ដោយ៖សុខុម

ស្ទឹងត្រែង៖ មួយរយៈពេលចុងក្រោយនេះ មន្រ្តីការពារព្រៃនៃរដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់ សហការជាមួយកម្លាំងពាក់ព័ន្ធបានចុះដល់គោលដៅដីសំខាន់ៗក្នុងតំបន់សហគមន៍ព្រៃឈើនិងបានដកហូតទុកជាទ្រព្យសម្បត្តិរដ្ឋវិញបានជាង១២០ហិកតាក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង។
លោក ហ៊ុន សំអឿន នាយផ្នែករដ្ឋបាលព្រៃឈើស្រុកថាឡាបរិវ៉ាត់បាននិយាយថា៖ ដីដែលដកហូតបានតាមរយៈអនុវត្តដីការបស់តុលាការនិងប្រគល់ឱ្យដោយស្ម័គ្រចិត្តផងនោះ គឺជាការយល់ដឹងរបស់ប្រជាពលរដ្ឋ ក្រោយមន្រ្តីជំនាញសហការជាមួយសហគមន៍ការពារព្រៃឈើ និងសមត្ថកិច្ចពាក់ព័ន្ធចុះអប់រំណែនាំផ្សព្វផ្សាយស្តីពីទោសទណ្ឌកាប់បំផ្លាញព្រៃឈើ។
លោកនាយផ្នែករដ្ឋបាលព្រៃឈើបាននិយាយបន្តទៀតថា៖ ដើម្បីអនុវត្តតាមគោលនយោបាយ របស់ប្រមុខរាជរដ្ឋាភិបាលក្នុងការផ្តល់ដីរក្សាព្រៃ ប្រជាពលរដ្ឋដែលអត់ដីពិតប្រាកដបានប្រគល់ដីដែលខ្លួនកាន់កាប់ដោយខុសច្បាប់ព្រៃសហគមន៍ឱ្យរដ្ឋវិញ។
បន្ទាប់មកពលរដ្ឋទាំងនោះបានទៅដាក់ពាក្យស្នើសុំដីតាមគោលការណ៍ចែកដីធ្លីស្របច្បាប់ ដើម្បីស្នាក់នៅឍ បង្កបង្កើនផលកសិកម្មក្នុងស្រុកសេសាន៕
