បច្ចេកវិទ្យា

ក្រុមហ៊ុន BYD បង្ហាញបច្ចេកវិទ្យាសាកថ្មឆាប់រហ័សសម្រាប់រថយន្តអគ្គិសនី និងប្រកាសពីការសាងសង់បណ្តាញស្ថានីយសាកថ្មនៅប្រទេសចិន

ប្រែសម្រួល ៖ លន ស្រស់

ប៉េកាំង៖ ក្រុមហ៊ុន BYD កាលពីថ្ងៃចន្ទ (ថ្ងៃទី១៧ ខែមីនា) បានបង្ហាញវេទិកាថ្មីមួយសម្រាប់រថយន្តអគ្គិសនី (EVs) ដែលក្រុមហ៊ុនបានអះអាងថាអាចសាកថ្មរថយន្តអគ្គិសនីបានលឿនដូចពេលចាក់ប្រេងដែរ ហើយបានប្រកាសជាលើកដំបូងថា ខ្លួននឹងសាងសង់បណ្តាញស្ថានីយសាកថ្មទូទាំងប្រទេសចិន។

វេទិកាដែលហៅថា “super e-platform” នេះ នឹងមានសមត្ថភាពសាកថ្មនៅល្បឿនកំពូលរហូតដល់ ១,០០០ គីឡូវ៉ាត់ (kW) ដែលអាចឱ្យរថយន្តដែលប្រើវេទិកានេះធ្វើដំណើរបានចម្ងាយ ៤០០ គីឡូម៉ែត្រ ដោយគ្រាន់តែសាកថ្មរយៈពេល ៥ នាទីប៉ុណ្ណោះ នេះបើតាមការប្រកាសរបស់លោក Wang Chuanfu ស្ថាបនិកក្រុមហ៊ុន BYD នៅក្នុងព្រឹត្តិការណ៍ផ្សាយផ្ទាល់ពីទីស្នាក់ការកណ្តាលនៅក្រុងសៀនចិន។

ល្បឿនសាកថ្ម ១,០០០ គីឡូវ៉ាត់ គឺលឿនជាងពីរដងបើធៀបនឹងស្ថានីយសាកថ្មរបស់ក្រុមហ៊ុន Tesla ដែលជំនាន់ចុងក្រោយបំផុតរបស់ពួកគេផ្តល់ល្បឿនសាកថ្មរហូតដល់ ៥០០ គីឡូវ៉ាត់។ បច្ចេកវិទ្យាសាកថ្មឆាប់រហ័សមានសារៈសំខាន់ក្នុងការជំរុញការប្រើប្រាស់រថយន្តអគ្គិសនីកាន់តែច្រើន ព្រោះវាជួយកាត់បន្ថយក្តីបារម្ភរបស់អ្នកបើកបររថយន្តអគ្គិសនីអំពីការសាកថ្មឱ្យបានលឿន។

លោក Wang បានមានប្រសាសន៍ថា “ដើម្បីដោះស្រាយបញ្ហាក្តីបារម្ភរបស់អតិថិជនរបស់យើងក្នុងការសាកថ្ម យើងតែងតែខិតខំសម្រេចគោលដៅមួយគឺធ្វើយ៉ាងណាឱ្យរយៈពេលសាកថ្មរថយន្តអគ្គិសនីខ្លីដូចពេលចាក់ប្រេងរថយន្តធម្មតាដែរ”។

លោកបានបន្ថែមថា “នេះជាលើកដំបូងហើយនៅក្នុងឧស្សាហកម្មដែលការសាកថ្មឈានដល់កម្រិតមេហ្គាវ៉ាត់”។

រចនាសម្ព័ន្ធសាកថ្មថ្មីនេះនឹងត្រូវដាក់ឱ្យដំណើរការដំបូងនៅក្នុងរថយន្តអគ្គិសនីថ្មីពីរប្រភេទ៖ រថយន្តស៊េដង់ Han L និងរថយន្ត SUV Tang L ដែលមានតម្លៃចាប់ពី ២៧០,០០០ យ័ន (៣៧,៣៣០ ដុល្លារអាមេរិក) ហើយក្រុមហ៊ុន BYD បាននិយាយថា នឹងសាងសង់ឧបករណ៍ឬបង្គោលសាកថ្មលឿនបំផុតជាង ៤,០០០ កន្លែងនៅទូទាំងប្រទេសចិន ដើម្បីបំពេញតាមតម្រូវការវេទិកាថ្មីនេះ។

ក្រុមហ៊ុនមិនបានបញ្ជាក់ពីពេលវេលា ឬថាតើវានឹងវិនិយោគទឹកប្រាក់ប៉ុន្មាននៅក្នុងការសាងសង់បរិក្ខារទាំងនេះទេ។ រហូតមកដល់ពេលនេះ ម្ចាស់រថយន្ត BYD ភាគច្រើនពឹងផ្អែកលើបរិក្ខារសាកថ្មរបស់ក្រុមហ៊ុនផលិតរថយន្តផ្សេងទៀត ឬបង្គោលសាកថ្មសាធារណៈដែលដំណើរការដោយក្រុមហ៊ុនភាគីទីបី ដើម្បីសាកថ្មរថយន្តរបស់ពួកគេ។

ក្រុមហ៊ុន Tesla បានផ្តល់ជូនសេវាសាកថ្មទំនើបរបស់ខ្លួននៅប្រទេសចិនតាំងពីឆ្នាំ ២០១៤ មកម្ល៉េះ ហើយដៃគូប្រកួតប្រជែងដែលមានទំហំតូចជាងរបស់ក្រុមហ៊ុន BYD ដូចជា Nio, Li Auto, Xpeng និង Zeekr ក៏បានវិនិយោគយ៉ាងច្រើន និងសាងសង់បរិក្ខារសាកថ្មអស់រយៈពេលជាច្រើនឆ្នាំដែរ។

ក្រុមហ៊ុន BYD ភាគច្រើនពឹងផ្អែកលើរថយន្តហាយប្រ៊ីដដោតថ្ម (plug-in hybrids) សម្រាប់ការលក់របស់ខ្លួន ដែលបានឈានដល់ ៤,២ លានគ្រឿងកាលពីឆ្នាំមុន។ ក្រុមហ៊ុនមានគោលដៅលក់ឱ្យបានពី ៥ លានទៅ ៦ លានគ្រឿងនៅឆ្នាំនេះ៕
ប្រភព៖ Reuters/dc