អន្តរជាតិ

រដ្ឋបាលអាកាសចរណ៍សហព័ន្ធស៊ើបអង្កេតករណីការព្រមានមិនពិតអំពីការប៉ះទង្គិចគ្នានៅលើអាកាសដែលផ្ញើទៅកាន់ជើងហោះហើរជាច្រើននៅជិតអាកាសយានដ្ឋានអន្តរជាតិរេហ្គេន

ប្រែសម្រួល៖ រតនា
រដ្ឋបាលអាកាសចរណ៍សហព័ន្ធកំពុងធ្វើការស៊ើបអង្កេតករណីការព្រមានមិនពិតអំពីការប៉ះទង្គិចគ្នានៅលើអាកាសដែលបានទទួលដោយជើងហោះហើរពាណិជ្ជកម្មជាច្រើនដែលត្រៀមចុះចតនៅអាកាសយានដ្ឋានជាតិរេហ្គេនកាលពីចុងសប្តាហ៍មុន។

ការព្រមានទាំងអស់នេះបានកើតឡើងត្រឹមតែប៉ុន្មានម៉ាយល៍ពីកន្លែងដែលមានគ្រោះថ្នាក់ដ៏សាហាវមួយកាលពីថ្ងៃទី ២៩ ខែមករា រវាងយន្តហោះរបស់ក្រុមហ៊ុន American Airlines និងឧទ្ធម្ភាគចក្រ Blackhawk របស់កងទ័ពអាមេរិក ដែលបានបណ្តាលឱ្យស្លាប់អ្នកដំណើរទាំងអស់ – ៦៧ នាក់ – នៅលើយានទាំងពីរ។

ក្រុមអ្នកបើកបរយន្តហោះជាច្រើនបានរាយការណ៍ថាបានទទួលការព្រមានដែលមិនអាចពន្យល់បាននៅលើប្រព័ន្ធជៀសវាងការប៉ះទង្គិចចរាចរណ៍នៅថ្ងៃសៅរ៍ ទោះបីជាគ្មានយន្តហោះផ្សេងទៀតនៅជិតពួកគេនៅពេលនោះក៏ដោយ នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋបាលអាកាសចរណ៍សហព័ន្ធកាលពីថ្ងៃចន្ទ។

“យើងនៅកម្ពស់ប្រហែល ១២០០ ហ្វីត [នៅពេលដែល TCAS បង្ហាញថា] មានយន្តហោះចុះត្រង់មកទៅយើង” នេះបើតាមអ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន Republic Airline បានប្រាប់ទៅប៉មគ្រប់គ្រងនៅម៉ោងប្រហែល ៩ ព្រឹកនៅថ្ងៃសៅរ៍ យោងតាមការថតសំឡេងដោយ LiveATC.net។

“វាបានកើតឡើងពេញព្រឹកនេះ។ សូមប្រាប់ខ្ញុំប្រសិនបើអ្នកឃើញអ្វីមួយ។ គ្មាននរណាម្នាក់បានឃើញអ្វីក្រៅពីនៅលើ TCAS ទេ” អ្នកគ្រប់គ្រងចរាចរណ៍អាកាសបានព្រមានជើងហោះហើររបស់ Republic ផ្សេងទៀត។

“បាទ យើងបានឃើញអ្វីមួយដែរ។ វាបានប្រាប់នៅលើ TCAS ថាវានៅកម្ពស់ ៦០០ ហ្វីតខ្ពស់ជាងយើង។ ហើយយើងមិនបានឃើញអ្វីសោះ” អ្នកបើកបរបានឆ្លើយតបនៅពេលក្រោយមក។

អ្នកបើកបរយន្តហោះយ៉ាងហោចណាស់១២ជើងហោះហើរបានរាយការណ៍ថាទទួលបានការព្រមានដែលហាក់ដូចជាគ្មានមូលដ្ឋាន ដែលធ្វើឱ្យយន្តហោះចំនួន៣គ្រឿងត្រូវធ្វើការហោះហើរឡើងវិញនៅព្រឹកថ្ងៃសៅរ៍ នេះបើតាមការរាយការណ៍របស់ CBS News។

នៅក្នុងព្រឹត្តិការណ៍មួយបន្ទាប់ពីម៉ោង ៩ ព្រឹកបន្តិច ការព្រមានមិនពិតប្រហាក់ប្រហែលគ្នាចំនួន៦ត្រូវបានរាយការណ៍ក្នុងរយៈពេល១១នាទីពីគ្នា យោងតាមស្ថានីយ៍ផ្សាយព័ត៌មាននោះ។

ការគ្រប់គ្រងចរាចរណ៍តាមដីនិងប្រព័ន្ធ TCAS ដំណើរការដាច់ដោយឡែកពីគ្នា។ TCAS ស្វែងរកលំហអាកាសនៅជិតតាមរយៈប្រេកង់វិទ្យុពីឧបករណ៍បញ្ជូនសញ្ញាក្នុងយន្តហោះផ្សេងទៀត ហើយប្រើប្រាស់ទិន្នន័យទាំងនេះដើម្បីរកឃើញការប៉ះទង្គិចដែលអាចកើតមាន និងជួយណែនាំអ្នកបើកបរយន្តហោះឱ្យមានសុវត្ថិភាព។

កត្តាផ្សេងៗដូចជា កម្ពស់ទាបនិងការចុះចតដែលអាចរំខានដល់សញ្ញាវិទ្យុធ្វើឱ្យប្រព័ន្ធនេះកាន់តែស្មុគស្មាញ។ ទោះយ៉ាងណាក៏ដោយ វាមិនធម្មតាទេសម្រាប់យន្តហោះជាច្រើនដែលទទួលបានការព្រមានមិនពិតក្នុងរយៈពេលត្រឹមតែចុងសប្តាហ៍មួយ ហើយនៅទីតាំងជាក់លាក់មួយ។

“រាយការណ៍អំពីចរាចរណ៍ជុំវិញម៉ោង១១របស់យើង។ តើយើងមានអ្វីនៅទីនេះទេ?” អ្នកបើកបរយន្តហោះរបស់ក្រុមហ៊ុន PSA Airlines បានសួរទៅប៉មគ្រប់គ្រងនៅថ្ងៃសៅរ៍។

“ទេ…មិនមានចរាចរណ៍ដែលដឹងរវាងអ្នកនិងទីលាន” ប៉មគ្រប់គ្រងបានឆ្លើយតប។

ទោះបីជាយ៉ាងណាក៏ដោយ អ្នកបើកបរយន្តហោះបានបន្តដោយប្រុងប្រយ័ត្ន ហើយភាគច្រើនបានសម្រេចចិត្តបោះបង់ការចុះចតរបស់ពួកគេ “ដោយសារតែការព្រមានទាំងនោះ” នេះបើតាមមន្ត្រីបានឱ្យដឹង៕