ដោយ : បន្ទាយ

បាត់ដំបង ៖ មានកិច្ចប្រជុំបូកសរុបផ្សព្វផ្សាយលទ្ធផលការងារយោធាសន្តិសុខឆ្នាំ២០២៤ និងទិសដៅអនុវត្តបន្តឆ្នាំ២០២៥ នៅទីបញ្ជាការវរសេនាតូចវិស្វកម្ម យោធភូមិភាគទី៥ នាខេត្តបាត់ដំបង កាលពីថ្ងៃទី២១ខែមីនា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា មេបញ្ជាការរង យោធភូមិភាគទី៥ បានអញ្ជើញជាអធិបតីក្នុងពិធីនោះ។
នាឱកាសនេះ មេបញ្ជាការរងបាននិយាយថា :នេះជាឱកាសក្នុងការរួមគ្នាពិភាក្សា ផ្លាស់ប្តូរយោបល់ បទពិសោធ និងអនុសាសន៍ល្អៗ កែលម្អចំណុចខ្វះខាត និងរកឱ្យឃើញបញ្ហាប្រឈមនានា ដើម្បីរកគន្លឹះដោះស្រាយសម្រាប់ជាត្រីវិស័យតម្រង់ទិស និងដាក់ចេញវិធានការគន្លឹះ សំដៅសម្រេចបានស្នាដៃជាច្រើនទៀតក្នុងឆ្នាំ២០២៥នេះ ។
ក្នុងនោះ មេបញ្ជាការរង យោធភូមិភាគទី៥ បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ នាយ និងពលទាហានទាំងអស់ ត្រូវលើកកម្ពស់ដាច់ខាតនូវស្មារតីការពារ ឯករាជ្យ បូរណភាពទឹកដី ការពាររដ្ឋធម្មនុញ្ញ ការពារព្រះមហាក្សត្រ ការពាររាជរដ្ឋាភិបាលស្របច្បាប់ និងការពារសន្តិភាពឱ្យបានគង់វង្ស។
លោកឧត្តមសេនីយ៍ទោ ភ្លន់ តារា បានបន្ថែមថា ត្រូវពង្រឹងគោលជំហរ និងប្រឆាំងដាច់ខាតនូវរាល់ចលនាបដិវត្តពណ៌ និងបណ្តាចលនាផ្សេងៗរបស់ក្រុមជ្រុលនិយម មិនឱ្យកើតមាននៅកម្ពុជា ។
ទន្ទឹមនឹងនេះ ត្រូវយកចិត្តទុកដាក់លើការងាររៀនសូត្រជំនាញផ្សេងៗ ដើម្បីពង្រឹងនិងពង្រីកសមត្ថភាពរបស់កងទ័ព៕
