ប្រែសម្រួល៖ តារា

អាកាសយានដ្ឋានហីថ្រូរបស់ចក្រភពអង់គ្លេសកាលពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែមីនា) បានប្រកាសថានឹងបិទរហូតដល់អធ្រាត្របន្ទាប់ពីមានបញ្ហា “ការដាច់ចរន្តអគ្គិសនីធ្ងន់ធ្ងរ” ដោយសារមានអគ្គិភ័យនៅស្ថានីយអគ្គិសនីនៅក្បែរខាងដែលផ្គត់ផ្គង់ចរន្តអគ្គិសនីដល់អាកាសយានដ្ឋាន។
ការបិទនេះគឺ “ដើម្បីរក្សាសុវត្ថិភាពអ្នកដំណើរនិងមិត្តរួមការងាររបស់យើង” អាកាសយានដ្ឋានហីថ្រូបានបញ្ជាក់ក្នុងសារមួយនៅលើបណ្តាញ X ដោយបន្ថែមថាអ្នកដំណើរត្រូវបានណែនាំមិនឱ្យធ្វើដំណើរទៅអាកាសយានដ្ឋានក្រោមកាលៈទេសៈណាមួយឡើយរហូតដល់ពេលបើកដំណើរការឡើងវិញ។
ក្រុមពន្លត់អគ្គិភ័យកំពុងឆ្លើយតបទៅនឹងគ្រោះថ្នាក់នេះ ប៉ុន្តែមិនមានភាពច្បាស់លាស់ថាពេលណាចរន្តអគ្គិសនីអាចត្រូវបានស្តារឡើងវិញដោយទុកចិត្តបានទេ អ្នកនាំពាក្យអាកាសយានដ្ឋានហីថ្រូបានប្រាប់សារព័ត៌មាន Reuters តាមអ៊ីមែល។ អ្នកនាំពាក្យបានបន្ថែមថាការរំខានគួរឱ្យកត់សម្គាល់អាចនឹងកើតមានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។
Eurocontrol ដែលគ្រប់គ្រងប្រតិបត្តិការត្រួតពិនិត្យចរាចរណ៍ផ្លូវអាកាសនៅទូទាំងអឺរ៉ុប បានឱ្យដឹងតាមគេហទំព័រប្រតិបត្តិការរបស់ខ្លួនថា មិនមានការអនុញ្ញាតឱ្យយន្តហោះចុះចតនៅហីថ្រូទេដោយសារការដាច់ចរន្តអគ្គិសនី ហើយមានផែនការប្តូរទិសយន្តហោះចេញ។
ហីថ្រូគឺជាអាកាសយានដ្ឋានអន្តរជាតិមមាញឹកជាងគេលំដាប់ទីពីរនៅលើពិភពលោកក្នុងឆ្នាំ២០២៤ បន្ទាប់ពីទីក្រុងឌូបៃ បើយោងតាមក្រុមហ៊ុនទិន្នន័យការធ្វើដំណើរ OAG។
ក្រុមពន្លត់អគ្គិភ័យឡុងដ៍បានឱ្យដឹងថា ក្រុមរបស់ពួកគេកំពុងប្រយុទ្ធប្រឆាំងនឹងអគ្គិភ័យនៅ Hayes នៅភាគខាងលិចទីក្រុងឡុងដ៍ ហើយបានជម្លៀសប្រជាជនប្រមាណ ១៥០ នាក់ជាការប្រុងប្រយ័ត្ន។ រថយន្តពន្លត់អគ្គិភ័យចំនួន ១០ គ្រឿង និងមន្ត្រីពន្លត់អគ្គីភ័យប្រមាណ ៧០ នាក់ត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ។
“នេះគឺជាឧប្បត្តិហេតុធ្ងន់ធ្ងរមួយដែលមើលឃើញយ៉ាងច្បាស់ ហើយមន្ត្រីពន្លត់អគ្គិភ័យរបស់យើងកំពុងធ្វើការយ៉ាងមិនចេះហត់នៅក្នុងលក្ខខណ្ឌដ៏លំបាកដើម្បីទប់ស្កាត់អគ្គិភ័យនេះឱ្យបានឆាប់តាមដែលអាចធ្វើបាន” អ្នកជំនួយការឧត្តមការី Pat Goulbourne បានឱ្យដឹង។
“អគ្គិភ័យនេះបានបណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីដែលប៉ះពាល់ដល់ផ្ទះសម្បែងជាច្រើន និងអាជីវកម្មក្នុងសហគមន៍ ហើយយើងកំពុងធ្វើការយ៉ាងជិតស្និទ្ធជាមួយដៃគូរបស់យើងដើម្បីកាត់បន្ថយការរំខាន។”
លោកក៏បានឱ្យដឹងផងដែរថា ប្រតិបត្តិការនេះនឹងជា “ឧប្បត្តិហេតុយូរអង្វែង” ដោយក្រុមនឹងនៅបន្តការងារនៅទីតាំងនោះពេញមួយយប់។
នេះគឺជាព័ត៌មានកំពុងបន្ត សូមរង់ចាំការធ្វើបច្ចុប្បន្នភាព៕
ប្រភព៖ Reuters/CNA/zl
