ប្រែសម្រួល៖រតនា

ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀរ ហ្សេឡិនស្គី បានមានប្រសាសន៍កាលពីថ្ងៃអង្គារថា អ៊ុយក្រែនបានទទួលយកការបញ្ឈប់ការប្រយុទ្ធរយៈពេល ៣០ថ្ងៃ ដែលស្នើឡើងដោយសហរដ្ឋអាមេរិក បន្ទាប់ពីការចរចាសន្តិភាពដ៏សំខាន់រវាងមន្ត្រីសហរដ្ឋអាមេរិក និងអ៊ុយក្រែននៅប្រទេសអារ៉ាប៊ីសាអូឌីត។
សំណើបញ្ឈប់ការប្រយុទ្ធដែលអ៊ុយក្រែនបានទទួលយក គ្របដណ្តប់លើខ្សែប្រយុទ្ធទាំងមូលជាមួយ រុស្ស៊ី មិនមែនត្រឹមតែតាមផ្លូវអាកាស និងសមុទ្រប៉ុណ្ណោះទេ លោក ហ្សេឡិនស្គី បានមានប្រសាសន៍បន្ទាប់ពីកិច្ចប្រជុំដែលប្រព្រឹត្តទៅអស់រយៈពេលជាង៨ម៉ោង។
“អ៊ុយក្រែនទទួលយកសំណើនេះ យើងចាត់ទុកវាជាវិជ្ជមាន យើងត្រៀមខ្លួនរួចរាល់ក្នុងការធ្វើជំហានបែបនេះ ហើយសហរដ្ឋអាមេរិកត្រូវតែបញ្ចុះបញ្ចូលរុស្ស៊ីឱ្យធ្វើដូចគ្នា” លោក ហ្សេឡិនស្គី បានមានប្រសាសន៍ ដោយបន្ថែមថា ការបញ្ឈប់ការប្រយុទ្ធនឹងចាប់ផ្តើមនៅពេលដែលក្រុងម៉ូស្គូយល់ព្រម៕
ប្រភព៖CNN
