ដោយ : បន្ទាយ

បន្ទាយមានជ័យ៖ មន្ទីរកិច្ចការនារីខេត្តបន្ទាយមានជ័យ សហការជាមួយរដ្ឋបាលខេត្ត បានរៀបចំប្រារព្ធទិវាអន្តរជាតិនារី ៨មីនា ខួបលើកទី១១៤ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សិទ្ធិ សមភាព និងភាពអង់អាចចំពោះស្ត្រីនិងក្មេងស្រីគ្រប់រូប” ទោះបីជាទើបប្រព្រឹត្តឡើងកាលពីថ្ងៃទី១១ខែមីនាឆ្នាំ២០២៥ ។
លោកស្រី ម៉េង គឹមហួយ ប្រធានមន្ទីរកិច្ចការនារីខេត្ត បានឲ្យដឹងថា ការរៀបចំប្រារព្ធពិធីអបអរសាទរខួបលើកទី១១៤ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២៥ ដែលក្រសួងកិច្ចការនារីនិងគណៈកម្មការរៀបចំបានជ្រើសរើសយកប្រធានបទដូចខាងលើ ដែលនេះជាយុទ្ធនាការជាតិ ដើម្បីអបអរសាទរនូវវឌ្ឍនភាព និងសមិទ្ធផលរបស់ស្ត្រី ឆ្លុះបញ្ចាំងលើមេរៀនបទពិសោធ បញ្ហាប្រឈម កាលានុវត្តភាព ។
លោក អ៊ុំ រាត្រី អភិបាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ថា រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីបានបន្តកំណត់ការលើកកម្ពស់ សមភាពយេនឌ័រ និងការបង្កើនភាពអង់អាចរបស់ស្ត្រី និងក្មេងស្រីនៅគ្រប់វិស័យជាអាទិភាព នៅក្នុងរបៀបវារៈគោលនយោបាយនិងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ។
ចុងពិធី មានការប្រគល់ ទទួលបាច់ផ្កានិងត្រកផ្លែឈើ ដែលជាវត្ថុអនុស្សាវរីយ៍ ដើម្បីបានយល់ច្បាស់ថា “ស្ត្រីគឺជាស្នូល” និងបន្តាប់មក លោកស្រី រស់ សុផានី អភិបាលរងខេត្ត តំណាងអភិបាលខេត្ត រួមនិងអ្នកអមដំណើរបានចុះសាកសួរសុខទុក្ខ និងអំណោយជាថវិកាជនរងគ្រោះគ្រឿងញៀនជាស្ត្រី ក្នុងទិវានេះនៅមជ្ឈមណ្ឌលជីវិតថ្មីភ្នំបាក់ ក្រុងសេរីសោភ័ណ ៕
