អន្តរជាតិ

មេដឹកនាំស្មោះត្រង់នឹងរដ្ឋាភិបាលស៊ីរីត្រូវបានចោទប្រកាន់ពីការសម្លាប់ជនស៊ីវិលនៅពេលដែលអំពើហិង្សាផ្ទុះឡើង

ប្រែសម្រួល៖ ស-សម្បត្តិ

ក្រុមបុរសប្រដាប់អាវុធដែលស្មោះត្រង់នឹងរដ្ឋាភិបាលស៊ីរីបានអនុវត្តការប្រហារជីវិតនៅមូលដ្ឋាន និងបាននិយាយអំពីការជម្រះប្រទេសឲ្យបរិសុទ្ធ យោងតាមសាក្សី និងវីដេអូ ដែលបង្ហាញពីរូបភាពគួរឱ្យរន្ធត់នៃការបង្ក្រាបប្រឆាំងនឹងសំណល់របបអាសាដពីមុន ដែលបានរីករាលដាលទៅជាការសម្លាប់តាមសហគមន៍។

ប្រទេសស៊ីរីបានជួបប្រទះនូវការផ្ទុះអំពើហិង្សាអាក្រក់បំផុតចាប់តាំងពីការទម្លាក់ចេញពីអំណាចអតីតប្រធានាធិបតី បាសារ អាល់-អាសាដ កាលពីចុងឆ្នាំមុន បន្ទាប់ពីបុរសប្រដាប់អាវុធបានចុះទៅដល់តំបន់ដែលមានជនជាតិអាឡាវីត កាលពីថ្ងៃព្រហស្បតិ៍ ក្នុងអ្វីដែលអាជ្ញាធរស៊ីរីបាននិយាយថាជាការប៉ុនប៉ងបង្ក្រាបការបះបោរដោយក្រុមឧទ្ទាមដែលនៅតែស្មោះត្រង់ចំពោះអតីតរដ្ឋាភិបាល។

ក្រុមតាមដានឯករាជ្យដែលមានមូលដ្ឋាននៅចក្រភពអង់គ្លេស គឺបណ្តាញសិទ្ធិមនុស្សស៊ីរី (SNHR) បាននិយាយថា យ៉ាងហោចណាស់មនុស្ស ៦៤២ នាក់បានស្លាប់ក្នុងអំពើហិង្សា រួមទាំងជនស៊ីវិលជាច្រើននាក់ដែលត្រូវបានសម្លាប់បន្ទាប់ពីកម្លាំងរដ្ឋាភិបាលបានប្រព្រឹត្ត “ការប្រហារជីវិតនៅមូលដ្ឋានយ៉ាងទូលំទូលាយ” លើបុរសវ័យក្មេង និងមនុស្សពេញវ័យ។

ប្រធានាធិបតីបណ្តោះអាសន្ននៃប្រទេសស៊ីរី អាហ្មាដ អាល់-សារៀ កាលពីថ្ងៃអាទិត្យបានស្តីបន្ទោសអំពើហិង្សាទៅលើសំណល់កម្លាំងរបស់អាសាដ និងបាននិយាយថា រដ្ឋាភិបាលរបស់លោកនឹងដាក់ការទទួលខុសត្រូវចំពោះជនណាម្នាក់ដែលពាក់ព័ន្ធក្នុងការស្លាប់របស់ជនស៊ីវិល។

“យើងនឹងមិនអត់ឱនចំពោះសំណល់កម្លាំងរបស់អាសាដទេ” លោកបាននិយាយ។ “ពួកគេមានជម្រើសតែមួយគត់៖ ការដាក់ខ្លួនឱ្យចុះចូលនឹងច្បាប់ភ្លាមៗ។”

លោកក៏បានអំពាវនាវឱ្យមានសាមគ្គីភាពជាតិ ដោយពិពណ៌នាការប៉ះទង្គិចថាជា “បញ្ហាប្រឈមដែលគេរំពឹងទុក”។ ការិយាល័យរបស់លោកបានបញ្ជាឱ្យបង្កើតគណៈកម្មការដើម្បីស៊ើបអង្កេត និងចូលរួមជាមួយប្រជាជននៅតំបន់ដែលរងផលប៉ះពាល់។ CNN បានទាក់ទងរដ្ឋាភិបាលស៊ីរីដើម្បីសុំការបញ្ចេញមតិ។

  • «ពួកគេបានប្រកាសជីហាដមកលើយើង»

«បុរសប្រដាប់អាវុធកំពុងធ្វើចលនាពីផ្ទះមួយទៅផ្ទះមួយវាយប្រហារមនុស្សក្នុងទម្រង់ជាការកម្សាន្ត… ពួកគេបានប្រកាសជីហាដមកលើយើងពីគ្រប់ទិសទីនៃប្រទេសស៊ីរី» នេះជាការលើកឡើងរបស់អ្នករស់នៅម្នាក់នៅក្នុងទីក្រុងឡាតាគៀ ដែលបានជ្រើសរើសមិនបង្ហាញអត្តសញ្ញាណដោយសារការព្រួយបារម្ភចំពោះសុវត្ថិភាពគ្រួសាររបស់ពួកគេដែលនៅតែស្ថិតនៅក្នុងទីក្រុង។

អ្នករស់នៅក្នុងទីក្រុង ដែលបានរត់ភៀសខ្លួនចេញពីទីក្រុងកាលពីថ្ងៃសៅរ៍ បន្ទាប់ពីរស់នៅទីនោះអស់រយៈពេល ៣០ ឆ្នាំ បានប្រាប់ CNN ថា ពួកគេបានចាប់ផ្តើមឃើញសាកសពនៅតាមដងផ្លូវតាំងពីថ្ងៃអង្គារម៉្លេះ។

«ប្រជាជនកំពុងរត់គេចខ្លួន អ្នកដែលមិនអាចគេចបានត្រូវសម្លាប់» បាស៊ីរ ដែលជាអ្នករស់នៅក្នុងទីក្រុងឡាតាគៀម្នាក់ទៀតបានប្រាប់ CNN។ «ពូខ្ញុំអាយុ ៧០ ឆ្នាំ ដែលជាសាស្ត្រាចារ្យប្រវត្តិសាស្ត្រ និងភរិយាគាត់អាយុ ៦០ ឆ្នាំ ត្រូវបានសម្លាប់ក្នុងភាពត្រជាក់ចិត្តនៅផ្ទះ» គាត់បាននិយាយ។ ពួកគេទាំងពីរគឺជាជនជាតិអាឡាវីតដែលរស់នៅក្នុងទីក្រុងបានីយ៉ាសក្នុងខេត្តតាតុសខាងលិច។

«ខ្ញុំខ្លាចសម្រាប់ជីវិតខ្ញុំ និងជីវិតកូនពីរនាក់របស់ខ្ញុំ» បាស៊ីរបាននិយាយ។

បុរសប្រដាប់អាវុធបានចាប់ផ្តើមធ្វើដំណើរក្នុងចំនួនច្រើនទៅកាន់ទីក្រុងឡាតាគៀ និងតាតុសនៅយប់ថ្ងៃព្រហស្បតិ៍ បន្ទាប់ពីមានរបាយការណ៍អំពីការវាយប្រហារដោយក្រុមអ្នកគាំទ្រអាសាដប្រឆាំងនឹងកម្លាំងរដ្ឋាភិបាលថ្មីរបស់ស៊ីរីដែលប្រចាំការនៅក្នុងទីក្រុងអាឡាវីត៕

ប្រភព៖CNN