ប្រែសម្រួល ៖ លន ស្រស់

កាលពីថ្ងៃអង្គារ តុលាការសហរដ្ឋអាមេរិកបានបដិសេធដីកាបង្គាប់បណ្តោះអាសន្នដែលមហាសេដ្ឋី Elon Musk បានស្នើសុំប្រឆាំងនឹងការខិតខំរបស់ក្រុមហ៊ុន OpenAI ដែលជាអ្នកបង្កើត ChatGPT ក្នុងការប្តូរទៅជាក្រុមហ៊ុនរកប្រាក់ចំណេញ។
ចៅក្រម Yvonne Gonzalez Rogers នៅក្រុង Oakland រដ្ឋ California បានថ្លែងថា លោកស្រីត្រៀមខ្លួនរួចរាល់ក្នុងការពន្លឿនការជំនុំជម្រះលើបញ្ហានៃការប្តូរប្រែនេះនៅចុងឆ្នាំនេះ។
ក្រុមហ៊ុន OpenAI, Microsoft និងលោក Musk មិនបានឆ្លើយតបភ្លាមៗទៅនឹងសំណើសុំការអធិប្បាយរបស់ Reuters ទេ។
កាលពីឆ្នាំមុន លោក Musk បានដាក់ពាក្យបណ្តឹងប្រឆាំងនឹង OpenAI និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ លោក Sam Altman ដោយលោកបានលើកឡើងថា ស្ថាបនិករបស់ OpenAI បានទាក់ទងលោកពីដំបូងសុំមូលនិធិដើម្បីបង្កើតអង្គការមិនរកប្រាក់ចំណេញដែលផ្តោតលើការអភិវឌ្ឍបញ្ញាសិប្បនិម្មិតដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនកំពុងផ្តោតលើការរកប្រាក់ចំណេញ។
OpenAI កំពុងព្យាយាមផ្លាស់ប្តូរពីអង្គការមិនរកប្រាក់ចំណេញទៅជាអង្គភាពរកប្រាក់ចំណេញ ដែលក្រុមហ៊ុននិយាយថាខ្លួនត្រូវធ្វើបែបនេះដើម្បីធានាបាននូវដើមទុនដែលត្រូវការសម្រាប់អភិវឌ្ឍគំរូបញ្ញាសិប្បនិម្មិតល្អបំផុត៕
ប្រភព៖ Reuters
