ដោយ៖សហការី

ភ្នំពេញ៖ បុរសជាអ្នកដឹកសាច់គោឲ្យទីសត្តឃាតម្នាក់បានជាប់ពន្ធនាគាររយៈពេល១ឆ្នាំ ដោយសារតែថៅកែប្ដឹងបន្ទាប់ពីគាត់ឲ្យម៉ូតូ១គ្រឿងដែលថៅកែទិញឲ្យជិះសម្រាប់ដឹកសាច់គោដាក់ឲ្យម៉ូយទៅមិត្តភក្ដិខ្ចីជិះ ហើយត្រូវមិត្តភក្ដិនោះបោកយកទៅបាត់ ។
នៅក្នុងពេលកំពុងជាប់គុក ស្រាប់តែប្រពន្ធរបស់គាត់បានបែកចិត្តទៅមានប្រុសសហាយថ្មីទៀត លុះពេលចេញមកវិញកូនៗប្រាប់ទើបគាត់ដឹងរឿង ហើយបុរសនោះបានសួរប្រពន្ធថា «តើរវាងប្ដីនិងគេយកមួយណា ? ប្រពន្ធឆ្លើយថាយកគាត់ជាប្ដី » ។ ពេលនោះគាត់សប្បាយចិត្តខ្លាំងណាស់ ប៉ុន្តែទីបំផុតក្រោយពេលរស់នៅជាមួយគ្នាបានត្រឹមតែ១២ថ្ងៃប៉ុណ្ណោះ ឆ្លៀតពេលគាត់ចេញទៅធ្វើការបាត់ ស្រាប់តែប្រពន្ធបានប្រមូលអីវ៉ាន់នាំកូនរត់ចោលគាត់បាត់ ដោយពុំដឹងថាទៅនៅផ្ទះជួលផ្សេង ឬទៅនៅបន្ទប់ជួលជាមួយប្រុសសហាយឡើយ ។
ដោយឡែកនៅវេលាព្រឹកថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ បុរសជាប្ដីបានធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរជួយអន្តរាគមន៍ ហៅប្រពន្ធមកជួបដោះស្រាយគ្នាផ្ដិតមេដៃលែងលះគ្នាចែកកូននិងទ្រព្យសម្បត្តិគ្នាបញ្ចប់រឿង ហើយខណៈនោះគាត់បានកាន់រូបថតប្រពន្ធនិងសំបុត្រអាពាហ៍ពិពាហ៍ទៅបង្ហាញដល់អាជ្ញាធរផងដែរ ។
ខណៈនោះអាជ្ញាធរសង្កាត់ចោមចៅទី៣មិនហ៊ានទទួលដោះស្រាយឲ្យបានទេ ព្រោះប្ដីប្រពន្ធ១គូនេះរៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍ នៅឯឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម ហើយអាជ្ញាធរបានប្រាប់ឲ្យបុរសនោះទៅប្ដឹងនិងដោះស្រាយគ្នានៅឯកន្លែងដែលពួកគាត់រៀបការនិងចុះសំបុត្រអាពាហ៍ពិពាហ៍នោះវិញ ។
បុរសជាប្ដីខាងលើបានប្រាប់ថា គាត់ឈ្មោះប៉ុន ប៉ុល អាយុ៤៥ឆ្នាំ មានស្រុកកំណើតនៅភូមិរាយប៉ាយលើ ឃុំរាយប៉ាយ ស្រុកកងមាស ខេត្តកំពង់ចាម ពីមុនគាត់ជាកម្មករដឹកសាច់គោកុងស៊ីកាប់គោមួយកន្លែងនៅឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ហើយឥឡូវជាកម្មករលើកអីវ៉ាន់នៅផែស្ងួតជិតផ្សារអ៊ីអន២ ។ ប្រពន្ធគាត់ អាយុ៣៨ឆ្នាំ មានស្រុកកំណើតភូមិល្វា ឃុំល្វា ស្រុកព្រៃឈរ ខេត្តកំពង់ចាម មានមុខរបរកម្មការិនីរោងចក្រស្បែកជើងយីង ដុង ស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ ពួកគាត់បានរៀបការជាមួយគ្នារយៈពេល១៩ឆ្នាំមកហើយ តាំងពីឆ្នាំ២០០៦មកម្ល៉េះ និងបង្កើតបានកូនប្រុសចំនួន៣ និងកូនស្រី១នាក់ទៀតផង ។
បុរសជាប្ដីដដែលបានប្រាប់ឲ្យដឹងបន្តថា គ្រួសារគាត់ចាកចេញពីស្រុកកំណើតមករស់នៅផ្ទះជួលមួយកន្លែងស្ថិតនៅក្នុងភូមិព្រៃស្វាយ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញបានរយៈពេល៩ឆ្នាំហើយ និងនៅពេលដែលគាត់ជាប់គុក គ្រួសារគាត់មានសុភមង្គលណាស់ ។ ពេលមកដល់ភ្នំពេញគាត់ធ្វើជាអ្នកដឹកសាច់គោឲ្យគេ ប្រពន្ធជាកម្មការិនីរោងចក្រស្បែកជើង ហើយគាត់ត្រូវបានថៅកែទិញម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមសេ១២៥ ឲ្យជិះសម្រាប់ដឹកសាច់គោពីកុងស៊ីកាប់គោនៅម្ដុំជិតភ្នំប្រសិទ្ធ ឃុំទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ទៅដើរដាក់ឲ្យម៉ូយនៅផ្សារកំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ។
គាត់បាននិយាយទៀតថា រហូតដល់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ គាត់បានឲ្យម៉ូតូដែលថៅកែទិញឲ្យជិះនោះទៅមិត្តភក្ដិរបស់គាត់ម្នាក់ខ្ចីជិះ ហើយក៏ត្រូវបានមិត្តភក្ដិនោះបោកយកទៅបាត់ស្រមោល ។ បន្ទាប់មកថៅកែសាច់គោបានដាក់ពាក្យប្ដឹងឲ្យនគរបាលប៉ុស្តិ៍ទួលព្រេជ ស្រុកអង្គស្នួល ខេត្តកណ្ដាល ចាប់ខ្លួនគាត់ ក្រោយមកនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤ គាត់បានជាប់ពន្ធនាគារខេត្តកណ្ដាល ហើយរយៈពេល១ឆ្នាំក្រោយមកនៅថ្ងៃទី២៤ ខែកុម្ភៈ ២០២៥ ត្រូវបានដោះលែងឲ្យចេញមានសេរីភាពឡើងវិញ ។
បុរសរូបនេះបានប្រាប់ទៀតថា បន្ទាប់ពីចេញពីគុកបាន២ថ្ងៃ គាត់បានសុំលុយប្រពន្ធចំនួន៥ម៉ឺនរៀលដើម្បីទៅស្រុកកំណើតឲ្យឪពុកម្ដាយស្រោចទឹកឲ្យជ្រះចង្រៃ រួចបានត្រឡប់មករស់នៅជាមួយប្រពន្ធកូនវិញ ពេលនោះគាត់អត់បានដឹងថាប្រពន្ធមានប្រុសថ្មីនោះទេ ប៉ុន្តែកូនៗប្រាប់ទើបដឹង ។ កូនៗប្រាប់គាត់ទៀតថា ពេលខ្លះប្រពន្ធទៅដេកនៅបន្ទប់ជួលប្រុសថ្មី និងពេលខ្លះទៀតហៅប្រុសថ្មីមកដេកបន្ទប់ជួលខ្លួនឯងតែម្ដង ពេលនោះគាត់ក៏បានសួរនាំហើយប្រពន្ធប្រាប់ថា មានមែនគឺមានរយៈពេល៣ទៅ៤ខែមកហើយ ។ ចម្លើយនេះបានធ្វើឲ្យគាត់ហួសចិត្តយ៉ាងខ្លាំងនិងមិននឹកស្មានថាប្រពន្ធមានថ្មីសោះ បន្ទាប់មកគាត់សួរទៀតថា តើរវាងប្ដីនិងគេនោះយកមួយណា ? បើយកគេយើងទៅផ្ដិតមេដៃលែងលះគ្នានៅឯស្រុកកំណើត ពេលនោះប្រពន្ធឆ្លើយថាមិនយកគេទេ គឺយកគាត់ជាប្ដីវិញ » ទើបគាត់ក៏បានរស់នៅជាមួយប្រពន្ធនិងកូនក្នុងផ្ទះជួលខាងលើនោះ ។
បុរសជាប្ដីបាននិយាយបន្តថា ក្រោយរស់នៅជាមួយគ្នាបាន១២ថ្ងៃ នៅថ្ងៃទី៨ ខែមីនា ឆ្នាំ២០២៥ គាត់បានទៅលើកអីវ៉ាន់នៅផែស្ងួតជិតផ្សារអ៊ីអន២ តាំងពីព្រឹកដល់វេលាម៉ោង១រសៀលទើបត្រឡប់មកផ្ទះជួលវិញ ស្រាប់តែប្រពន្ធបានប្រមូលអីវ៉ាន់នាំកូនៗរត់ចោលគាត់បាត់អស់ ពេលនោះគាត់បានខលរកប្រពន្ធ ប៉ុន្តែពេលខលចូលច្រើនដង ប្រពន្ធអត់លើកហើយចុចបិទទៀត ។ ទើបនៅវេលាល្ងាចថ្ងៃទី១៩ ខែមីនា គាត់បានទៅរកប្រពន្ធនៅឯរោងចក្រ ហើយគ្រាន់តែឃើញគាត់ភ្លាមនាងបានរត់គេចខ្លួនចូលទៅក្នុងរោងចក្រវិញបាត់ ។
គាត់ក៏បានរង់ចាំប្រពន្ធនៅមុខរោងចក្រនោះដើម្បីជួបដោះស្រាយគ្នា ប៉ុន្តែរង់ចាំពេញមួយប់អត់ឃើញប្រពន្ធចេញវិញឡើយ ទើបនៅវេលាព្រឹកថ្ងៃទី២០ ខែមីនា គាត់សម្រេចចិត្តធ្វើដំណើរទៅកាន់សាលាសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដើម្បីឲ្យអាជ្ញាធរជួយហៅប្រពន្ធមកជួបដោះស្រាយគ្នាតែម្ដង ។
ជុំវិញការនិយាយចោទប្រកាន់របស់បុរសជាប្តីទាំងអស់នេះ គិតត្រឹមល្ងាចថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥ អ្នកយកព័ត៌មាន Cambodia Flash News គឺនៅមិនទាន់ទទួលបាននូវការបញ្ជាក់ឆ្លើយតបជាផ្លូវការណាមួយពីស្រ្តីជាភរិយាដែលរងការចោទប្រកាន់ក្នុងរឿងនេះនៅឡើយទេ៕
