សន្ដិសុខសង្គម

ចាប់ខ្លួនបានហើយករណីម្ចាស់ប្រុសបង្ខំរំលោភនិងគំរាមក្មេងស្រីអនីតិជនកូនឈ្នួលនៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង

ដោយ : បន្ទាយ 

កំពង់ឆ្នាំង : ដោយអនុវត្តតាមដីការបស់សាលាដំបូងខេត្តកំពង់ឆ្នាំង សមត្ថកិច្ចការិយាល័យជួញដូរមនុស្សនិងការពារអនីតិជននៃស្នងការដ្ឋាននគរបាលខេត្ត បានឃាត់ខ្លួនបុរសម្នាក់ករណីរួមភេទជាមួយនឹងអនីតិជនបញ្ជូនទៅតុលាការ នៅព្រឹកថ្ងៃទី២០ខែមីនា ឆ្នាំ២០២៥ ។នេះបើតាមសមត្ថកិច្ចបានឲ្យដឹងកាលពីថ្ង២១ខែមីនាឆ្នាំ២០២៥ ។

ជនជាប់ចោទនោះមានឈ្មោះប៉ាង គឹមចាន់ អាយុ៤០ឆ្នាំ មានទីលំនៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

សមត្ថកិច្ចបន្តថា យោងតាមម្តាយនិងកុមារីរងគ្រោះឈ្មោះ ឃ.ហ អាយុ១៤ ឆ្នាំ បានរៀបរាប់ថា : គាត់បានប្តឹងជនសង្ស័យឈ្មោះប៉ាង គឹមចាន់ អាយុប្រហែល ៤០ឆ្នាំពីបទ៖ រំលោភសេពសន្ថវៈ និងបង្ខាំងមនុស្សខុសច្បាប់និងគំរាមសម្លាប់ ដែលប្រព្រឹត្តកាលពីថ្ងៃទី២៥ខែតុលា ឆ្នាំ២០២៤ នៅភូមិកំពង់ប្រាសាទ ឃុំសែប ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។

ក្មេងស្រីរងគ្រោះបានទៅស៊ីឈ្នួលតាមផ្ទះ នៅផ្ទះរបស់ជនសង្ស័យ បានរយៈពេលកន្លះខែ ។
បន្ទាប់មក ឈ្មោះ ប៉ាង គឹមចាន់ជាថៅកែ បានដូរឲ្យទៅជួយលក់កាហ្វេនៅតូបមួយទៀត។
ក្រោយមកក៏បានដកនាងមកឲ្យជួយលក់ភីហ្សានៅផ្ទះស្ថិតនៅភូមិកំពង់ប្រាសាទវិញ ។

លុះដល់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២៤ នៅវេលាម៉ោង៤ ទៀបភ្លឺ បុរសជាម្ចាស់ផ្ទះឬថៅកែបាននិយាយលួងលោមថា នឹងឲ្យលុយ១០០ដុល្លារអាមេរិកដើម្បីរួមភេទជាមួយក្មេងស្រីរងគ្រោះដែលកំពុងដេកនៅលើគ្រែមួយក្រៅបន្ទប់ក្នុងផ្ទះ ។ប៉ុន្តែ ក្មេងស្រីមិនព្រម។ ទោះជាយ៉ាងណា ជនសង្ស័យក៏បង្ខំចាប់រំលោភនាងរហូតបានសម្រេចតែម្តង។

ពេលរំលោភរួច ជនសង្ស័យបាននិយាយអង្វរករផង សម្លុតផងថា កុំឲ្យនាងនិយាយប្រាប់គេ តែបើហ៊ាននិយាយ ខ្លួននឹងសម្លាប់ចោល។

ប្រភពបានបន្តថា : ដោយញៀនញ៉ាម នៅ៥ថ្ងៃបន្ទាប់ ជនសង្ស័យបានចាប់បង្ខំរំលោភក្មេងស្រីនោះម្ដងទៀត ហើយនិយាយសម្លុតគំរាមដូចមុន។

លុះព្រឹកឡើង ជនសង្ស័យបានយកលុយឲ្យនាងចំនួន២០ម៉ឺនរៀលបោះឲ្យនាង ពេលកំពុងអង្គុយលាងចាននិងកែវ។

ប៉ុន្តែ មួយសន្ទុះក្រោយមក ប្រពន្ធរបស់ជនសង្ស័យដឹងថាបាត់លុយ២០ម៉ឺន ទើបសួររករឿងប្តី ក៏បែកការណ៍ករណីប្តីខ្លួនចាប់រំលោភក្មេងស្រីកូនឈ្នួល។ បានដឹងហើយ ប្រពន្ធជនសង្ស័យក៏បានហាមដាច់ខាតកុំឲ្យជនរងគ្រោះនិយាយប្រាប់គេឯងឲ្យសោះ។ស្ត្រីជាប្រពន្ធនោះក៏ដកយកលុយចំនួន២០ម៉ឺនរៀលនោះពីក្មេងស្រីផងដែរ។

ដោយខ្លាចការគំរាមកំហែងពីបុរសនិងប្រពន្ធដូចខាងលើ កុមារីរងគ្រោះបន្តស៊ូទ្រាំបន្តធ្វើការងារក្នុងផ្ទះនោះរហូតគ្រប់១ខែ ហើយសុំបេីកលុយនៅថ្ងៃទី ០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ រួចក៏សុំថៅកែ ឈប់ធ្វើការ។

លុះពេលមកផ្ទះក្មេងស្រីរងគ្រោះក៏និយាយពីដំណើររឿងរំលោភនេះប្រាប់ម្តាយ ម្តាយក៏បានទៅដាក់ពាក្យបណ្តឹងនៅសមត្ថកិច្ច។

ក្រោយការស៊ើបអង្កេត ធ្វើកោសលវិច័យនគរបាលជំនាញបានស្នើសុំដីចាប់ខ្លួនជនសង្ស័យពីអយ្យការនិងចៅក្រមនៃតុលាការខេត្តកំពង់ឆ្នាំង ។

ហេតុនេះ ពេលនេះសមត្ថកិច្ចបានឈានដល់ចាប់ខ្លួនជនសង្សយបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន រង់ចាំកាត់ទោសដើម្បីផ្តល់យុត្តិធម៌ដល់ជនរងគ្រោះ៕