បច្ចេកវិទ្យា

អាកាសយានដ្ឋានសិង្ហបុរី និង Scoot នឹងហាមប្រាមការប្រើប្រាស់ និងការសាកផោវ័របេង (power bank) នៅលើជើងហោះហើរ

ប្រែសម្រួល ៖ លន ស្រស់
សិង្ហបុរី៖ ចាប់ពីខែមេសា តទៅ អ្នកធ្វើរដំណើរតាមអាកាសយានដ្ឋានសិង្ហបុរី (SIA) និង Scoot នឹងមិនត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ផោវ័របេងដើម្បីសាកឧបករណ៍របស់ពួកគេនៅលើជើងហោះហើរទេ។

ពួកគេក៏នឹងមិនត្រូវបានអនុញ្ញាតឱ្យសាកផោវ័របេងរបស់ពួកគេដោយប្រើប្រាស់ច្រក USB នៅលើយន្តហោះដែរ ដោយក្រុមហ៊ុនអាកាសចរណ៍បានថ្លែងនៅក្នុងការផ្សាយតាម Facebook កាលពីថ្ងៃពុធ (១២ មីនា)។

អ្នកដំណើរអាចនាំយកផោវ័របេងដែលមានសមត្ថភាពរហូតដល់ ១០០ វ៉ាត់ម៉ោង (Wh) ដោយមិនចាំបាច់មានការអនុម័ត ចំណែកឯផោវ័របេងដែលមានសមត្ថភាពចន្លោះពី ១០០ វ៉ាត់ម៉ោង ដល់ ១៦០ វ៉ាត់ម៉ោង ត្រូវការការអនុម័ត។ ផោវ័របេងដែលមានសមត្ថភាពលើសពី ១៦០ វ៉ាត់ម៉ោង មិនត្រូវបានអនុញ្ញាតឱ្យនាំយកទៅលើជើងហោះហើរទេ។

“ក្រុមហ៊ុន SIA អនុវត្តតាមបទប្បញ្ញត្តិទំនិញគ្រោះថ្នាក់របស់សមាគមដឹកជញ្ជូនតាមអាកាសអន្តរជាតិ (IATA) ទាក់ទងនឹងការដឹកជញ្ជូនផោវ័របេង ដែលត្រូវបានចាត់ថ្នាក់ជាថ្មលីចូម” នេះបើតាមការអះអាងរបស់ក្រុមហ៊ុនអាកាសចរណ៍ទាំងពីរ។

ផោវ័របេងត្រូវតែដាក់ក្នុងកាបូបយកជាប់ខ្លួននៅលើជើងហោះហើរ SIA និងស្កូតទាំងអស់។ វាមិនត្រូវបានអនុញ្ញាតឱ្យដាក់ក្នុងអីវ៉ាន់ដែលត្រូវពិនិត្យ (checked baggage) ទេ។

ក្រុមហ៊ុនអាកាសចរណ៍ផ្សេងទៀត រួមទាំងក្រុមហ៊ុន Air Busan របស់កូរ៉េខាងត្បូង ក៏បានអនុវត្តវិធានការប្រហាក់ប្រហែលគ្នានេះផងដែរ។

ក្រុមហ៊ុនអាកាសចរណ៍តៃវ៉ាន់ EVA Air បានហាមប្រាមការប្រើប្រាស់និងការសាកផោវ័របេងនៅអំឡុងពេលហោះហើរ។ ក្រុមហ៊ុនបានណែនាំឱ្យអ្នកដំណើរសាកឧបករណ៍របស់ពួកគេឱ្យពេញមុនពេលឡើងយន្តហោះ។

ក្រុមហ៊ុនអាកាសចរណ៍ថៃ (Thai Airways) បានប្រកាសកាលពីថ្ងៃចន្ទថា ក្រុមហ៊ុននឹងហាមប្រាមការប្រើប្រាស់ផោវ័របេងនៅលើយន្តហោះរបស់ខ្លួនចាប់ពីថ្ងៃទី១៥ ខែមីនា។ នេះគឺដើម្បីធានា “កម្រិតសុវត្ថិភាពខ្ពស់បំផុតសម្រាប់អ្នកដំណើរនិងបុគ្គលិក” ក្រុមហ៊ុនបានបន្ថែម។

នៅឆ្នាំ២០២៣ ផោវ័របេងមួយបានឆេះ នៅលើជើងហោះហើររបស់ស្កូតដែលធ្វើដំណើរទៅសិង្ហបុរីពីតៃប៉ិ។ វាបានឡើងកម្ដៅខ្លាំងនៅពេលដែលយន្តហោះនៅលើដី ក្រុមហ៊ុនស្កូតបាននិយាយនៅពេលនោះ៕
ប្រភព៖ CNA/nh(mi)