ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ កិច្ចសហប្រតិបត្តការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មនិងបច្ចេកទេស រវាងខេត្តវិញឡុង ប្រទេសវៀតណាមនិងខេត្តបន្ទាយមានជ័យ ប្រទេសកម្ពុជា ត្រូវពង្រឹងបន្ថែមទៀត។
នេះជាខ្លឹមសារក្នុងការជួបសម្តែងការគួរសមរបស់ប្រតិភូគណៈកម្មាធិការប្រជាជនខេត្តវិញឡុង សាធារណរដ្ឋសង្គមវៀតណាម ចំពោះរដ្ឋបាលខេត្តបន្ទាយមានជ័យក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ឆ្នាំម្សាញ់ប្រពៃណីជាតិខ្មែរនៅសាលប្រជុំសាលាខេត្តបន្ទាយមានជ័យកាលពីរសៀលថ្ងៃទី ១៩ មីនា ឆ្នាំ២០២៥។
លោក ប្លែក វ៉ារី ប្រធានក្រុមប្រឹក្សាខេត្ត លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្តបន្ទាយមានជ័យ លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ , លោកង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង មន្ទីអង្គភាព និងវិស័យឯកជនចូលរួមជួបសម្តែងការគួរសមនោះ ។
លោកអ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យបានបង្ហាញពីសក្ដានុពលរបស់ខេត្ត ដែលមានវិសាលភាពផ្ទៃដីកសិកម្មធំធេងមានជីវជាតិសម្រាប់ធ្វើស្រែចំការ ,ច្រកទ្វារអន្តរជាតិធំៗចំនួនពីរគឺច្រកទ្វារអន្តជាតិប៉ោយប៉ែត សម្រាប់ទទួលភ្ញៀវទេសចរ និងច្រកទ្វារអន្តជាតិស្ទឹងបត់សម្រាប់សំរួលការដឹកជញ្ជូនទំនិញចេញចូល ក្រៅពីនេះក៍ផ្លូវដែក១ខ្សែនិងផ្លូវជាតិ៥ខ្សែនិងបណ្តាញផ្លូវ ហេដ្ឋារចនាសម្ព័ន្ធ ងាយស្រួលដឹកជញ្ជួនផលិផលក្នុងស្រុកចេញទៅក្រៅប្រទេសផងដែរ។
លោក ង្វៀន មិញយុង អនុប្រធានប្រចាំការក្រុមប្រឹក្សាខេត្តវិញឡុង និងជាប្រធានប្រតិភូ លោក ង្វៀន ថាញ់វ៉ាន់ អគ្គកុងស៊ុល នៃស្ថានកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង ថ្លែងអំណរគុណដល់កិច្ចសហប្រតិបត្តការល្អរវាងខេត្តទាំងពីរបន្ទាយមានជ័យ-វិញឡុងនិងការសម្រួលដល់ក្រុមការងសររុករកអដិ្ឋធាតុ ស្របតាមអនុស្សារណ:យោគយល់គ្នា(MoU)កន្លងមក ហើយទើបចុះហត្ថលេខាបន្តសុពលភាព៥ឆ្នាំទៀតពីឆ្នាំ២០២៥ នេះតទៅ ពោលគឺបន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច ពាណិជ្ជកម្ម កសិកម្មនិងបច្ចេកវិទ្យា។
សូមរំលឹកថា ជាការកត់សម្គាល់ ខេត្តបន្ទាយមានជ័យមានខេត្តសម្ព័ន្ធមេត្រីភាពជាមួយវៀតណាមចំនួន២គឺខេត្តវិញឡុងនិងដុងថាប នៅភាគខាងត្បូង។
នៅរៀងរាល់រដូវបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិតាមចន្ទគតិ ខេត្តនិមួយៗតែងបញ្ជូនគណ:ប្រតិភូជាន់ខ្ពស់នៃរដ្ឋបាលខេត្ត, គណៈ:កម្មាធិការប្រជាជននិងគណបក្សទៅសួរសុខទុក្ខ ជូនពរ ប្រជុំពិភាក្សានិងទស្សនកិច្ច។
សម្រាប់ខេត្តបន្ទាយមានជ័យ ប្រតិភូតែងតែដឹកនាំដោយអភិបាលនៃគណ:អភិបាលនិងជាប្រធានគណបក្សប្រជាជនកម្ពុជានិងប្រធានឬតំណាងក្រុមប្រឹក្សាខេត្ត។
ប៉ុន្តែ សម្រាប់ខេត្តវិញឡុងនិងខេត្តដុងថាប់វិញ ប្រតិភូមានត្រឹមអនុប្រធានគណ:កម្មាធិការប្រជាជនខេត្ត, អនុប្រធានគណបក្សកុំម្មុយនីសវៀតណាមខេត្ត,អនុប្រធានក្រុមប្រឹក្សាខេត្តនិងសមាជិកប៉ុណ្ណោះ ។នេះជា អតុល្យភាពនៃថ្នាក់ដឹកនាំនៃខេត្តសម្ព័ន្ធមេត្រី៕
