កីឡា

បិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯក របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ

ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ នាល្ងាចថ្ងៃទី១២ខែមីនាឆ្នាំ២០២៥ នៅទីលានវាលស្មៅធម្មជាតិនៃសហព័ន្ធបាល់ទាត់កម្ពុជាក្នុងបរិវេណវិទ្យាល័យហ៊ុន សែនខ្លាកូន នាវិថី៧មករា ភូមិខ្លាកូនថ្មី សង្កាត់កំពង់ស្វាយ ក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ មានពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកឆ្នាំ២០២៥។

លោកយឹម សំណាង អភិបាលរងខេត្ត លោកឈួ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបិទការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ របស់មន្ទីរអប់រំ យុវជននិងកីឡាខេត្តបន្ទាយមានជ័យ ។

លោក ឈូ ប៊ុនរឿង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា: កីឡាករ កីឡាការិនី គឺជាទំពាំងស្នងឫស្សី។ ការប្រកួតកីឡាជ្រើសរើសជើងឯកនៅក្នុងពេលនេះ គឺជាការប្រកួតដើម្បីផ្លាស់ប្តូរបទពិសោធពីគ្នាទៅវិញទៅមក ក្នុងន័យសាមគ្គីភាព មិត្តភាព និងចេះយោគយល់អធ្យាស្រ័យគ្នា។

លោកបានបន្តថា : មន្ទីរសហការនឹងអង្គភាព ផ្នែកពាក់ព័ន្ធរៀបចំការប្រកួតកីឡាសិស្សមធ្យមសិក្សាជ្រើសរើសជើងឯកប្រចាំឆ្នាំ២០២៥ រយ:ពេល៤ថ្ងៃ ពីថ្ងៃទី៩-១២ខែមីនាឆ្នាំ២០២៥ នៅទីលានបរិវេណមន្ទីរអយកខេត្ត ,វិទ្យាល័យហ៊ុន សែនខ្លាកូន , វិទ្យាល័យសម្តេចឪ ,អនុវិទ្យាល័យកំពង់ស្វាយ និងវិថី៧មករាក្នុងក្រុងសិរីសោភ័ណ។ព្រឹត្តិការណ៍នេះបានប្រព្រឹត្តទៅរលូន ឱឡារឹកទាំងលើបច្ចេកទេស សន្តិសុខសណ្តាប់ធ្នាប់ ។

លោកឈួ ប៊ុនរឿង បានបន្តថា: យោងគណ:កម្មការបច្ចេកទេស លទ្ធផលនៃការប្រកួតតាមប្រភេទវិញ្ញាសា មានដូចតទៅ : ទី១- បាល់ទាត់បុរស លេខ១បានទៅក្រុងសិរិសោភ័ណ( មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន) លេខ២ ស្រុកថ្មពួក (មកពីវិទ្យាល័យថ្មពួក) លេខ៣ ក្រុងប៉ោយប៉ែត ។ទី២-បាល់ទាតនារី លេខ១ បានទៅស្រុកម៉ាឡៃ( មកពីវិទ្យាល័យម៉ាឡៃ) លេខ២ ស្រុកថ្មពួក ។លេខ៣ ស្រុកភ្នំស្រុក ។ទី៣-បាល់ទះបុរស លេខ១ បានទៅក្រុងប៉ោយប៉ែត លេខ២ ស្រុកមង្គលបូរីនិងលេខ៣ ស្រុកព្រះនេត្រព្រះ ។ ទី៤-បាល់ទះនារី លេខ១ បានទៅស្រុកព្រះនេត្រព្រះ(មកពីវិទ្យាល័យជប់វារី) លេខ២ ក្រុងប៉ោយប៉ែត និងលេខ៣ ស្រុកមង្គលបូរី ។ទី៥-បាល់បោះបុរស លេខ១ បានទៅក្រុងសិរីសោភ័ណ( មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន) លេខ២ ស្រុកមង្គលបូរី និងលេខ៣ស្រុកព្រះនេត្រព្រះ។ទី៦-បាល់បោះនារី លេខ១ បានទៅក្រុងប៉ោយប៉ែត(វិទ្យាល័យដុនប៉ូស្គូ) លេខ២ ក្រុងសិរីសោភ័ណ(មកពីវិទ្យាល័យហ៊ុន សែនខ្លាកូន)និងលេខ៣ ស្រុកមង្គលបូរី។ទី៧- ប្រភេទវិញ្ញាសាអត្តពលកម្ម បុរស/នារី មានរត់ល្បឿន លោតកម្ពស់ ចោលដុំដែក និងទី៨ – ប្រភេទវិញ្ញាសាប៊ូល និងប៉េតង់ បុរស នារី ដែលទើបបញ្ចូលប្រកួតលើកដំបូងនៅឆ្នាំនេះ មានវិញ្ញាសា៣ទល់៣  ដែលមាន៤ក្រុមគឺ បុរសលេខ១ ស្រុកព្រះនេត្រព្រះ លេខ២ ក្រុងសិរីសោភ័ណ លេខ៣ ស្រុកម៉ាឡៃ ។ នារី លេខ១ ស្រុកស្វាយចេក លេខ២ ក្រុងសិរីសោភ័ណនិងលេខ៣ ស្រុកម៉ាឡៃ ។

គណៈអធិបតីមានលោកយឹម សំណាង អភិបាលរងខេត្ត លោកឈួ ប៊ុន រឿង ប្រធានមន្ទីរអប់រំ យុវជននិងកីឡាខេត្ត លោកស្រេង សុផល អភិបាលក្រុងនិងភ្ញៀវកិត្តិយសបានអញ្ជើញផ្តល់ពាន ទង់និងរង្វាន់ព្រមទាំងថវិកាដល់ក្រុមនិងបុគ្គលនៃអង្គភាពកីឡាដែលទទួលជ៏យលាភី ហើយប!នថតរូបអនុស្សាវរីយ៍។

ចុងក្រោយលោកប្រធានមន្ទីរអប់រំបានផ្តល់សម្ភាសន៍ដល់សារព័ត៌មានដោយបញ្ជាក់ថា : ដោយបានការឧបត្ថម្គ គាំទ្រពីក្រសួងអប់រំ យុវជននិងកីឡា អាជ្ញាធរខេត្តនិងផ្នែកពាក់ព័ន្ធ មន្ទីរទទួលបាននូវការកសាងនិងអភិវឌ្ឍន៍សមិទ្ធផលជាច្រើនលើវិស័យកីឡាតាំងពីសម្ភារ បច្ចេកទេស ទីលានកីឡា ទីកន្លែងអង្គុយមើលកីឡា(ស្តាត) ហើយមន្ទីរមានទិសដៅពង្រីកបន្ថែមទាំងហេដ្ឋារចនាសម្ព័ន្ធ ធនធានវិជ្ជាជីវ: កីឡា ប្រភេទកីឡាថ្មីៗបន្ថែមទៀត ៕