ប្រែសម្រួល៖ ស-សម្បតិ្ត

ក្រុងគីវ៖ ការទម្លាក់គ្រាប់បែករបស់រុស្ស៊ីនៅភាគខាងកើតអ៊ុយក្រែនបានសម្លាប់មនុស្សពីរនាក់នាយប់មិញ តាមការឱ្យដឹងរបស់អាជ្ញាធរមូលដ្ឋានកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី ២០ ខែមីនា) ខណៈដែលក្រុងម៉ូស្គូបានបញ្ជូនដ្រូនជាក្រុមធំមួយទៀត ដែលបានបង្ករបួសដល់មនុស្ស ១០ នាក់ និងបណ្តាលឱ្យមានអគ្គិភ័យរាប់រយគីឡូម៉ែត្រពីខ្សែសមរភូមិ។
ទាំងរុស្ស៊ី និងអ៊ុយក្រែនបានបង្កើនការវាយប្រហារតាមអាកាសរបស់ពួកគេ ទោះបីជាប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ កំពុងជំរុញឱ្យក្រឹមឡាំង និងគីវឯកភាពឈប់បាញ់គ្នាបន្ទាប់ពីការប្រយុទ្ធគ្នាដ៏ចំណាយធំអស់រយៈពេលជាងបីឆ្នាំក៏ដោយ។
មន្ត្រីអ៊ុយក្រែននៅតំបន់ស៊ូមី និងខាគីវភាគឦសាន បាននិយាយថា មនុស្សពីរនាក់ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀតរងរបួស បន្ទាប់ពីរុស្ស៊ីទម្លាក់គ្រាប់បែកមកលើទីក្រុងនៅតាមតំបន់ព្រំដែន។
ការវាយប្រហារដោយដ្រូនរបស់រុស្ស៊ីទៅលើទីក្រុងក្រពិណីតស្គី ដែលនៅរាប់រយគីឡូម៉ែត្រពីខ្សែសមរភូមិ បានធ្វើឱ្យមនុស្ស ១០ នាក់រងរបួស រួមទាំងកុមារបួននាក់ និងបណ្តាលឱ្យមានអណ្តាតភ្លើង និងផ្សែងឡើងពេញលើមេឃ តាមការប្រកាសរបស់មន្ត្រី។
«ក្រពិណីតស្គីបានឆ្លងកាត់ការវាយប្រហារដ៏ធំបំផុតរបស់សត្រូវ។ អគារលំនៅដ្ឋានសន្តិភាពត្រូវបានបំផ្លាញ» នេះបើតាមការប្រកាសរបស់លោកអភិបាលក្រុងតំបន់ អាន់ឌ្រី រៃកូវិច។
ក្រុមហ៊ុនផ្លូវដែកអ៊ុយក្រែន Ukrzaliznytsia បាននិយាយថា សេវាកម្មរបស់ខ្លួនត្រូវបានរំខាននៅក្នុងតំបន់ដោយសារតែការទម្លាក់គ្រាប់បែក។
«នេះគឺជារូបភាពនៃការឈប់បាញ់គ្នាពីលោកពូទីន។ រុស្ស៊ីវាយប្រហារពលរដ្ឋស៊ីវិលដោយក្តីរីករាយយ៉ាងខ្លាំង» នេះបើតាមការសរសេររបស់ទីប្រឹក្សាប្រធានាធិបតី លោកអាន់ឌ្រី យែរម៉ាក នៅលើបណ្តាញសង្គម។
កងទ័ពអាកាសអ៊ុយក្រែនបាននិយាយថា ការទម្លាក់គ្រាប់ជាក្រុមរបស់រុស្ស៊ី រួមទាំងនៅក្រពិណីតស្គី មានដ្រូនចំនួន ១៧១ គ្រឿង ហើយប្រព័ន្ធការពារតាមអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូន ៧៥ គ្រឿង។ ដ្រូនជាង ៦៣ គ្រឿងទៀតត្រូវបានទម្លាក់ដោយប្រព័ន្ធរំខានអេឡិចត្រូនិច ឬបាត់ខ្លួន។
ចំណែកឯរុស្ស៊ីវិញបាននិយាយថា អង្គភាពការពារតាមអាកាសរបស់ខ្លួនបានបាញ់ទម្លាក់ដ្រូនអ៊ុយក្រែនចំនួន ១៣២ គ្រឿងនៅតំបន់ផ្សេងៗទូទាំងប្រទេស។
តំបន់សារ៉ាតូវភាគនិរតី និងទីក្រុងអេនហ្គឺលរបស់ខ្លួន «ត្រូវបានប្រឈមមុខនឹងការវាយប្រហារដោយអ៊ីយូអេវី (ដ្រូន) ដ៏ធំបំផុតដែលមិនធ្លាប់មាននៅថ្ងៃនេះ» នេះបើតាមការប្រកាសរបស់លោកអភិបាលក្រុង រ៉ូម៉ាន់ ប៊ូសាហ្គីន ដែលបានបន្ថែមថា ការវាយប្រហារនេះបានបង្កើតឱ្យមានអគ្គិភ័យនៅមូលដ្ឋានទ័ពអាកាសអេនហ្គឺល។
ការវាយប្រហារនេះបានធ្វើឱ្យមនុស្សពីរនាក់រងរបួសនៅអេនហ្គឺល និងបំផ្លាញសាលារៀន និងមន្ទីរពេទ្យមួយ នេះបើតាមការប្រកាសរបស់គណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី៕
ប្រភព៖ AFP/dc
