ភ្នំពេញ ៖ កម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់ថ្នាក់ដឹកនាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជន នៅមន្ទីរពេទ្យកាល់ម៉ែត បានប្រព្រឹត្តឡើងដោយមានអ្នកចូលរួមបរិច្ចាគឈាមពីអ្នកស្ម័គ្រចិត្ត និងសប្បុរសជន ប្រមាណ ជាង៤០០ នាក់ ដោយទទួលបានអំណោយឈាមប្រមាណ ៤៥៦ ប្លោក ។ ពិធីនេះប្រារព្ធឡើងនៅមន្ទីរពេទ្យកាល់ម៉ែត នាថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីនេះទទួលបានការចូលរួមក្រោមអធិបតីភាព ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល, ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត, លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់), លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម, និងវត្តមានថ្នាក់នាំ មន្ត្រីរាជការ-បុគ្គលិក និងសប្បុរសជនស្ម័គ្រចិត្ត។
ឯកឧត្តមសាស្ត្រាចារ្យ គង់ សន្យា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត មានប្រសាសន៍ថា គិតមកត្រឹមពេលនេះ ជាលើកទី ១១ ហើយដែលមន្ទីរពេទ្យកាល់ម៉ែត្រ បានសហការរៀបចំកម្មវិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តដោយមានការចូលរួមពីថ្នាក់ដឹកនាំ មន្ត្រីរាជការ សប្បុរសជន និងសាច់ញាតិអ្នកជំងឺដែលនេះបានបង្ហាញក្តីស្រឡាញ់ដ៏ជ្រះថ្លាក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺ ។ ឯកឧត្តមក៏បានសម្តែងនូវអំណរគុណចំពោះ មូលនិធិ ២៥រៀល វីតាល់ ដែលបានចូលរួមជានិច្ចក្នុងការសហការរៀបចំពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្ត របស់មន្ទីរពេទ្យកាល់ម៉ែត ជារៀងរាល់ឆ្នាំ មិនដែលខកខាន ។
លោកជំទាវ ជឹង សុគន្ធាវី នាយិកាប្រតិបត្តិក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី ឯ.ក (វីតាល់) បានមានប្រសាសន៍ថាមូលនិធិ២៥រៀល វីតាល់ នឹងបន្តបេសកម្មចូលរួមឧបត្ថម្ភគាំទ្រជានិច្ចនូវយុទ្ធនាការចុះប្រមូលអំណោយឈាម របស់មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងគ្រប់រូបភាព ដើម្បីរួមគ្នារក្សាសន្និធិឈាមសុវត្ថិភាពសម្រាប់អ្នកជំងឺប្រើប្រាស់ ។ ជាមួយគ្នានេះយើងខ្ញុំ សូមអំពាវដល់ស្ថាប័ន អង្គភាពរដ្ឋ និងឯកជន សូមបន្តចូលរួមយ៉ាងសកម្មក្នុងការរៀបចំកម្មវិធីបរិច្ចាគឈាមឱ្យបានផុលផុសដើម្បីជាចលករជំរុញដល់វប្បធម៍នៃការរួមគ្នាបរិច្ចាគឈាម ដើម្បីសង្គ្រោះមនុស្សជាតិ។ លោកជំទាវបន្តថា ដូចអ្វីដែលបានកំពុងរៀបចំនាពេលនេះ វីតាល់ និងមូលនិធិ ២៥រៀល ប្តេជ្ញានឹងបន្តចូលរួមឧបត្ថម្ភគាំទ្រដល់សកម្មភាពការងារ របស់មជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងដំណើរការប្រមូលឈាម រួមទាំងយុទ្ធនាការ នៃការចុះប្រមូលផ្តល់អំណោយឈាម ដែលឈានទៅដល់ការពង្រីកវិសាលភាពប្រមូលឈាមបន្ថែមនៅតាមបណ្ដាខេត្ត នាថ្ងៃអនាគតផងដែរ។
លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម ក៏បានមានប្រសាសន៍ឱ្យដឹងដែរថា ការចូលរួមបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់សប្បុរសជន គឺជាការបង្កើតទម្លាប់ និងវប្បធម៌នៃការចែករំលែកសកម្មភាពមនុស្សធម៌ដ៏ប្រពៃនៅក្នុងសង្គមជាតិ ។ ការបរិច្ចាគឈាមមិនត្រឹមតែផ្តល់អត្ថប្រយោជន៍ចំពោះសុខភាពប៉ុណ្ណោះទេ តែថែមទាំងជួយសង្គ្រោះជីវិតអ្នកជំងឺចាំបាច់ទៀតផង តួយ៉ាងមានអ្នកជំងឺត្រូវការឈាមជារៀងរាល់ ៦ នាទីម្តង។
ឯកឧត្តមសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានសម្តែងនូវក្តីសោមន្សនៃទឹកមមុខស្នាម ញញឺមរបស់សប្បុរសជនស្ម័គ្រចិត្តបរិច្ចាគឈាមសបញ្ជាក់ពីការយល់ដឹងនូវគុណតម្លៃនៃការបរិច្ចាគឈាមជួយសង្គ្រោះជីវិតអ្នកជំងឺយ៉ាងប្រពៃ ។ ឯកឧត្តមក៏បានកោតសសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមយ៉ាងសកម្មនិងជានិច្ចរបស់មូលនិធិ២៥រៀល វីតាល់ក្នុងការចូលរួមរៀបចំសកម្មភាពប្រចាំឆ្នាំនៃពិធីបរិច្ចាគឈាមដោយស្ម័គ្រចិត្តរបស់ថ្នាក់ដឹកនាំមន្ត្រីរាជការ-បុគ្គលិកនិងសប្បុរសជននៃមន្ទីរពេទ្យកាលម៉ែត ។
គួរបញ្ជាក់ផងដែរថា រាល់សកម្មភាពសប្បុរស និងការចូលរួមសកម្មភាពសង្គម របស់វីតាល់ អាចកើតឡើងក៏ដោយសារការគាំទ្រ ពីសំណាក់អតិថិជននិងអ្នកប្រើប្រាស់ ដែលជានិច្ចកាលវីតាល់បានបន្តរក្សាបេសកម្មក្នុងការកាត់ប្រាក់ចំណេញ២៥៛ ពីវីតាល់១ដប។ វីតាល់ នឹងបន្តរក្សានូវមូលដ្ឋាននៃការឧបត្ថម្ភគាំទ្រក្នុងគ្រប់សកម្មភាព និងយុទ្ធនាការ នៃការបរិច្ចាគអំណោយឈាមដោយស្ម័គ្រចិត្តពីគ្រប់ស្ថាប័នដើម្បីចូលរួមចំណែកក្នុងការជួយសង្គ្រោះជីវិតអ្នកជំងឺដែលត្រូវការឈាមបន្ទាន់ក្នុងព្រះរាជាណាចក្រកម្ពុជា ៕
