ប្រែសម្រួល៖ ស-ស្បត្តិ

ក្រុងតៃប៉ិ៖ តៃវ៉ាន់នឹងផ្តល់ការដំឡើងប្រាក់បៀវត្សរ៍ដល់សមាជិកកងកម្លាំងមួយចំនួន ក្នុងគោលបំណងដោះស្រាយបញ្ហាខ្វះកម្លាំងមនុស្ស មន្ត្រីបានឱ្យដឹងកាលពីថ្ងៃសុក្រ (២១ មីនា) ខណៈពេលដែលកោះនេះកំពុងប្រឈមនឹងសម្ពាធយោធាកាន់តែខ្លាំងពីប្រទេសចិន។
ប៉េកាំងអះអាងថាតៃវ៉ាន់ប្រជាធិបតេយ្យគឺជាផ្នែកមួយនៃទឹកដីរបស់ខ្លួន ហើយបានគំរាមប្រើប្រាស់កម្លាំងដើម្បីនាំយកកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះក្រោមការគ្រប់គ្រង។
ចិនជាទៀងទាត់បានប្រើប្រាស់យន្តហោះចម្បាំង និងនាវាចម្បាំងនៅជុំវិញកោះនេះ ហើយបានធ្វើសមយុទ្ធយោធាសំខាន់ៗច្រើនលើកចាប់តាំងពីប្រធានាធិបតី ឡៃ ឆាង-តេ ចូលកាន់តំណែងនៅក្រុងតៃប៉ិកាលពីឆ្នាំមុន។
លោក ឡៃ បានប្រកាសការដំឡើងប្រាក់បៀវត្សរ៍ ខណៈកំពុងទស្សនកិច្ចជំរំយោធានៅរាជធានីកាលពីថ្ងៃសុក្រ ហើយបានសន្យាថានឹង “បន្តថែទាំមន្ត្រីនិងទាហានដែលធ្វើការយ៉ាងលំបាកពីគ្រប់ទិដ្ឋភាព”។
ចាប់ពីថ្ងៃទី១ ខែមេសា អ្នកស្ម័គ្រចិត្តចូលបម្រើនឹងទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែបន្ថែមរហូតដល់ ៥,០០០ ដុល្លារតៃវ៉ាន់ (១៥១ ដុល្លារអាមេរិក) លើសពី ១០,០០០ ដុល្លារតៃវ៉ាន់បច្ចុប្បន្ន ខណៈដែលប្រាក់ឧបត្ថម្ភសម្រាប់សមាជិកកងកម្លាំងប្រយុទ្ធនឹងកើនឡើងលើសពីទ្វេដងដល់ ១២,០០០ ដុល្លារតៃវ៉ាន់ក្នុងមួយខែ។
“សូមយើងការពារប្រទេសជាតិជាមួយគ្នា និងធានាជីវិតប្រចាំថ្ងៃនៃសេរីភាព និងលទ្ធិប្រជាធិបតេយ្យរបស់យើង” លោក ឡៃ បានថ្លែងទៅកាន់មន្ត្រីយោធា និងនាវិកសេនាយោធានៅក្នុងជំរំ។
ការដំឡើងប្រាក់បៀវត្សរ៍និងអត្ថប្រយោជន៍ មិនមែនគ្រាន់តែជាវិធានការរយៈពេលខ្លីដើម្បីដោះស្រាយ “ការថយចុះកម្លាំងមនុស្ស” ប៉ុណ្ណោះទេ ប៉ុន្តែក៏ជា “ការវិនិយោគលើធនធានមនុស្សរយៈពេលវែង ដើម្បីនាំមកនូវស្ថិរភាពធនធានមនុស្ស និងបង្កើនប្រសិទ្ធភាព” ផងដែរ ក្រសួងការពារជាតិបានឱ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍មួយ។
គោលបំណងគឺដើម្បី “ស្ថិរភាពសមត្ថភាពការពារជាតិ… និងលើកទឹកចិត្តសមាជិកកងកម្លាំងស្ម័គ្រចិត្តឱ្យបម្រើការស្នាក់នៅរយៈពេលយូរ ខណៈពេលទាក់ទាញយុវជនឱ្យចូលរួមក្នុងកងទ័ព” សេចក្តីថ្លែងការណ៍បានបញ្ជាក់។
ការដំឡើងប្រាក់បៀវត្សរ៍នេះអនុវត្តតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថ្មីៗដែលថា ចំនួនទាហានដែលបានជ្រើសរើសចេញពីកិច្ចសន្យារបស់ពួកគេមុនពេលកំណត់ បានកើនឡើងជិតបួនដងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
កាលពីឆ្នាំមុន បុគ្គលិកយោធាស្ម័គ្រចិត្តចំនួន ១,៥៦៥ នាក់បានចាកចេញពីសេវាកម្មមុនពេលកំណត់ និងបង់ប្រាក់ពិន័យ បើប្រៀបធៀបនឹង ៤០១ នាក់នៅឆ្នាំ ២០២០។
ចំនួនបុគ្គលិកយោធាស្ម័គ្រចិត្តដែលកំពុងបម្រើការមានចំនួន ១៥២,៨៨៥ នាក់នៅខែមិថុនា ឆ្នាំ ២០២៤ ដែលជាចំនួនទាបបំផុតចាប់តាំងពីឆ្នាំ ២០១៨ មក យោងតាមក្រសួងការពារជាតិ។
លោក ឡៃ ក៏បានអំពាវនាវឱ្យគណបក្សប្រឆាំងបង្ហាញ “ការគាំទ្រដ៏ធំបំផុត” ដល់កងទ័ព និងគិតឡើងវិញអំពីផលប៉ះពាល់នៃការបង្កក និងកាត់បន្ថយថវិកាការពារជាតិរបស់កោះនេះ។
រដ្ឋាភិបាលតៃវ៉ាន់បានគ្រោងបង្កើនការចំណាយលើការការពារជាតិដល់កម្រិតកំណត់ត្រា ៦៤៧ ពាន់លានដុល្លារតៃវ៉ាន់នៅឆ្នាំ ២០២៥ ឬប្រមាណ ២,៥ ភាគរយនៃផលិតផលក្នុងស្រុកសរុប។
ទោះយ៉ាងណាក៏ដោយ ចំណុចមួយចំនួនត្រូវបានកាត់ ឬបង្កកដោយសភាដែលគ្រប់គ្រងដោយគណបក្សប្រឆាំង រួមទាំងការបង្កក ៥០ ភាគរយលើការចំណាយសម្រាប់កម្មវិធីនាវាមុជទឹក និងឧទ្យានឧស្សាហកម្មអាកាសយានគ្មានមនុស្សបើក៕
រភព៖ AFP/dc
