ដោយ៖ កំចាយ

កំពតៈ រដ្ឋបាលខេត្តកំពតបាននឹងរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្តសម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិចាប់ពីថ្ងៃទី១៤ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២៥ ខាងមុខ។ តាមការរំពឹងរបស់មន្ត្រីជំនាញថាកំពតសង្ក្រាន្តឆ្នាំនេះនឹងមានអ្នកចូលរួមច្រើន ព្រោះពិធីសង្ក្រាន្តធ្វើក្នុងទ្រង់ទ្រាយធំ ឯសមិទ្ធផលទេសចរណ៍ឯករបស់ខេត្តក៏មានច្រើន ហើយពោរពេញដោយភាពទាក់ទាញ ខណៈដែលនៅតាមក្រុងស្រុក ស្ថាប័នរដ្ឋ និងឯកជនត្រូវបានលើកទឹកចិត្តឲ្យរៀបចំសង្ក្រាន្តរៀងៗខ្លួន។
លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពតមានប្រសាសន៍ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៥ រដ្ឋបាលខេត្តកំពតបានបើកកិច្ចប្រជុំត្រៀមរៀបចំព្រឹត្តិការណ៍កំពតសង្ក្រាន្ត។ កិច្ចប្រជុំបានសម្រេចកិច្ចការងារសំខាន់ៗមួយចំនួន ដូចជាការៀបចំការប្រគំតន្ត្រី ការតុបតែងលម្អទីតាំង ការលេងល្បែងរបាំប្រជាប្រិយ ការប្រគំភ្លេងប្រពៃណីបុរាណខ្មែរ ការប្រកួតកីឡាអុកចត្រង្គ ការរៀបចំតំបន់ត្រជាក់ និងកម្មវិធីកម្សាន្តសប្បាយជាច្រើនទៀត។
លោកប្រធានមន្ទីរបានបន្តថា តាមការរំពឹងទុក កំពតសង្ក្រាន្តឆ្នាំ២០២៥នេះនឹងមានភ្ញៀវទេសចរជាតិ អន្តរជាតិ បងប្អូនប្រជាពលរដ្ឋពីណ្តារាជធានីខេត្តមកលេងច្រើន ដោយសារព្រឹត្តិការណ៍កំពតសង្ក្រាន្តធ្វើក្នុងទ្រង់ទ្រាយធំ រីឯសមិទ្ធផលទេសចរណ៍ឯករបស់ខេត្តក៏មានច្រើន ហើយពោរពេញដោយភាពទាក់ទាញទៀតផង។
លោក សយ ស៊ីណុល បានបញ្ជាក់ថា ជាទម្លាប់មុនពេលបុណ្យទានធំៗ មន្ទីរតែងអញ្ជើញបងប្អូនប្រតិបត្តិករទេចរណ៍មកប្រជុំដើម្បីជំរុញលើកទឹកចិត្តឲ្យពួកគាត់ពង្រឹងការងារបដិសណ្ឋារកិច្ច គុណភាពសេវា សន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាពដល់ភ្ញៀវទេសចរ ពិសេសការគ្រប់គ្រងតម្លៃសេវាដោយហាមមិនឲ្យដំឡើងថ្លៃមិនសមហេតុផល។ ជាងនេះទៀត ដោយទទួលបានការណែនាំពីលោកអភិបាលខេត្ត មន្ទីរបាន និងកំពុងចុះអប់រំ ណែនាំដល់បងប្អូនប្រតិបត្តិករទេសចរណ៍ឲ្យយកចិត្តទុកដាក់ក្នុងការចូលរួមផ្សព្វផ្សាយវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរតាមរយៈការរៀបចំទីតាំងរបស់ខ្លួន និងស្លៀកពាក់តាមបែបប្រពៃណីជាដើម៕
