ប្រីជវ៉តធឺរ រដ្ឋញូជឺសុី៖ ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែមីនា) បានដកយកសិទ្ធិចូលមើលព័ត៌មានសម្ងាត់ពីអតីតអនុប្រធានាធិបតី កាម៉ាឡា ហារីស អតីតរដ្ឋមន្ត្រីក្រសួងការបរទេស ហីលឡារី គ្លីនតុន និងអ្នកដទៃទៀត ក្នុងចំណាត់ការចុងក្រោយរបស់លោកប្រឆាំងនឹងគូប្រជែងគណបក្សប្រជាធិបតេយ្យ។

ប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋរូបនេះ ដែលបានដកសិទ្ធិចូលមើលព័ត៌មានសម្ងាត់ពីអតីតប្រធានាធិបតី ចូ បៃដិន ផងដែរនោះ បានឈ្នះលោកស្រី គ្លីនតុន ក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០១៦ និងបានឈ្នះលោកស្រី ហារីស ក្នុងការបោះឆ្នោតកាលពីឆ្នាំមុន។
“ខ្ញុំបានសម្រេចថា វាលែងមានប្រយោជន៍ជាតិទៀតហើយសម្រាប់បុគ្គលខាងក្រោមក្នុងការចូលមើលព័ត៌មានសម្ងាត់” ត្រាំបានថ្លែងក្នុងសារតូចមួយកាលពីយប់ថ្ងៃសុក្រ ដែលក៏បានរួមបញ្ចូលឈ្មោះអតីតរដ្ឋមន្ត្រីក្រសួងការបរទេស អេនតូនី ប្លីនឃិន ផងដែរ។
ខណៈដែលការដកហូតសិទ្ធិទាំងនេះប្រហែលជាមិនមានផលប៉ះពាល់ភ្លាមៗទេ វាជាសញ្ញាមួយទៀតនៃការបែកបាក់នយោបាយដែលកំពុងកើនឡើងនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ខណៈដែលត្រាំស្វែងរកការសងសឹកចំពោះអ្នកដែលលោកមើលឃើញថាជាសត្រូវ។
សារតូចនេះត្រូវបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីត្រាំបានទៅដល់អចលនទ្រព្យកីឡាហ្គោល Bedminster របស់លោកនៅរដ្ឋញូជឺសុី សម្រាប់ចុងសប្តាហ៍។
ត្រាំក៏បានកំណត់គោលដៅទៅលើអតីតតំណាងរាស្ត្រគណបក្សសាធារណរដ្ឋ លីស ឈេនី ដែលជាអ្នករិះគន់ដ៏ខ្លាំងមួយរូបលើលោកត្រាំ អតីតទីប្រឹក្សាសន្តិសុខជាតិនៃសេតវិមានរបស់បៃដិន ចាក់ សុីលីវ៉ាន និង ហ្វីអូណា ហីល ជាអ្នកជំនាញរុស្សុីដែលបានបម្រើការនៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិរបស់លោកអំឡុងអាណត្តិទីមួយរបស់លោក។
ម៉ាក់ សេដ ដែលជាមេធាវីផ្នែកសន្តិសុខជាតិនៅវ៉ាស៊ីនតោន ជាតំណាងអ្នកបង្ហាញព័ត៌មានសម្ងាត់ និង អាដាម គីនស៊ីនហ្គឺរ អតីតសមាជិកសភាគណបក្សសាធារណរដ្ឋដែលជាអ្នករិះគន់ត្រាំយ៉ាងខ្លាំង គឺស្ថិតក្នុងចំណោមអ្នកដទៃទៀតដែលត្រូវបានដកហូតសិទ្ធិចូលមើលព័ត៌មានសម្ងាត់។
លោកបានដកហូតសិទ្ធិចូលមើលព័ត៌មានសម្ងាត់ពីបៃដិនរួចហើយ ដោយបដិសេធការចូលមើលព័ត៌មានសម្ងាត់ដែលជាប្រពៃណីសម្រាប់អតីតប្រធានាធិបតី។
អតីតប្រធានាធិបតីសហរដ្ឋអាមេរិកតាមប្រពៃណីតែងតែទទួលបានការសង្ខេបព័ត៌មានសម្ងាត់ ដើម្បីឱ្យពួកគេអាចផ្តល់ដំបូន្មានដល់ប្រធានាធិបតីកំពុងកាន់តំណែងអំពីសន្តិសុខជាតិនិងគោលនយោបាយការបរទេស។
ក្នុងឆ្នាំ២០២១ បៃដិនបានដកហូតសិទ្ធិចូលមើលព័ត៌មានសម្ងាត់ពីត្រាំ ដែលនៅពេលនោះជាអតីតប្រធានាធិបតី៕
ប្រភព៖ រ៉យទ័រ/gs
