ដោយ៖ ព្រះអង្គខ្មៅ

បាត់ដំបង÷ លំនៅឋានរបស់ប្រជាពលរដ្ឋក្នុងស្រុកសង្កែ បានរងការបំផ្លាញដោយខ្យល់កន្ត្រាក់បោកបក់គ្របដណ្តប់ខ្លាំងប៉ះពាល់ខូចខាតជាង ៥០ខ្នង។
លោក នាង ច័ន្ទថារ៉ា អភិបាលស្រុកសង្កែ បានបញ្ជាក់ប្រាប់ឲ្យដឹងថា÷ គ្រោះធម្មជាតិខ្យល់កន្ត្រាក់នេះបានកើតឡើងនៅវេលាម៉ោងជិត ៥:០០នាទីល្ងាច ថ្ងៃទី ១២ ខែមីនា ឆ្នាំ ២០២៥។
តាមរបាយការណ៍បឋម បាតុភូមិធម្មជាតិនេះបានបង្កការប៉ះពាល់ខ្នងផ្ទះប្រជាពលរដ្ឋចំនួន ៣ភូមិ ក្នុងឃុំអូរដំបង១ ស្រុកសង្កែ ខេត្តបាត់ដំបង រួមមានភូមិអូរខ្ជាយត្បូង ខូចខាតផ្ទះប៉ើងដំបូល សំយាប ជញ្ជាំងផ្ទះចំនួន ៩ខ្នង, ភូមិអូរស្រឡៅ ប៉ះពាល់ខូចខាតចំនួន ៣៧ខ្នង រលំរាបដល់ដី ១ខ្នង និងភូមិវត្តចែង ខូចខាតចំនួន ១១ខ្នង សរុបទាំងអស់ចំនួន ៥៧ខ្នង។
លោកអភិបាលស្រុកបានបន្តថា÷ តំបន់ខាងលើនៅព្រឹក ថ្ងៃទី ១៣ ខែមីនា នេះមេឃកំពុងធ្លាក់ភ្លៀងបន្ថែមទៀត លោកនឹងដឹកនាំមន្ត្រីក្រោមឱវាទចុះពិនិត្យជាថ្មីទៀត៕
