះ យឿម តាវ៉ាន់ ភេទប្រុស អាយុ១៥ឆ្នាំ, ៥.ឈ្មោះ វង់ សិលា ភេទប្រុស អាយុ ១៩ឆ្នាំ, ៦.ឈ្មោះ ឡង់ សុធា ភេទប្រុស អាយុ ២០ឆ្នាំ ព្រមទាំងដកហូតវត្ថុតាង ១.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៩ ពាក់ផ្លាកលេខសៀមរាប 1AF-1067 ចំនួន០១គ្រឿង (ប្រគល់ជូនជនរងគ្រោះ), ២.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០២៥ ចំនួន០១គ្រឿង, ៣.ម៉ូតូម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ផលិតឆ្នាំ២០១៦ ឡើងតែមឆ្នាំ២០១៨ ចំនួន០១គ្រឿង និងបានធ្វើតេស្តទឹកនោមមានសារធាតុញៀនចំនួន០៥នាក់ ហើយនាំមកមូលដ្ឋានកងរាជអាវុធហត្ថក្រុង ដើម្បីសួរនាំតាមនីតិវិធី។
លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានឱ្យដឹងទៀតថា ក្រោយឃាត់ខ្លួន និងសួរនាំរួច ជនសង្ស័យបានឆ្លើយសារភាពថា ក្រុមខ្លួនពិតជាបានពាក់ព័ន្ធលើករណីលួចមានស្ថានទម្ងន់ទោសដោយសារប្រព្រឹត្តអំពើហិង្សា និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនពិតប្រាកដមែន។
ដោយផ្អែកលេីចម្លេីយសារភាព និងមានវត្ថុតាងជាក់ស្តែងកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងកសាងសំណុំរឿងបញ្ជូនមកកាន់បញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តចាត់ការបន្តតាមនីតិវិធី។
លោកវរសេនីយ៍ទោ ព្រហ្ម ថេង ប្រធានមន្ទីរស្រាវជ្រាវនិងបង្ក្រាបបទល្មេីសបានឱ្យដឹងថា បច្ចុប្បន្ន ការបង្ក្រាបករណីខាងលើនេះ ក៏ទទួលបានការអនុញ្ញាតពីលោកឧត្តមសេនីយ៍ត្រី បោន ប៊ិន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យព្រហ្មទណ្ឌ កងរាជអាវុធហត្ថខេត្តបញ្ជូនទៅសាលាដំបូងខេត្តហើយ នៅសៀលថ្ងៃសៅរ៍ ទី២២ ខែមីនា ឆ្នាំ២០២៥ ដើម្បីអនុវត្តតាមនីតិវិធី៕
