ដោយ : បន្ទាយ

បន្ទាយមានជ័យ ៖ ពិធីប្រកាសកាត់ខ្សែបូឆ្លងបង្កាន់ដៃនាគចូលព្រះវិហារនិងពិធីប្រគេន ព្រះរាជប្រកាសនីយបត្រ ប្រកាសតែងតាំងនិងស្រោចស្រពសុគន្ធវារី ប្រគេនព្រះគ្រូ កោសលមេធី ភាច សឺត ព្រះអនុគណស្រុកអូរជ្រៅ និងព្រះមន្ត្រីសង្ឃព្រះចៅអធិការវត្តក្នុងស្រុកអូរជ្រៅ ស្ថិតនៅក្នុងវត្តពោធិសុរិយារាមឃុំកូប ស្រុកអូរជ្រៅ កាលពីថ្ងៃទី១០ខែមីនាឆ្នាំ២០២៥ ។
លោក លី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ បានអញ្ជើញជាអធិបតីភាព ។
ព្រះតេជគុណ ឌឹម ស៊ីយ៉េត បានឡើងប្រកាសព្រះរាជប្រកាសនីយបត្រ ប្រកាសតែងតាំងនិងប្រគល់ប្រគេន ដល់ព្រះមន្ត្រីសង្ឃស្រុក ។
ព្រះឧត្តមសីលញាណ ធុល សុធា ព្រះមេគណខេត្តបន្ទាយមានជ័យបានមានសង្ឃដីកាថា: សាសនាព្រះពុទ្ធ ជាប្រភពផ្តល់នូវគុណតម្លៃ ដ៏សំខាន់ ដែលមានឥទ្ធិពល ដល់របបនយោបាយ ច្បាប់ វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ហើយការប្រតិបត្តិខាងសាសនា នៅក្នុងសង្គមនីមួយៗ តែងមានជាប់ទាក់ទងគ្នាជាមួយប្រពៃណី ទំនៀមទម្លាប់ វប្បធម៌ផងដែរ ។
ព្រះឧត្តមសីលញាណ ធុល សុធា បានមានសង្ឃដីកាបន្តថា: ក្រសួងធម្មការនិងសាសនា បានដាក់ចេញនូវអភិក្រម ស៣ សម្រាប់គ្រប់គ្រងវត្តអារាមទូទាំងប្រទេសសម្រាប់អនុវត្តហើយមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ ក៏បានចេញសេចក្ដីណែនាំបន្ថែម ឲ្យវត្តអារាមធ្វើស្លាកសញ្ញាសម្រាប់ការផ្សព្វផ្សាយជាសាធារណៈផងដែរ ។
ក្នុងនោះគឺ ស១ វត្តស្អាត បរិស្ថានស្អាតអនាម័យល្អសំណង់មានរបៀបរៀបរយជា រមណីយដ្ឋានសាសនា ជាបុញ្ញខេត្តសម្រាប់ពុទ្ធបរិស័ទ ស២ វត្តស្វាង ជាទីកន្លែងផ្តល់នូវចំណេះ ការអប់រំដឹងតាមរយៈ ជាកន្លែងដុសខាត់ចិត្តបណ្ដុះបញ្ញាស្មារតី ឲ្យស្គាល់ គុណធម៌ សីលធម៌ សុជីវធម៌ចូលមកងងឹត ទៅវិញភ្លឺ ។
ស៣ វត្តស្ងប់ ជាកន្លែងគ្មានអធិករណ៍ គ្មានជម្លោះ ជាកន្លែងធ្វើសមាធិកម្មដ្ឋានហ្វឹកហាត់អប់រំចិត្តបន្ទោបង់ នូវកិលេស ធ្វើឲ្យចិត្តស្ងប់ប្រាសចាកនូវគ្រឿងពន្ធកិច្ចនានា ដែលជាគ្រឿងជាប់ជំពាក់។
លោកលី សុវណ្ណារិទ្ធ អភិបាលរងខេត្តបន្ទាយមានជ័យ តាមរយៈអភិក្រម ស៣ ដែលក្រសួងធម្មការនិងសាសនាបានដាក់ចេញនេះ សង្ឃឹមថាគណៈគ្រប់គ្រងវត្តអារាមទាំងអស់នឹងខិតខំបង្កើតនូវវិធីសាស្ត្រ និងបន្តយន្តការថ្មីៗ សសម្រាប់បង្កើនប្រសិទ្ធភាពនៃការដឹកនាំ។ ការពង្រឹងពង្រីកសាមគ្គីធម៌ និងការអភិវឌ្ឍប្រកបដោយចីរភាព។
បញ្ចប់នៃកម្មវិធីគណៈអធិបតីបានបំពាក់នូវគ្រឿងឥស្សរិយយសដល់ព្រះមន្ត្រីសង្ឃនិងពិធីស្រោចស្រពសុគន្ធារីនិងរាប់បាត្រព្រះសង្ឃផងដែរ ៕
