ព័ត៌មានជាតិ

នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិចុះជួបសួរសុខទុក្ខកងកម្លាំងនគរបាលការពារព្រំដែនទិសភូមិភាគ៥ នាឱកាសបុណ្យចូលឆ្នាំថ្មីខ្មែរ

ដោយ : បន្ទាយ

បន្ទាយមានជ័យ :នាថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោសិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ បានដឹកនាំកម្លាំងនគរបាលក្រោមឱវាទ ចូលរួមពិធីសំណេះសំណាល និងចុះសួរសុខទុក្ខនាឱកាសពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៥ ចំពោះកងកម្លាំងនគរបាលការពារព្រំដេនប្រចាំទិសភូមិភាគ៥ នៅបញ្ជាការដ្ឋានស្រាលស្ថិតក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព លោកនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ តំណាងដ៏ខ្ពង់ខ្ពស់លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

ពិធីនេះមានការអញ្ជើញចូលរួមពីលោក លោកស្រី អគ្គស្នងការរងនគរបាលជាតិ ប្រធាននាយកដ្ឋាន នគរបាលការពារព្រំដែនគោក លោកស្នងការ ស្នងការរង នគរបាលខេត្តបន្ទាយមានជ័យ ,ខេត្តបាត់ដំបង, ខេត្តប៉ៃលិន ,ខេត្តពោធិសាត់ , កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោលចំនួន១០វរៈ និងលោក លោកស្រីមកពី បណ្តាអង្គភាព ស្ថាប័នពាក់ព័ន្ធជាច្រើនរូប។

លោកនាយឧត្តមសេនីយ៍ ស ថេត បានកត់សម្គាល់នូវសភាពការណ៍ថ្មីៗ ដែលបានកើតឡើង ពិសេសឧបាយកលទុច្ចរិតរបស់ក្រុមប្រឆាំងជ្រុលនិយម ដែលនៅចិញ្ចឹមចិត្តប៉ុនប៉ងផ្ដួលរំលំរាជរដ្ឋាភិបាលស្របច្បាប់តាមមធ្យោបាយផ្សេងៗ។ ប៉ុន្ដែសកម្មភាពទាំងអស់នោះ ត្រូវរាជរដ្ឋាភិបាលគ្រប់គ្រងបាននិងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះអ្នកដែលពាក់ព័ន្ធ។

លោកនាយឧត្តមសេនីយ៍ ស ថេត បានណែនាំថា : ខេត្តបន្ទាយមានជ័យ ជាខេត្តមួយមានភូមិសាស្ដ្រជាប់ជាមួយបណ្ដាប្រទេសដទៃ ហើយងាយប្រឈមជាមួយបទល្មើសដែលអាចកើតឡើងនៅតាមព្រំដែន ។ដូច្នេះកម្លាំងនគរបាលការពារព្រំដែនជួរមុខ ត្រូវពង្រឹងនិងយកចិត្តទុកដាក់សហការជាមួយបណ្ដាអង្គភាពពាក់ព័ន្ធ និងប្រទេសជាមិត្តឲ្យបានល្អ ដើម្បីផ្លាស់ប្ដូរព័ត៌មានឲ្យគ្នាទៅវិញទៅមក សំដៅបង្ការ ទប់ស្កាត់ និងឈានទៅបង្ក្រាបបទល្មើសឲ្យបានទាន់ពេលវេលា។

ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត បានឧបត្ថម្ភដល់កងកម្លាំងចំនួន១,៤៥៣នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ចំនួន៥ម៉ឺនរៀល, ឧបត្ថម្ភដល់គណៈបញ្ជាការភូមិភាគ៥ ថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់វរសេនាតូចទាំង១០ ក្នុងមួយវរសេនាថវិកាចំនួន៤លានរៀល, ឧបត្ថម្ភដល់នគរបាលកាពារបេតិភណ្ឌប្រាសាទបន្ទាយឆ្មាថវិកាចំនួន១លានរៀល, ឧបត្ថម្ភជូនដល់អង្គភាពយោធាចំនួន៦ ក្នុងមួយអង្គភាពថវិកាចំនួន៣លានរៀល។ ក្នុងនោះ ក៏មានសម្ភារស្បៀង និងភេសជ្ជៈ រួមមាន អង្ករចំនួន២,៣០០គីឡូក្រាម, មីចំនួន២៣កេសធំ, ត្រីខ២៣កេសធំ និងទឹកក្រូច៥៧៥កេស៕