កីឡា

សាឡាសនាំក្រុមអេហ្ស៊ីបស៊ុតបាល់ ខណៈក្រុមខ្លាំងៗបង្ហាញសមត្ថភាពក្នុងវគ្គជម្រុះពានរង្វាន់ពិភពលោក

ប្រែសម្រួល៖ តារា
អ្នកប្រយុទ្ធ មូហាម៉េដ សាឡាសស៊ុតបានមួយគ្រាប់ដល់ក្រុមអេហ្ស៊ីប ពេលពួកគេឈ្នះយ៉ាងស្រួលលើក្រុមអេត្យូពី ២-០ ក្នុងការប្រកួតជម្រុះពានរង្វាន់ពិភពលោកឆ្នាំ២០២៦ នាថ្ងៃសុក្រ ខណៈក្រុមមរ៉ុក ដែលឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងឆ្នាំ២០២២ ត្រូវការគ្រាប់បាល់របស់ ប៊ីឡាល់ អេល ខាន់ណូស នៅចុងម៉ោងដើម្បីឈ្នះក្រុមនីហ្សេរីយ៉ា។

ស៊ីស៊ូ ស៊ុតបានគ្រាប់ទីពីររបស់អេហ្ស៊ីប ខណៈពួកគេបើកឱ្យមានគម្លាតដ៏ធំរហូតដល់ប្រាំពិន្ទុក្នុងពូល A នៅពាក់កណ្តាលនៃយុទ្ធនាការជម្រុះ។

មុននេះបន្តិច ក្រុមប៊ូរគីណាហ្វាសូ បានយកឈ្នះក្រុមជីប៊ូទី ៤-១ ដើម្បីឡើងទៅលេខពីរក្នុងពូលដដែល។

ក្រុមដែលឈរនៅលេខមួយក្នុងចំណោមពូលទាំង៩ នឹងទទួលបានកន្លែងនៅក្នុងការប្រកួតផ្តាច់ព្រ័ត្រនៅសហរដ្ឋអាមេរិក ម៉ិកស៊ិក និងកាណាដា ចំណែកក្រុមលេខពីរល្អបំផុតបួនក្រុមនឹងចូលរួមក្នុងការប្រកួតវគ្គផ្លេអ័ពដ៏លំបាកជាមួយទ្វីបផ្សេងៗ ដើម្បីដណ្តើមកៅអីចុងក្រោយមួយ។

ក្រុមម៉ារ៉ុកមានឱកាសល្អក្នុងការលេងប្រកួត «ក្រៅទឹកដី» របស់ពួកគេជាមួយក្រុមនីហ្សេរនៅក្នុងទឹកដីខ្លួនឯងគឺក្នុងទីក្រុង Oujda ដោយសារគូប្រកួតពុំមានកីឡដ្ឋានសមរម្យដើម្បីធ្វើជាម្ចាស់ផ្ទះការប្រកួតអន្តរជាតិ។

ប៉ុន្តែពួកគេត្រូវការគ្រាប់តាមស្មើនៅនាទីទី៦០ ពី អ៊ីស្ម៉ាអែល សៃបារី បន្ទាប់មកគ្រាប់ឈ្នះនៅនាទីទី៩០+២ ពី អេល ខាន់ណូស ដើម្បីអះអាងជ័យជម្នះនិងនាំមុខពូល E ដោយមានគម្លាត៦ពិន្ទុលើក្រុមលេខពីរនីហ្សេរីយ៉ា។

រីលីបូហាយល់ ម៉ូហ្វូខេង និង ជេដិន អាដាមស៍ ស៊ុតបានគ្រាប់ដំបូងរបស់ពួកគេក្នុងការប្រកួតអន្តរជាតិ ខណៈក្រុមអាហ្វ្រិកខាងត្បូងត្រូវតស៊ូក្នុងការឈ្នះ ២-០ លើក្រុមអ្នកជិតខាងឡេសូតូនៅលើទឹកដីខ្លួនឯង ពេលដែលពួកគេឡើងទៅឈរនៅកំពូលតារាងពូល C។

ក្រុមអាហ្វ្រិកខាងត្បូងនឹងធ្វើដំណើរទៅកាន់ទីក្រុង Abidjan ដែលជាទីក្រុងអព្យាក្រឹត ដើម្បីប្រកួតជាមួយក្រុមលេខពីរបេណាំងនៅថ្ងៃអង្គារ ដែលក្រុមរបស់គ្រូបង្វឹក ហ៊ូហ្គោ ប្រូស អាចនឹងបើកឱ្យមានគម្លាតដ៏ធំក្នុងពូល។

ក្រុមនីហ្សេរីយ៉ាឈ្នះលើកដំបូងនៃយុទ្ធនាការជម្រុះក្នុងការប្រកួតលើកទី៥ ដោយទទួលបានជោគជ័យ ២-០ លើក្រុមរវ៉ាន់ដានៅទីក្រុង Kigali។ វិកទ័រ អូស៊ីមហិន ស៊ុតបាន២គ្រាប់ ដើម្បីនាំក្រុមនីហ្សេរីយ៉ាទៅដល់៦ពិន្ទុ គឺនៅពីក្រោយក្រុមអាហ្វ្រិកខាងត្បូង៤ពិន្ទុ។

ក្រុមហ្គាណា ដែលបរាជ័យក្នុងការឆ្លងផុតវគ្គជម្រុះពានរង្វាន់អាហ្វ្រិកដែលនឹងប្រព្រឹត្តទៅនៅប្រទេសម៉ារ៉ុកនៅឆ្នាំនេះ បានឡើងទៅកំពូលតារាងពូលរបស់ពួកគេដោយវាយបកក្រុមឆាដ ៥-០ នៅទីក្រុង Accra។

អង់តួន សេមេនយ៉ូ, អ៊ីណាគី វីលៀមស៍, ចដាន អាយ៉ូ, មូហាម៉េដ សាលីស៊ូ និង អឺណេស ណួម៉ា ទាំងអស់គ្នាស៊ុតបានគ្រាប់ឱ្យក្រុមម្ចាស់ផ្ទះដែលនាំមុខក្រុមម៉ាដាហ្គាស្ការក្នុងពូល I ដោយគម្លាត២ពិន្ទុ។

• ក្រុមដំរីឡើងទៅកំពូលតារាង

ក្រុមកូតឌីវ័រឡើងទៅកាន់កំពូលតារាងនៃពូលរបស់ពួកគេ ពេលដែលពួកគេទទួលបានជ័យជម្នះតឹងតែង ១-០ លើក្រុមប៊ូរុនឌី ក្នុងការប្រកួតដែលធ្វើឡើងនៅប្រទេសម៉ារ៉ុក។
អេវ៉ាន ហ្គេស្សង់ ស៊ុតបានគ្រាប់ដំបូងរបស់គាតសម្រាប់ក្រុមកូតឌីវ័រ ដើម្បីសម្រេចលទ្ធផលប្រកួត។

មូហាម៉េដ អាមួរ៉ា ស៊ុតបាន២គ្រាប់ពេលក្រុមអាល់ហ្សេរីឈ្នះ ៣-១ នៅប្រទេសបុតស្វាណា ដើម្បីឡើងទៅឈរលើពូល G ដោយប្រៀបនៃគ្រាប់បាល់ច្រើនជាងក្រុមម៉ូសំប៊ិក។ អាមីន ហ្គូរី ស៊ុតបានគ្រាប់បើកឆាកឱ្យក្រុមភ្ញៀវ។

ក្រុមហ្គីណេត្រូវបានទប់ស្កាត់ដោយលទ្ធផលស្មើគ្មានគ្រាប់ជាមួយក្រុមខ្សោយសូម៉ាលី ក្នុងទីក្រុង Abidjan ដែលជាតំបន់អព្យាក្រឹត ហើយនេះជាការអាក់អនិត្ថចំពោះឱកាសរបស់ពួកគេ។

ក្រុមសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោយកឈ្នះលើក្រុមស៊ូដង់ខាងត្បូង ដោយសារគ្រាប់បាល់របស់ ធីអូ បុងហ្គុនដា នៅពាក់កណ្តាលតង់ទីមួយ ខណៈពួកគេឡើងទៅកាន់លេខពីរក្នុងពូល B ពីក្រោយក្រុមអ្នកនាំមុខស៊ូដង់ ដែលនឹងប្រកួតជាមួយក្រុមសេណេហ្គាល់នៅថ្ងៃសៅរ៍។

អេមីលីអូ អិនស៊ូ ស៊ុតបានមួយគ្រាប់នៅពេលត្រឡប់មកលេងឱ្យក្រុមហ្គីណេអេក្វាទ័រ ក្នុងការឈ្នះ ២-០ លើក្រុមខ្សោយសៅតូមេនិងព្រីនស៊ីប។

អិនស៊ូត្រូវបានព្យួរការលេងរយៈពេល៦ខែដែលដាក់ដោយសហព័ន្ធបាល់ទាត់អន្តរជាតិ (FIFA) ក្រោយពីត្រូវបានសម្រេចថាគាត់មិនមានសិទ្ធិតំណាងឱ្យប្រទេសអាហ្វ្រិកកណ្តាល បើទោះបីជាគាត់ជាអ្នកស៊ុតគ្រាប់បាល់ច្រើនជាងគេក្នុងប្រវត្តិសាស្ត្រប្រទេសនេះក៏ដោយ៕

ប្រភព៖ Reuters