ប្រែសម្រួល ៖ លន ស្រស់
អាកាសយានដ្ឋាន Changi របស់សិង្ហបុរី ដែលជាទីតាំងនៃទឹកធ្លាក់ក្នុងអគារធំជាងគេបំផុតនៅលើពិភពលោក ត្រូវបានបោះឆ្នោតជ្រើសរើសជាអាកាសយានដ្ឋានល្អបំផុតនៅអាស៊ី ក្នុងពានរង្វាន់ Reader’s Choice ប្រចាំឆ្នាំនេះ ដែលរៀបចំដោយទស្សនាវដ្តីធ្វើដំណើរ DestinAsian។

សិង្ហបុរីបន្តគ្រប់គ្រងលើវិស័យអាកាសចរណ៍អន្តរជាតិ ជាមួយនឹងអាកាសយានដ្ឋាន Changi ដែលបន្តឈ្នះលើគូប្រជែងដើម្បីទាមទារតំណែងជាអាកាសយានដ្ឋានល្អបំផុតនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក និងជាញឹកញាប់ក៏ជាអាកាសយានដ្ឋានល្អបំផុតក្នុងពិភពលោកផងដែរ នេះបើតាមការសរសេររបស់ទស្សនាវដ្តីនោះ។
អាកាសយានដ្ឋាននេះបង្ហាញពីបទពិសោធធ្វើដំណើរដែលរលូន ដោយផ្តល់ជូននូវការចុះឈ្មោះស្វ័យប្រវត្តិ និងច្រកអន្តោប្រវេសន៍ស្វ័យប្រវត្តិ ទីកន្លែងស្ងប់ស្ងាត់ដែលតុបតែងដោយសិល្បៈទំនើប និងដើមឈើបៃតង រោងកុនបើក 24/7 មានជម្រើសអាហារជាច្រើន និងអ្វីៗជាច្រើនទៀត។
ថ្មីៗនេះ Changi បានក្លាយជាអាកាសយានដ្ឋានមួយក្នុងចំណោមអាកាសយានដ្ឋានដំបូងៗនៅទូទាំងពិភពលោក ដែលអនុវត្តការឆ្លងកាត់អន្តោប្រវេសន៍ដោយមិនប្រើលិខិតឆ្លងដែននៅគ្រប់អគារទាំងអស់ ដែលអនុញ្ញាតឱ្យអ្នកដំណើរឆ្លងកាត់អន្តោប្រវេសន៍ក្នុងរយៈពេលតិចជាង១០វិនាទី។
ពានរង្វាន់អបអរសាទរគោលដៅ សណ្ឋាគារ ក្រុមហ៊ុនអាកាសចរណ៍ និងសេវាកម្មធ្វើដំណើរល្អបំផុតនៅទូទាំងតំបន់ ដោយផ្អែកលើការបោះឆ្នោតពីអ្នកដំណើរដែលមានរាប់ពាន់នាក់ទូទាំងពិភពលោក។ ចំណាត់ថ្នាក់ផ្តោតសំខាន់លើគុណភាពសេវាកម្ម បទពិសោធធ្វើដំណើរ ហើយសំខាន់បំផុត គឺការពេញចិត្តរបស់អ្នកទស្សនា។
អាកាសយានដ្ឋាន Suvarnabhumi នៃទីក្រុងបាងកក បានមកលេខពីរ បន្ទាប់មកគឺអាកាសយានដ្ឋានអន្តរជាតិហុងកុង និងអាកាសយានដ្ឋានអន្តរជាតិ Ngurah Rai នៅបាលី។
អាកាសយានដ្ឋានអន្តរជាតិ Soekarno-Hatta នៅហ្សាកាតា ស្ថិតនៅលំដាប់ទី៥៕
ប្រភព ៖ Vnexpress
