ប្រែសម្រួល៖ ស-សម្បត្តិ
ប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀរ ពូទីន បានយល់ព្រមផ្អាកការវាយប្រហារលើគោលដៅថាមពល និងហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសអ៊ុយក្រែនជាបណ្តោះអាសន្ន បន្ទាប់ពីការសន្ទនាតាមទូរសព្ទដ៏យូរជាមួយប្រធានាធិបតី ដូណាល់ ត្រាំ កាលពីថ្ងៃអង្គារ។ សេតវិមាន និងក្រឹមឡាំងបាននិយាយ ខណៈដែលរុស្ស៊ីមិនបានចុះហត្ថលេខាលើការឈប់បាញ់ទូលំទូលាយដើម្បីបញ្ចប់ជម្លោះនៅក្នុងប្រទេសអ៊ុយក្រែនដែលបានអូសបន្លាយរយៈពេលបីឆ្នាំ។

ការសន្ទនារវាងបុរសទាំងពីរ ជាការសន្ទនាលើកទីពីររបស់ពួកគេចាប់តាំងពីលោក ត្រាំ ចូលកាន់តំណែងអាណត្តិទីពីររបស់លោក ហាក់ដូចជាមិនអាចបញ្ចុះបញ្ចូលលោក ពូទីន ឱ្យចុះហត្ថលេខាលើការឈប់បាញ់រយៈពេល ៣០ ថ្ងៃដែលលោក ត្រាំ បានគាំទ្រ ហើយអ៊ុយក្រែនបានយល់ព្រម។ ផ្ទុយទៅវិញ សេតវិមានបាននិយាយថា ការផ្អាកតូចជាងមុននៃការវាយប្រហារលើគោលដៅថាមពលនឹងត្រូវអនុវត្ត ខណៈដែលក្រុមបច្ចេកទេសចាប់ផ្តើមដោះស្រាយផ្នែកផ្សេងទៀតនៅក្នុងការចរចា។
“ថ្នាក់ដឹកនាំបានឯកភាពគ្នាថា ចលនាឆ្ពោះទៅរកសន្តិភាពនឹងចាប់ផ្តើមជាមួយនឹងការឈប់បាញ់លើថាមពល និងហេដ្ឋារចនាសម្ព័ន្ធ ព្រមទាំងការចរចាបច្ចេកទេសស្តីពីការអនុវត្តការឈប់បាញ់ផ្លូវសមុទ្រនៅក្នុងសមុទ្រខ្មៅ ការឈប់បាញ់ពេញលេញ និងសន្តិភាពអចិន្ត្រៃយ៍” សេតវិមានបាននិយាយនៅក្នុងការពិពណ៌នាអំពីការហៅទូរសព្ទ។ សេតវិមានបានបន្តថា ការចរចាបច្ចេកទេសនឹងចាប់ផ្តើម “ភ្លាមៗ” នៅមជ្ឈិមបូព៌ា។
លោក ត្រាំ បាននិយាយនៅលើ Truth Social ថា ការហៅទូរសព្ទរបស់លោកជាមួយលោក ពូទីន គឺ “ល្អ និងផលិតភាព”។ លោកបាននិយាយថា ពួកគេបានឈានដល់ការយល់ដឹងថា ពួកគេនឹងធ្វើការ “យ៉ាងឆាប់រហ័ស” ឆ្ពោះទៅរក “ការឈប់បាញ់ពេញលេញ”។
អ្វីដែលរុស្ស៊ីកំពុងនិយាយ៖ ក្រឹមឡាំងបាននិយាយថា លោក ត្រាំ “បានលើកសំណើដល់ភាគីនៅក្នុងជម្លោះឱ្យទប់ស្កាត់ការវាយប្រហារទៅលើមូលដ្ឋានហេដ្ឋារចនាសម្ព័ន្ធថាមពលរយៈពេល ៣០ ថ្ងៃ”។
លោក ពូទីន “បានឆ្លើយតបវិជ្ជមានចំពោះគំនិតផ្តួចផ្តើមនេះ ហើយបានចេញបញ្ជាភ្លាមៗទៅកងទ័ពរុស្ស៊ី” សេចក្តីថ្លែងការណ៍របស់ទីក្រុងម៉ូស្គូបានឱ្យដឹង។
អ៊ុយក្រែនមិនបានឆ្លើយតបភ្លាមៗចំពោះកិច្ចព្រមព្រៀងថ្មីនេះទេ។ ទីក្រុងគីវបានចោទប្រកាន់រុស្ស៊ីថាប្រើប្រាស់យុទ្ធសាស្ត្រពន្យារពេលដើម្បីពន្យារសង្រ្គាម។
ជាផ្នែកមួយនៃការទាមទាររបស់ខ្លួនសម្រាប់ការឈប់បាញ់ទូលំទូលាយ លោក ពូទីន បានសង្កត់ធ្ងន់លើតម្រូវការឱ្យមានការផ្អាកការផ្តល់ជំនួយយោធាបរទេសដល់អ៊ុយក្រែន ក្រឹមឡាំងបាននិយាយ ទោះបីជាសេតវិមានមិនបានលើកឡើងអំពីរឿងនោះនៅក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួនក៏ដោយ។ ហើយទាំងសេតវិមាន និងក្រឹមឡាំង មិនបានលើកឡើងអំពីការសម្បទានដីធ្លីនៅក្នុងការពិពណ៌នាផ្លូវការរបស់ពួកគេអំពីការសន្ទនាកាលពីថ្ងៃអង្គារនេះទេ។ មុនពេលការហៅទូរសព្ទ លោក ត្រាំ បាននិយាយថា អ្នកចរចាអាមេរិកបានពិភាក្សាអំពី “ការបែងចែកទ្រព្យសម្បត្តិមួយចំនួន”៕
ប្រភព៖ CNN
