ដោយ៖ តារា

សិង្ហបុរី៖ អតីតភ្នាក់ងារលក់របស់ក្រុមហ៊ុនជួញដូរមាស Genneva ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល៩ខែ កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី១៣ ខែមីនា) បន្ទាប់ពីនាងបានបោកបញ្ឆោតហាងបញ្ចាំមួយដើម្បីដោះយកមាសដែលបានមកពីការបោកបញ្ឆោតវិនិយោគទុនរាប់លានដុល្លារ។
Zhang Jinxia អាយុ ៥៨ឆ្នាំ ត្រូវបានផ្តន្ទាទោសកាលពីថ្ងៃទី៦ ខែមីនា បន្ទាប់ពីការជំនុំជម្រះ ដោយមានបទចោទពីរគឺ បទបោកបញ្ឆោត និងបទល្មើសក្រោមច្បាប់ប្រឆាំងអំពើពុករលួយ ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងទៀត (ការរឹបអូសផលប្រយោជន៍) នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់នគរបាល។
នាងគឺជាអតីតភ្នាក់ងារលក់របស់ក្រុមហ៊ុន Genneva ទីពីរដែលត្រូវបានផ្តន្ទាទោសពីបទបោកបញ្ឆោតហាងបញ្ចាំដោយរាយការណ៍ក្លែងក្លាយថា នាងបានធ្វើសំបុត្របញ្ចាំបាត់។ ភ្នាក់ងារលក់ទីមួយគឺ Chen Qiaoling ត្រូវបានផ្តន្ទាទោសឱ្យជាប់ពន្ធនាគាររយៈពេល១២ខែ កាលពីខែវិច្ឆិកា ឆ្នាំ២០២១។
Genneva គឺជាក្រុមហ៊ុនវិនិយោគមាសដែលចុះបញ្ជីនៅសិង្ហបុរី ដែលលក់ដុំមាស (gold bars) ក្រោមគម្រោងទិញត្រឡប់វិញ រវាងឆ្នាំ២០០៨ និងឆ្នាំ២០១២ ដោយសន្យាផ្តល់ផលចំណេញរហូតដល់៣៦ភាគរយ ក្នុងរយៈពេលកិច្ចសន្យាមួយ។
បន្ទាប់មក អតិថិជនត្រូវបានប្រាប់ឱ្យដាក់បញ្ចាំដុំមាសនៅក្រុមហ៊ុនក្នុង “គោលបំណងត្រួតពិនិត្យ” ហើយត្រូវបានសន្យាថានឹងទទួលបានបរិមាណមាសស្មើគ្នាបន្ទាប់ពីរយៈពេលបីថ្ងៃធ្វើការ នេះបើតាមនគរបាល។
យោងតាមឯកសារតុលាការ ក្រុមហ៊ុន Genneva បានអនុវត្តគម្រោងត្រួតពិនិត្យមាសនេះចាប់ពីខែសីហា ឆ្នាំ២០១២។ ប្រសិនបើអតិថិជនមិនបានប្រគល់ដុំមាសរបស់ពួកគេសម្រាប់ការត្រួតពិនិត្យទេ ពួកគេនឹងមិនអាចបន្តកិច្ចសន្យារបស់ពួកគេជាមួយក្រុមហ៊ុន ឬលក់ដុំមាសត្រឡប់ទៅវិញនៅពេលអនាគតបានឡើយ។
ចន្លោះពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០១២ និងថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០១២ ក្រុមហ៊ុន Genneva បានប្រមូលមាសជិត ៣,៥៨០គីឡូក្រាម។
ប៉ុន្តែមានតែប្រមាណ ២,៩៤០គីឡូក្រាមប៉ុណ្ណោះដែលត្រូវបានប្រគល់ទៅអតិថិជនវិញ បន្ទាប់ពីការត្រួតពិនិត្យមាសដែលគេអះអាង ដោយនៅសល់ប្រហែល ៦៤០គីឡូក្រាម នៃមាសដែលមិនទាន់បានសង។ ចំណែកមួយនៃមាសនោះត្រូវបានលក់ បញ្ចាំ ឬប្រើប្រាស់ដើម្បីបំពេញការលក់ថ្មីៗ។
ក្រុមហ៊ុន Genneva ក៏អស់ដុំមាសសម្រាប់ប្រគល់ទៅអតិថិជនវិញ នៅពេលដែលការប្រមូលដុំមាសសម្រាប់ការត្រួតពិនិត្យបានថយចុះនៅខែកញ្ញា ឆ្នាំ២០១២ នេះបើតាមនគរបាលក្នុងសេចក្តីប្រកាសព័ត៌មានមុន។
ប្រធានផ្នែកទិញរបស់ក្រុមហ៊ុន Choo Chee Loong ត្រូវបានប្រគល់ភារកិច្ចឱ្យបញ្ចាំដុំមាសដែលប្រមូលបានពីអតិថិជនក្រោមគម្រោងត្រួតពិនិត្យ។
ដោយសារមានការកំណត់លើទម្ងន់មាសដែលមនុស្សម្នាក់អាចបញ្ចាំបាន Zhang បានយល់ព្រមជួយ Choo ក្នុងការបញ្ចាំមាស៣គីឡូក្រាម ដោយប្រកាសក្លែងក្លាយនូវឈ្មោះរបស់នាងលើសំបុត្របញ្ចាំជាអ្នកបញ្ចាំ។
បន្ទាប់មក Zhang បានប្រគល់ទៅឱ្យ Choo នូវប្រាក់កម្ចីដែលទទួលបានពីមាសដែលបានបញ្ចាំប្រហែល ១៦៨,០០០ដុល្លារសិង្ហបុរី ព្រមទាំងសំបុត្របញ្ចាំចំនួនបី នៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០១២។
ការស៊ើបអង្កេតបានបង្ហាញថា Zhang បានរាយការណ៍ក្លែងក្លាយអំពីការបាត់សំបុត្របញ្ចាំទាំងបីទៅកាន់ហាងបញ្ចាំ នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០១២ ទោះបីជានាងដឹងថាវាមិនបានបាត់ក៏ដោយ។ នៅថ្ងៃដដែល នាងបានបញ្ជាក់ទម្រង់បែបបទប្រកាសនៅចំពោះមុខអ្នកទទួលស្បថ (Commissioner for Oaths) នេះបើតាមនគរបាលបានបន្ថែម។
នគរបាលបានឱ្យដឹងថា៖ “នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០១២ Zhang Jinxia បានដាក់ទម្រង់បែបបទប្រកាសក្លែងក្លាយទៅបុគ្គលិកម្នាក់នៃហាងបញ្ចាំដែលបានរៀបរាប់ខាងលើ ហើយបានញុះញង់បុគ្គលិកនោះដោយមិនស្មោះត្រង់ឱ្យប្រគល់មាស៣គីឡូក្រាមទៅនាង ដែលនាងធ្លាប់បានជួយ Choo បញ្ចាំពីមុន។
“នៅថ្ងៃដដែល នាងបានបញ្ចាំមាស៣គីឡូក្រាមនោះនៅហាងបញ្ចាំមួយផ្សេងទៀត ដើម្បីយកប្រាក់កម្ចីចំនួន ១៦៨,០០០ដុល្លារសិង្ហបុរី។ មាស៣គីឡូក្រាមនោះត្រូវបានរឹបអូសដោយនគរបាលនៅពេលក្រោយមក។”
Zhang បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ប្រឆាំងនឹងការផ្តន្ទាទោស និងការកាត់ទោសរបស់នាង នេះបើតាមនគរបាល។
ចំពោះបទបោកបញ្ឆោត Zhang អាចត្រូវបានផាកពិន័យ និងជាប់ពន្ធនាគាររហូតដល់១០ឆ្នាំ។
អ្នកដែលត្រូវបានរកឃើញថាមានទោសក្រោមច្បាប់ប្រឆាំងអំពើពុករលួយ ការជួញដូរគ្រឿងញៀន និងបទឧក្រិដ្ឋធ្ងន់ធ្ងរផ្សេងទៀត (ការរឹបអូសផលប្រយោជន៍) អាចត្រូវបានផាកពិន័យរហូតដល់ ៥០០,០០០ដុល្លារសិង្ហបុរី ជាប់ពន្ធនាគាររហូតដល់៧ឆ្នាំ ឬទាំងពីរ៕
ប្រភព៖ CNA/rc(gr)
