អន្តរជាតិ

រដ្ឋសភាឥណ្ឌូនេស៊ីអនុម័តវិសោធនកម្មចម្រូងចម្រាសលើច្បាប់យោធា

ប្រែសម្រួល៖ ស-សម្បត្តិ

ហ្សាការតា៖ រដ្ឋសភាឥណ្ឌូនេស៊ីកាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២០ មីនា) បានអនុម័តជាច្បាប់នូវវិសោធនកម្មដែលមានការជំទាស់ទៅលើសេចក្តីព្រាងច្បាប់យោធារបស់ប្រទេស ដែលនឹងបែងចែកមុខតំណែងរដ្ឋបាលស៊ីវិលបន្ថែមទៀតសម្រាប់មន្ត្រីយោធា ហើយការតវ៉ាតាមដងផ្លូវប្រឆាំងនឹងការផ្លាស់ប្តូរទាំងនេះត្រូវបានគេរំពឹងថានឹងកើតឡើង។

សេចក្តីព្រាងច្បាប់នេះត្រូវបានរិះគន់ដោយក្រុមសង្គមស៊ីវិល ដែលលើកឡើងថា វាអាចនាំប្រទេសប្រជាធិបតេយ្យធំបំផុតទី៣ នៅលើពិភពលោក ត្រឡប់ទៅកាន់សម័យ “របៀបថ្មី” ដ៏ក្រៀមក្រំ របស់អតីតប្រធានាធិបតីមានអំណាចខ្លាំង លោក ស៊ូហាតូ ដែលមន្ត្រីយោធាគ្រប់គ្រងលើកិច្ចការស៊ីវិល។

អធិបតីសភា លោកស្រី ព័ន ម៉ាហារ៉ានី បានដឹកនាំការបោះឆ្នោតឯកច្ឆន្ទក្នុងក្រុមប្រឹក្សាពេញអង្គ និងបានអនុម័តច្បាប់ជាផ្លូវការ ដោយលើកឡើងថា វាស្របទៅតាមគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។

(ប្រធានាធិបតីឥណ្ឌូនេស៊ី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ)

ប្រធានាធិបតី ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ ដែលចូលកាន់តំណែងកាលពីខែតុលាកន្លងទៅ និងធ្លាប់ជាមេបញ្ជាការកងកម្លាំងពិសេសក្រោមការដឹកនាំរបស់លោក ស៊ូហាតូ បានពង្រីកតួនាទីរបស់កងកម្លាំងប្រដាប់អាវុធទៅក្នុងវិស័យដែលត្រូវបានចាត់ទុកថាជាវិស័យស៊ីវិល រួមទាំងកម្មវិធីសំខាន់របស់លោក គឺការផ្តល់អាហារដោយឥតគិតថ្លៃដល់កុមារផងដែរ។

ក្រុមសិទ្ធិមនុស្សបានរិះគន់ចំពោះការចូលរួមកាន់តែច្រើនរបស់យោធា ព្រោះពួកគេខ្លាចថា វាអាចនាំឱ្យមានការរំលោភអំណាច ការរំលោភសិទ្ធិមនុស្ស និងការមិនទទួលខុសត្រូវចំពោះសកម្មភាពផ្សេងៗ។

រដ្ឋាភិបាលបានលើកឡើងថា សេចក្តីព្រាងច្បាប់នេះតម្រូវឱ្យមន្ត្រីលាលែងពីយោធាមុនពេលទទួលយកមុខតំណែងស៊ីវិលនៅតាមក្រសួងនានា ដូចជានៅក្រសួងរដ្ឋលេខាធិការ និងការិយាល័យអគ្គរដ្ឋអាជ្ញា។

ហើយសមាជិកសភាម្នាក់បានលើកឡើងថា មន្ត្រីទាំងនោះមិនអាចចូលរួមក្នុងក្រុមហ៊ុនរដ្ឋបានទេ ដើម្បីប្រឆាំងនឹងការព្រួយបារម្ភអំពីការចូលរួមរបស់យោធាក្នុងវិស័យពាណិជ្ជកម្ម។

អ្នកតវ៉ាមកពីក្រុមប្រជាធិបតេយ្យជាច្រើន និងនិស្សិត បាននិយាយថា ពួកគេនឹងរៀបចំការតវ៉ានៅខាងមុខអគាររដ្ឋសភានៅក្នុងក្រុងហ្សាការតា៕

ប្រភព៖ Reuters/rl