ដោយ៖ស-សម្បត្តិ

ភ្នំពេញ ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរ ឆ្លងកាត់ទៅមកតាមផ្លូវមួយកន្លែង ស្ថិតនៅក្នុងភូមិដំណាក់ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ ជាប់របងសាលាបឋមសិក្សាសាមគ្គី បានរអ៊ូរទាំមិនដាច់ពីមាត់ពី បញ្ហាទឹកដក់ ជះក្លិនស្អុយអសោច មិនថារដូវប្រាំង ឬរដូវវស្សានោះទេ។ ចំណែកឯអាជ្ញាធរនៅមូលដ្ឋានវិញ ហាក់ដូចជារំភើយមើលមិនឃើញពីបញ្ហានេះទាល់សោះទៅហួសមកហួស។
ប្រជាពលរដ្ឋ បានឲ្យដឹងថា ទីតាំងខាងលើនេះ បើនៅខែវស្សាវិញ គឺមានទឹកលិចតែម្តង ហើយប្រសិនបើខែប្រាំងវិញគឺមានទឹកដក់ជាប់ជាប្រចាំ និងមានក្លិនស្អុយថែមទៀត ដែលធ្វើឲ្យមានផលលំបាកនិងប៉ះពាល់យ៉ាងខ្លាំងក្នុងការធ្វើដំណើរ ជាពិសេសសិស្សសាលាតូចៗ។
ប្រជាពលរដ្ឋបានឲ្យដឹងបន្ថែមទៀតថា នៅពេលខ្លះគឺត្រូវទៅផ្ទះដូរខោអាវ ដោយសារមានអ្នកជិះម៉ូតូឬរថយន្តតូចធំឆ្លងកាត់កន្លែងដែលមានទឹកដក់ក្លិនស្អុយនោះសាច ឬខ្ទាតប្រឡាក់។
ប្រជាពលរដ្ឋ ក៏បានស្នើសុំឲ្យអាជ្ញាធរមូលដ្ឋានចុះទៅមើលផង ព្រោះទីតាំងនេះមានទឹកដក់រាប់ឆ្នាំមកហើយ ដែលធ្វើឲ្យអ្នករស់នៅតំបន់នោះទ្រាំហិតក្លិនលែងបានហើយ។ម៉្យាងវិញមកដល់ឆ្នាំ២០២៥ទៅហើយផ្លូវនៅក្នុងក្រុងមិនគួរអាជ្ញាធរទុកបណ្តោយឲ្យដក់ទឹកស្អុយនៅខួបប្រាំងខួបវស្សាបង្កឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋបែបនេះតទៅទៀតនោះទេ៕
