ប្រែសម្រួល៖ស-សម្បត្តិ
ប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ពូទីន បានអំពាវនាវឱ្យកងទ័ពអ៊ុយក្រែននៅក្នុងតំបន់ឃឺសនៅក្នុងទឹកដីរបស់រុស្ស៊ីចុះចាញ់ ខណៈដែលការប្តូរទស្សនៈតាមផ្លូវការទូតបន្តកើតមានឡើងអំពីលទ្ធភាពនៃការឈប់បាញ់ដែលសម្របសម្រួលដោយសហរដ្ឋអាមេរិកជាមួយអ៊ុយក្រែន។

ក្នុងកិច្ចប្រជុំជាមួយសមាជិកក្រុមប្រឹក្សាសន្តិសុខរុស្ស៊ីកាលពីថ្ងៃសុក្រ លោកពូទីនបានចោទប្រកាន់កងទ័ពអ៊ុយក្រែននៅក្នុងតំបន់នេះថាបានប្រព្រឹត្តបទឧក្រិដ្ឋប្រឆាំងនឹងជនស៊ីវិល ប៉ុន្តែបានទទួលស្គាល់បំណងប្រាថ្នារបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដូណាល់ ត្រាំ ក្នុងការសង្គ្រោះជីវិតទាហានទាំងនោះ ខណៈដែលកងកម្លាំងរុស្ស៊ីកំពុងវាយដណ្តើមយកតំបន់នេះមកវិញ ហើយបានអះអាងថាជីវិតរបស់ទាហានដែលចុះចាញ់នឹងត្រូវបានធានា។
លោកក៏បាននិយាយផងដែរថា ប្រទេសរបស់លោកកំពុងធ្វើការស្តារទំនាក់ទំនងជាមួយសហរដ្ឋអាមេរិក បន្ទាប់ពីទំនាក់ទំនងនេះ “ត្រូវបានកាត់បន្ថយស្ទើរតែដល់សូន្យ និងបំផ្លាញដោយរដ្ឋបាលអាមេរិកមុន”ដែលដឹកនាំដោយលោកJoe Biden។
“ជារួម ស្ថានការណ៍កំពុងចាប់ផ្តើមផ្លាស់ប្តូរ” លោកបាននិយាយអំពីទំនាក់ទំនងជាមួយរដ្ឋបាលលោកត្រាំ។ “សូមមើលថាតើអ្វីនឹងចេញពីការណ៍នេះ។”
ដោយអ៊ុយក្រែនកំពុងបាត់បង់ការគ្រប់គ្រងលើតំបន់ឃឺស ដែលជាប្រដាប់អាវុធតែមួយគត់ក្នុងការចរចា អ្នកវិភាគជាច្រើនជឿថាលោកពូទីនអាចកំពុងពន្យារពេលចរចាលើសំណើឈប់បាញ់រវាងសហរដ្ឋអាមេរិក-អ៊ុយក្រែន រហូតដល់តំបន់នេះត្រឡប់ទៅក្រោមការគ្រប់គ្រងរបស់រុស្ស៊ីវិញ។
កាលពីដើមសប្តាហ៍នេះ មន្ត្រីអ៊ុយក្រែនបានទទួលយកសំណើរបស់សហរដ្ឋអាមេរិកសម្រាប់ការឈប់បាញ់រយៈពេល៣០ថ្ងៃគ្របដណ្តប់លើខ្សែសមរភូមិទាំងមូល បន្ទាប់ពីបានចរចាជាមួយភាគីសហរដ្ឋអាមេរិកនៅអារ៉ាប៊ីសាអូឌីត។
មតិយោបល់របស់លោកពូទីនកើតឡើងបន្ទាប់ពីជួបជាមួយប្រតិភូពិសេសរបស់សហរដ្ឋអាមេរិក លោកស្ទីវ វីតកព កាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងម៉ូស្គូ – ជាទស្សនកិច្ចដែលរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក លោកម៉ាកូ រូប៊ីអូ បាននិយាយថាផ្តល់ “ហេតុផលដើម្បីមានសុទិដ្ឋិនិយមប្រុងប្រយ័ត្ន”។ លោកត្រាំក៏បានបង្ហាញចំណុចស្រដៀងគ្នាមុននេះនៅក្នុងថ្ងៃដដែល ដោយហៅការពិភាក្សានេះថា “ល្អនិងមានផលិតភាព” ក្នុងការបង្ហោះមួយលើ Truth Social ដោយបន្ថែមថា “មានឱកាសល្អណាស់ដែលសង្គ្រាមដ៏រន្ធត់និងបង្ហូរឈាមនេះអាចបញ្ចប់ជាចុងក្រោយ។”
លោកត្រាំក៏បាននិយាយថាលោកបាន “ស្នើយ៉ាងរឹងមាំ” ឱ្យលោកពុទីនសង្គ្រោះជីវិតទាហានអ៊ុយក្រែននៅក្នុងតំបន់ឃឺស។
“យើងយល់ថាការអំពាវនាវរបស់ប្រធានាធិបតីត្រាំគឺដើម្បីដឹកនាំដោយគិតដល់បញ្ហាមនុស្សធម៌ចំពោះទាហានទាំងនេះ” លោកពូទីនបាននិយាយកាលពីថ្ងៃសុក្រ។ “ក្នុងន័យនេះ ខ្ញុំសូមសង្កត់ធ្ងន់ថា ប្រសិនបើពួកគេដាក់អាវុធចុះនិងចុះចាញ់ ពួកគេនឹងត្រូវបានធានាជីវិតនិងការគោរពដ៏សមរម្យស្របតាមច្បាប់អន្តរជាតិនិងច្បាប់នៃសហព័ន្ធរុស្ស៊ី។”
យ៉ាងណាមិញ កងទ័ពអ៊ុយក្រែននឹងត្រូវបញ្ជាទាហាននៅក្នុងតំបន់ឃឺសឱ្យចុះចាញ់ជាមុនសិន លោកបានបន្ថែម។
កាលពីខែកុម្ភៈ បេសកកម្មត្រួតពិនិត្យសិទ្ធិមនុស្សនៅអ៊ុយក្រែនរបស់អង្គការសហប្រជាជាតិបាននិយាយថា ពួកគេមានការព្រួយបារម្ភចំពោះរបាយការណ៍ដែលថាទាហានអ៊ុយក្រែនរាប់សិបនាក់ដែលបានចុះចាញ់ចំពោះរុស្ស៊ីចាប់តាំងពីចុងខែសីហា ឆ្នាំ២០២៤ ត្រូវបាន “បាញ់សម្លាប់ភ្លាមៗនៅនឹងកន្លែង”។
“រាល់ការចោទប្រកាន់ទាំងអស់អំពីការប្រហារជីវិតលើទាហានអ៊ុយក្រែនដែលចាប់បាន និងសេចក្តីថ្លែងការណ៍ជាសាធារណៈដែលអំពាវនាវឬទទួលយកសកម្មភាពបែបនេះ ត្រូវតែស៊ើបអង្កេត” លោកស្រី ដានីអែល បែល ប្រធានបេសកកម្មបាននិយាយនៅពេលនោះ។
• «រាល់ថ្ងៃនៃសង្គ្រាមមានន័យថាបាត់បង់ជីវិត»
ចំណែកប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេឡេនស្គី កាលពីថ្ងៃសុក្របានសម្តែងការសង្ស័យអំពីចេតនារបស់លោកពូទីន និងជំរុញឱ្យសហរដ្ឋអាមេរិកចាត់វិធានការរឹងមាំដើម្បីដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមប្រឆាំងនឹងអ៊ុយក្រែន។
ក្នុងការបង្ហោះជាស៊េរីមួយលើបណ្តាញ X មេដឹកនាំអ៊ុយក្រែនបាននិយាយថាប្រទេសរបស់លោកចង់បានសន្តិភាព ដោយសរសេរថា “ចាប់តាំងពីនាទីដំបូងនៃសង្គ្រាមនេះ យើងបានចង់បានតែមួយគត់គឺឱ្យរុស្ស៊ីទុកឱ្យប្រជាជនរបស់យើងរស់នៅដោយសន្តិភាព និងឱ្យពួកកាន់កាប់រុស្ស៊ីចាកចេញពីទឹកដីរបស់យើង។”
“រាល់ថ្ងៃនៃសង្គ្រាមមានន័យថាបាត់បង់ជីវិតប្រជាជនរបស់យើង – អ្វីដែលមានតម្លៃបំផុតដែលយើងមាន” លោកបាននិយាយ។
លោកហ្សេឡេនស្គីក៏បានចោទប្រកាន់លោកពូទីនថាកំពុងព្យាយាមបំផ្លាញការចរចាសន្តិភាព និងកុហកអំពី “ស្ថានភាពពិតប្រាកដ” នៅលើសមរភូមិ។ មេដឹកនាំរុស្ស៊ីកាលពីថ្ងៃព្រហស្បតិ៍បានលើកឡើងអំពីលក្ខខណ្ឌមួយចំនួនសម្រាប់ការឈប់បាញ់ រួមទាំងថាកិច្ចព្រមព្រៀងណាមួយត្រូវតែដោះស្រាយអ្វីដែលក្រឹមឡាំងចាត់ទុកថាជា “មូលហេតុគល់” នៃជម្លោះ។
រុស្ស៊ីបានឈ្លានពានអ៊ុយក្រែនដំបូងក្នុងឆ្នាំ២០១៤ និងបានចាប់ផ្តើមការឈ្លានពានទ្រង់ទ្រាយធំក្នុងឆ្នាំ២០២២។ នៅពេលនោះ លោកពូទីនបានទាមទារថាអ៊ុយក្រែនមិនគួរត្រូវបានអនុញ្ញាតឱ្យចូលក្នុងអង្គការណាតូឡើយ ហើយថាសម្ព័ន្ធមិត្តនេះគួរតែបន្ថយភាពវត្តមានកងកម្លាំងយោធារបស់ខ្លួននៅអឺរ៉ុបខាងកើតនិងអឺរ៉ុបកណ្តាល – ដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តរបស់ខ្លួនបានច្រានចោលថាជាសំណើមិនអាចទទួលយកបាន ដោយស្តីបន្ទោសការឈ្លានពាននេះថាជាការដណ្តើមទឹកដីយ៉ាងច្បាស់ក្រឡែត។
“លោកពូទីនមិនអាចចាកចេញពីសង្គ្រាមនេះពីព្រោះនោះនឹងទុកឱ្យលោកគ្មានអ្វីទាំងអស់” លោកហ្សេឡេនស្គីបាននិយាយ។ “នោះហើយជាមូលហេតុដែលលោកកំពុងធ្វើគ្រប់យ៉ាងដើម្បីបំផ្លាញការទូតដោយកំណត់លក្ខខណ្ឌដ៏លំបាកនិងមិនអាចទទួលយកបានចាប់តាំងពីដំបូងទៅមុនពេលការឈប់បាញ់។”
លោកហ្សេឡេនស្គីបាននិយាយថាលោក “ជំរុញយ៉ាងខ្លាំង” ឱ្យប្រទេសដែលអាចមានឥទ្ធិពលលើរុស្ស៊ី ជាពិសេសសហរដ្ឋអាមេរិក ចាត់វិធានការជួយបញ្ចប់សង្គ្រាម។
“សម្ពាធត្រូវតែដាក់ទៅលើអ្នកដែលមិនចង់បញ្ឈប់សង្គ្រាម។ សម្ពាធត្រូវតែដាក់ទៅលើរុស្ស៊ី។ មានតែសកម្មភាពដាច់ខាតប៉ុណ្ណោះទើបអាចបញ្ចប់សង្គ្រាមនេះបាន ដែលបានកើតឡើងរាប់ឆ្នាំមកហើយ” លោកបាននិយាយ។
មេដឹកនាំអ៊ុយក្រែនត្រូវបានរំពឹងថានឹងចូលរួមក្នុងកិច្ចប្រជុំតាមប្រព័ន្ធអនឡាញជាមួយមេដឹកនាំអឺរ៉ុបនិងណាតូស្តីអំពីការគាំទ្រអ៊ុយក្រែននៅថ្ងៃសៅរ៍ ដែលរៀបចំដោយនាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស លោកគៀរ ស្តាមឺរ។
CNN ៖ អាឡេហ្សង់ដ្រា ហារ៉ាមីលូ និងនីក ផាតុន វ៉ុលស៍ បានរួមចំណែកក្នុងរបាយការណ៍នេះ៕
ប្រភព៖ CNN
