ភ្នំពេញ៖ លោក ឃិត ឈឿន ដែលកំពុងទទួលរងនូវភាពអយុត្តិធម៌ ពាក់ព័ន្ធវិវាទដីមួយកន្លែង ដែលស្រ្តីម្នាក់ កាន់ក្រដាសមួយសន្លឹក អះអាងថា ជាម្ចាស់ដី ទាំងដែលដីនេះគឺលោក ឃិត ឈឿន បានទិញពីម្ចាស់ដើម តាំងពីឆ្នាំ២០១៧ មកម៉្លេះ។

ក្រោយទទួលរងនូវភាពអយុត្តិធម៌បែបនេះ លោក ឃិត ឈឿន ក្នុងនាមជាជនរងគ្រោះនោះ ក៏បានធ្វើលិខិត ស្នើសុំអន្តរាគមន៍ ទៅកាន់អាជ្ញាធរ ខេត្តកំពង់ស្ពឺ គ្រប់លំដាប់ថ្នាក់ មេត្តាជួយ រកយុត្តិធម៌ ឲ្យលោកផង។
នៅក្នុងលិខិតដែលលោក ឃិត ឈឿន សំណើសុំចុះអន្តរាគមន៍ ទប់ស្កាត់ ដោះស្រាយ ចំពោះអំពើបំពានដណ្តើមការកាន់កាប់ដីដោយខុសច្បាប់របស់ឈ្មោះ ហេង សុខា ភេទស្រី មានអាសយដ្ឋាននៅ ភូមិស្វាយក្រវ៉ាន់ សង្កាត់ស្វាយក្រវ៉ាន់ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ពាក់ព័ន្ធនឹងដីវិវាទ១កន្លែង ដែលមានទីតាំងនៅ ភូមិតាំងរបង ឃុំហោសំណំ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ មានវិញ្ញាបនបត្រសម្គាល់ម្ចាស់។
ក្នុងលិខិតដដែលនោះបន្តថា លោកបានទិញ ដី០១កន្លែងខាងលើ ពីម្ចាស់ដីដើម (ស៊ិន សុខ) ដោយបានធ្វើការបង់ប្រាក់ថ្លៃទិញ លក់ ក្នុងតម្លៃ៥ម៉ឺនដុល្លារ និងបានប្រគល់លុយពាក់កណ្តាលនៃតម្លៃ និងទទួលបានការកាន់កាប់ស្របច្បាប់លើដីជាក់ស្តែង តាំងពីឆ្នាំ២០១៧ រហូតមកដល់បច្ចុប្បន្ន។ ចំណែក ឈ្មោះ ស៊ិន សុខ នៅពេលដែលបានទទួលលុយនោះរួចហើយ ក៏បានថាយកលុយនោះទៅរត់ការ និងបានឲ្យខាងសុរិយោដី មកផ្តិតមេដៃ ដើម្បីផ្ទេរប្លង់កម្មសិទ្ធិឲ្យលោក តាំងពីពេលនោះមក ក៏បាត់ដំណឹងឈឹងរហូត។ បន្ទាប់ពីបាត់ដំណឹ ពីឈ្មោះ ស៊ិន សុខ លោក ឃិត ឈឿន ក៏មានការសង្ស័យ និងបានដាក់ពាក្យ ប្តឹងរក្សាការពារផងដែរ ព្រោះខ្លាចក្រែងម្ចាស់ដីលក់ឲ្យអ្នកផ្សេងបន្តទៀត។
សូមបញ្ជាក់ថា ចាប់តាំងពីទទួលបានការកាន់កាប់ដីនេះមក លោកបាន អភិវឌ្ឍន៍ដី តាមរយៈកាយប្រឡាយ ធ្វើផ្លូវ ដាំដំណាំហូបផ្លែ ធ្វើស្រះចិញ្ចឹមត្រី -ល-។ ក្រោយពីបានអាស្រ័យផលនៅលើដីដែលមានទំហំ៤ហិកតា ក៏មានខាងសុរិយោដី ចុះទៅវាស់វែងផងដែរ។

ប៉ុន្តែស្រាប់តែថ្មីៗនេះ ក៏ស្រាប់តែមានស្ត្រីម្នាក់ ឈ្មោះ ហេង សុខា បានអះអាងថាខ្លួនបានទិញដីនេះតាមផ្លូវតុលាការ និងបានគំរាមកំហែង ព្យាយាមចូលមកបំពាន ដណ្តើមយកការកាន់កាប់ដីរបស់លោកដោយខុសច្បាប់។ បើឈ្មោះ ហេង សុខា បានទិញដីតាមផ្លូវតុលាការមែននោះ ក៏ជាការទិញ នៅក្រោយពេលដែលលោកបានទិញ និង ទទួលបានការកាន់កាប់ស្របច្បាប់លើដីនេះពីម្ចាស់ដើមដែរ ហើយបើចង់ទទួលបានការកាន់កាប់ចំពោះដីវិវាទនេះ ឈ្មោះ ហេង សុខា ត្រូវតែអនុវត្តន៍សិទ្ធិរបស់ខ្លួនតាមផ្លូវតុលាការ ស្របតាមនីតិវិធីច្បាប់ មិនមែនចូលមក គំរាមកំហែង ព្យាយាមដណ្តើមកាន់កាប់ដីដោយខ្លួនឯង ដែលជាការដណ្តើមយកដោយខុសច្បាប់នោះទេ។
ហើយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ ស្ត្រី ឈ្មោះ ហេង សុខា បានដឹកដីជាច្រើនឡាន មកចាក់នៅលើដី ដែលកំពុងតែមានទំនាស់នោះ ថែមទៀតផង។
ហេតុនេះ ដើម្បីចៀសវាង ការរំលោភចូលបំពានដោយខុសច្បាប់ និងការប្រឈមដាក់គ្នា បង្កឱ្យវិវាទ កាន់តែធ្ងន់ធ្ងរ ស្នើសុំ អាជ្ញាធរ គ្រប់លំដាប់ថ្នាក់ មេត្តា ជួយអន្តរាគមន៍បន្ទាន់ ទប់ស្កាត់ការបំពានខុសច្បាប់ខាងលើ និងដោះស្រាយ សម្របសម្រួលវិវាទនេះ ដល់រូបលោកដោយក្តីអនុគ្រោះ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះសារព័ត៌មាន Cambodia Flash New (CFN)គិតត្រឹមរសៀលថ្ងៃទី៤ខែមីនា ឆ្នាំ២០២៥ នៅមិនទាន់បានទាក់ទងជួបជាមួយលោកស្រី ហេង សុខា ដើម្បីសុំការបំភ្លឺពាក់ព័ន្ធរឿងវិវាទដីខាងលើនេះនៅឡើយទេ៕
