ប្រែសម្រួល ៖ លន ស្រស់

ខ្ញុំបរិភោគអាហារពេលព្រឹកជាមួយនឹងនំបុ័ងពណ៌ស និងនំប៉ាស្ទី។ តើខ្ញុំគួរបរិភោគគ្រាប់ធញ្ញជាតិដែលល្អសម្រាប់សុខភាព ជៀសវាងភាពធាត់ និងមិនប៉ះពាល់ដល់បេះដូងដោយរបៀបណា?
ចម្លើយ៖
គ្រាប់ធញ្ញជាតិចម្រាញ់ត្រូវបានកែច្នៃដើម្បីយកចេញនូវកន្ទក់និងពន្លក ដែលកាត់បន្ថយតម្លៃអាហារូបត្ថម្ភដើមរបស់វា។ ផលិតផលដែលផលិតពីគ្រាប់ធញ្ញជាតិចម្រាញ់ ដូចជានំបុ័ងពណ៌ស នំប៉ាស្ទី និងអាហាររហ័ស មានកម្រិតកាបូអ៊ីដ្រាតខ្ពស់ និងកម្រិតប្រូតេអ៊ីន សរសៃ និងវីតាមីនទាប។ កាបូអ៊ីដ្រាតសាមញ្ញក្នុងអាហារទាំងនេះត្រូវបានបំលែងទៅជាស្ករយ៉ាងងាយ ដែលនាំឱ្យមានការកកើតខ្លាញ់លើសនិងការឡើងចុះនៃកម្រិតជាតិស្ករក្នុងឈាម។ នេះជំរុញឱ្យខួរក្បាល បណ្តាលឱ្យមានការចង់បរិភោគ និងកើនហានិភ័យនៃការបរិភោគច្រើនពេក។
ការបរិភោគគ្រាប់ធញ្ញជាតិចម្រាញ់ច្រើនពេកពាក់ព័ន្ធនឹងជំងឺរ៉ាំរ៉ៃដូចជាជំងឺបេះដូងនិងជំងឺទឹកនោមផ្អែមប្រភេទទី ២។ សន្ទស្សន៍ glycemic ខ្ពស់នៃអាហារទាំងនេះបង្កើនហានិភ័យនៃភាពស៊ាំអាំងស៊ុយលីន និងបង្កើនកម្រិត triglyceride ក្នុងឈាម ដែលអាចធ្វើឱ្យប៉ះពាល់ដល់មុខងារសរសៃឈាមបេះដូង។
លើសពីនេះទៅទៀត គ្រាប់ធញ្ញជាតិចម្រាញ់ច្រើនប្រភេទត្រូវបានបន្ថែមជាតិផ្អែមដើម្បីធ្វើឱ្យមានរសជាតិកាន់តែឆ្ងាញ់។ កម្រិតស្ករខ្ពស់អាចបង្កើនហានិភ័យនៃភាពធាត់និងបញ្ហាសុខភាពរ៉ាំរ៉ៃផ្សេងទៀត។
អ្នកគួរបង្កើនការបរិភោគគ្រាប់ធញ្ញជាតិទាំងមូល ដោយសារគ្រាប់ធញ្ញជាតិទាំងមូលដែលមិនត្រូវបានចម្រាញ់រក្សាបាននូវកន្ទក់និងពន្លករបស់វា ធ្វើឱ្យវាសម្បូរទៅដោយសរសៃ ប្រូតេអ៊ីន និងសារធាតុរ៉ែសំខាន់ៗ។ ប្រភេទទូទៅមួយចំនួនរួមមានអង្ករសម្រូប សណ្តែកបាឡេ quinoa ក៏មានប្រូតេអ៊ីនខ្ពស់និងនំបុ័ងគ្រាប់ធញ្ញជាតិ។ ពួកវាមានកាបូអ៊ីដ្រាតស្មុគស្មាញដែលត្រូវការពេលយូរជាងដើម្បីរំលាយ ដែលអនុញ្ញាតឱ្យមានការបញ្ចេញស្ករបន្តិចម្តងៗ និងរក្សាកម្រិតស្ករក្នុងឈាមឱ្យមានស្ថេរភាព។
សរសៃដែលរលាយបានក្នុងគ្រាប់ធញ្ញជាតិគ្រាប់ពេញ( ទាំងមូល) ជួយកាត់បន្ថយកូឡេស្តេរ៉ូល LDL ដែលបង្កគ្រោះថ្នាក់ ដែលកាត់បន្ថយហានិភ័យនៃជំងឺរឹងសរសៃឈាម និងជំងឺដាច់សរសៃឈាមខួរក្បាល។ ម៉ាញ៉េស្យូម ប៉ូតាស្យូម និងសារធាតុប្រឆាំងអុកស៊ីតកម្មជួយធ្វើឱ្យសរសៃឈាមធូរស្រាលនិងរក្សាសម្ពាធឈាមឱ្យមានស្ថេរភាព។ ការបរិភោគគ្រាប់ធញ្ញជាតិគ្រាប់ពេញជាទៀងទាត់អាចកាត់បន្ថយហានិភ័យនៃជំងឺលើសសម្ពាធឈាម ដែលអាចនាំឱ្យមានផលវិបាកសរសៃឈាមបេះដូងដ៏គ្រោះថ្នាក់។ លើសពីនេះទៅទៀត សមាសធាតុប្រឆាំងអុកស៊ីតកម្មដូចជា ប៉ូលីហ្វេណុល ហ្វីតូស្តេរ៉ូល និងលីកណាន ការពារកោសិកាសរសៃឈាមបេះដូងពីការខូចខាត។
គ្រាប់ធញ្ញជាតិមួយចំនួន ដូចជា quinoa ក៏មានប្រូតេអ៊ីនខ្ពស់ មានលក្ខណៈប្រឆាំងការរលាក គាំទ្រការសម្រកទម្ងន់ និងធ្វើឱ្យប្រសើរឡើងនូវមុខងាររបស់ខួរក្បាល។ វាក៏សំខាន់ផងដែរក្នុងការកាត់បន្ថយការបន្ថែមជាតិស្ករក្នុងអាហារ។
អាហារពេលព្រឹកដែលមានសុខភាពល្អជួយដល់ការដុតបំលែងថាមពល និងផ្តល់ថាមពលដល់រាងកាយ។ វាគួរតែរួមបញ្ចូលទាំងប្រូតេអ៊ីន សរសៃ និងខ្លាញ់ល្អ។ អ្នកអាចទទួលទានគ្រាប់ធញ្ញជាតិគ្រាប់ពេញជាមួយទឹកដោះគោជូរក្រិក ស៊ុត គ្រាប់ធញ្ញជាតិ និងផ្លែឈើស្រស់ៗដើម្បីទទួលបានរបបអាហារដែលមានតុល្យភាព៕
ប្រភព៖ Vnexpress
