ភ្នំពេញ: បុរសម្នាក់ជិះម៉ូតូក្នុងល្បឿនលឿនមិនប្រយ័ត្នជ្រុលទៅបុកខឿនសួនច្បារចែកទ្រូងផ្លូវហើយខ្ទាតទៅប៉ះនឹងបង្គោលស្លាកប៉ាន់ណូបណ្ដាលឲ្យបាក់កស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ។ សហតុការណ៍នេះបានកើតឡើងនៅម៉ោង២និង២៥នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី១៤ខែមីនាឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវជាតិលេខ៣ ភូមិថ្នល់បំបែក សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សពបុរសរងគ្រោះឈ្មោះ ស៊ាង ដំ អាយុ៣០ ឆ្នាំ មានស្រុកកំណើតនៅឃុំអង្គព្រះសាទ ស្រុកគិរីរម្យ ខេត្តតាកែវ។ មានអាសយដ្ឋាន ផ្ទះលេខ២៩៩ ផ្លូវលំ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សាក្សីនៅកន្លែងកើតហេតុបានឲ្យដឹងថា៖ នៅមុនពេលកើតហេតុ គេឃើញបុរសរងគ្រោះខាងលើជិះម៉ូតូម្នាក់ឯងម៉ាកហុងដាឌ្រីមសង់ ពណ៌ខ្មៅពាក់ផ្លាកលេខភ្នំពេញ1CN-9863 ធ្វើដំណើរចុះពីលើស្ពានអាកាសចោមចៅក្នុងទិសដៅពីជើងមកត្បូងក្នុងល្បឿនលឿន។ខណៈពេលផុតពីស្ពានប្រមាណជាង២០០ម៉ែត្រស្រាប់តែទៅបុកជាមួយនឹងខឿនសួនច្បារចែកទ្រូងផ្លូវបណ្ដាលឲ្យដួលខ្ទាតបោកប៉ះជាមួយបង្គោលស្លាកប៉ាន់ណូបណ្ដាលបាក់កស្លាប់ភ្លាមៗ ចំណែកម៉ូតូវិញខ្ទាតអូសទៅមុខជាច្រើនម៉ែត្រ។
ក្រោយកើតហេតុ ពលរដ្ឋនៅទីតាំងក្បែរនោះបាននាំគ្នាជួយសង្គ្រោះបឋមនិងទាក់ទងហៅរថយន្តសង្គ្រោះរបស់អង្គភាព៧១១កងពលតូចលេខ៧០មកដល់ធ្វើការពិនិត្យសង្រ្គោះដែរ តែជាអកុសលជនរងគ្រោះបានផុតដង្ហើមបាត់ទៅហើយ បន្ទាប់មកបានរាយការណ៍ទាក់ទងទៅនគរបាលមូលដ្ឋានប៉ុស្តិ៍ចុះមកអន្តរាគមន៍ភ្លាមៗពិនិត្យលើសព រួចធ្វើការស្រាវជ្រាវទាក់ទងរកសាច់ញាតិ៕
ដោយ៖ សហការី
