ដោយ៖ គង់ហេង
កំពង់ចាម៖ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ក្នុងនាមខេត្តទទួលបានជ័យលាភីលេខ១ ទាំង ១០៩ ឃុំ សង្កាត់ឆ្នាំ២០២៤ ក្នុងការប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បានធ្វើការចែករំលែក បទពិសោធនៃជ័យលាភីនោះជូនដល់ខេត្តចំនួន បួន។

ការចែករំលែកនេះ បានរៀបចំឡើងក្នុងកិច្ចប្រជុំដកបទពិសោធការងារប្រឡងប្រណាំងការអនុវត្តគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានការអញ្ជើញចូលរួមពីឯកឧត្តម យុន ឈុនន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការមន្រ្តីពាក់ព័ន្ធពីខេត្តចំនួន ប្រាំ មាន៖ ខេត្តព្រៃវែង,ព្រះវិហារ,ខេត្តពោធិ៍សាត់,ខេត្តរតនគិរី និងខេត្តកំពង់ចាមជាខេត្តម្ចាស់ផ្ទះមានការចូលរួមសរុបជាង ៣០០នាក់ បានប្រព្រឹត្តទៅក្នុងសាលាខេត្តកំពង់ចាម នៅព្រឹកថ្ងៃទី ១៧ មីនានេះ។
សូមរំលឹកថា ការប្រឡង ប្រណាំងគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ខេត្តកំពង់ចាម គឺឆ្នាំ ២០២១ ទទួលបានលេខ១ ទាំង ១០៩ ឃុំ សង្កាត់ ឆ្នាំ២០២២ ទទួលបានលេខ១ ទាំង ១០៩ ឃុំ សង្កាត់ដែរនិង ឆ្នាំ២០២៣ ទទួលបានលេខ ១ ចំនួន ១០៨ ឃុំសង្កាត់ ថយមួយឃុំ ដោយសារ ការអនុវត្តដីកាចាប់ខ្លួន ចាប់អត់បានជនជាប់ចោទ គឺកាត់ពិន្ទុឃុំមួយទទួលបានលេខ២៕
