ប្រែសម្រួល ៖ លន ស្រស់

ទូកអគ្គិសនីដំណើរការដោយថាមពលព្រះអាទិត្យឆាប់ៗនេះនឹងបើកបរនៅទន្លេសិង្ហបុរី ដោយទូកចំនួនពីរក្នុងចំណោមទូកប្រភេទនេះចំនួន១០គ្រឿង នឹងចាប់ផ្តើមដំណើរការនៅខែក្រោយ។
ផលិតដោយក្រុមហ៊ុន Pyxis ដែលទើបបង្កើតឡើងក្នុងដែនសមុទ្រក្នុងស្រុក ទូកថ្មីទាំងនេះដែលមានឈ្មោះថា Pyxis R នឹងជំនួសពាក់កណ្តាលនៃក្រុមទូកទាំង២០របស់ក្រុមហ៊ុនដឹកជញ្ជូនតាមទន្លេ WaterB នៅត្រឹមចុងឆ្នាំ២០២៥។
លោក Tommy Phun ស្ថាបនិកនិងនាយកប្រតិបត្តិនៃក្រុមហ៊ុន Pyxis បាននិយាយថា ទូកដំណើរការដោយថាមពលព្រះអាទិត្យចំនួនប្រាំបីទៀតនឹងត្រូវបានដឹកជញ្ជូន ម្តងមួយគ្រឿងៗ “ស្ទើរតែរៀងរាល់ពីរខែម្តង” សម្រាប់រយៈពេលដែលនៅសល់នៃឆ្នាំនេះ។
លោកបានមានប្រសាសន៍ថា បន្ទះសូឡានៅលើទូកទន្លេនីមួយៗអាចផលិតអគ្គិសនីប្រមាណ២២ គីឡូវ៉ាត់ម៉ោង (kWh) ក្នុងមួយថ្ងៃ ដោយបន្ថែមថា អគ្គិសនីរួមប្រចាំថ្ងៃដែលបានផលិតដោយបន្ទះសូឡារបស់ទូកទាំង១០ នឹងមានគ្រប់គ្រាន់ដើម្បីផ្គត់ផ្គង់ថាមពលដល់ផ្ទះលំនៅដ្ឋានសង្គមចំនួន២០ក្នុងរយៈពេលមួយថ្ងៃ។
ដោយកត់សម្គាល់ថាទូកទន្លេភាគច្រើនត្រូវបានប្រើប្រាស់នៅពេលល្ងាចនិងពេលយប់ លោក Phun បានមានប្រសាសន៍ថា នាវាទាំងនេះអាចប្រមូលថាមពលព្រះអាទិត្យនៅពេលពួកគេស្ថិតក្នុងស្ថានភាពរង់ចាំនៅពេលរសៀល។
លើសពីនេះទៀត ទូកដឹកជញ្ជូន Pyxis R គឺជាទូកដំបូងគេមួយនៅក្នុងប្រទេសសិង្ហបុរី ដែលមានបច្ចេកវិទ្យាយានយន្តទៅកាន់បណ្តាញ – ប្រព័ន្ធមួយដែលអនុញ្ញាតឱ្យនាវាបញ្ជូនថាមពលកកើតឡើងវិញដែលនៅសល់ទៅកាន់បណ្តាញអគ្គិសនី លោកបានបន្ថែម។
នៅខែមីនា ឆ្នាំ២០២៤ ក្រុមហ៊ុន Pyxis បានដាក់ឱ្យដំណើរការទូកការងារអគ្គិសនីមួយស៊េរី ដើម្បីដឹកជញ្ជូនកម្មករវាងកំពង់ផែ Marina South និងចំណតនាវានៅជិតនោះ៕
ប្រភព ៖ Vnexpress
