ប្រែសម្រួល៖ស្រីនិច

ម៉ាឌ្រីដ៖ អាត់លេទីកូម៉ាឌ្រីដបានឡើងទៅកាន់កំពូលតារាងបណ្តោះអាសន្នក្នុងក្របខណ្ឌ LaLiga ជាមួយនឹងការឈ្នះ ១-០ នៅកីឡដ្ឋានផ្ទះរបស់ពួកគេលើអាត់លេទិក ប៊ីលបៅកាលពីថ្ងៃសៅរ៍ ដោយសារតែគ្រាប់បាល់នៅវគ្គទី២ របស់កីឡាករជំនួស ហ្សូលៀន អាល់វ៉ារេស។
ក្រុមរបស់លោក ឌីអេហ្គោ ស៊ីមេអូនេ នាំមុខគេក្នុង LaLiga ដោយមាន ៥៦ ពិន្ទុ គឺលើសបាសេឡូណាចំនួន ២ ពិន្ទុ ដែលនឹងប៉ះជាមួយរៀល សូសៀដាដនៅថ្ងៃអាទិត្យ និងរៀល ម៉ាឌ្រីដដែលឈរនៅលេខ៣ បន្ទាប់ពីចាញ់រេអាល់ បេទីស ២-១ កាលពីថ្ងៃសៅរ៍។
អាត់លេទិកនៅតែឈរនៅលេខ៤ ដោយមាន ៤៨ ពិន្ទុ។
អាត់លេទីកូស្ទើរតែនាំមុខនៅវគ្គទីមួយតាមរយៈ អាឡិចហ្សង់ឌើរ សរឡត់ ដែលខកខានក្បាលបាល់ពីការបញ្ជូនរបស់ អង់តួន ហ្គ្រីសម៉ាន និងម្តងទៀតពីការបញ្ជូនកាត់របស់ហ្សូលៀណូ ស៊ីមេអូនេ។
មុនពេលសម្រាក ខ្សែប្រយុទ្ធជនជាតិន័រវេសនេះបានព្យាយាមក្បាលមួយទៀតពីការបញ្ជូនរបស់ណាអ៊ួល ម៉ូលីណា ប៉ុន្តែមិនអាចស៊ុតបញ្ចូលទីម្តងទៀតទេ។
នីកូ និងអ៊ីណាគី វីលៀមស៍ក៏បានរកឱកាសស៊ុតដែរសម្រាប់ក្រុមភ្ញៀវ ប៉ុន្តែបងប្អូនទាំងពីរនាក់មិនអាចរកឃើញខ្នងសំណាញ់ទីរបស់ចាន អូប្លាក់ឡើយ។
អាល់វ៉ារេសដែលចូលជំនួសឱ្យសរឡត់តែប៉ុន្មាននាទីមុនម៉ោងកន្លះ ទីបំផុតបានស៊ុតគ្រាប់ឈ្នះនៅនាទីទី៦៦ ដោយការស៊ុតដ៏ត្រូវគោលដៅដោយជើងឆ្វេង បន្ទាប់ពីត្រូវបានបញ្ជូនឱ្យដោយម៉ាកុស យូរេនថេ។
ប៊ីលបៅមិនបោះបង់ឡើយ និងស្ទើរតែតាមស្មើនៅនាទីចុងក្រោយពេលដែលកីឡាករជំនួស ហ្គរកា ហ្គូរូសេតា ទទួលបានការបញ្ជូនកាត់របស់យូរី បឺឈីឆេ នៅកណ្តាលប្រអប់ទោស ប៉ុន្តែការស៊ុតរបស់គាត់ហោះចេញក្រៅ៕
ប្រភព៖ រ៉យទ័រ
