ប្រែសម្រួល៖ប្រុសស្អាត

ប៉ារីស៖ ប៉ារីស សាន់ហ្សឺម៉ង់ បានបន្តដំណើរឆ្ពោះទៅកាន់ពានរង្វាន់ Ligue 1 ជាមួយនឹងជ័យជម្នះ ៤-១ លើក្រុមលីលដែលឈរនៅលេខប្រាំ កាលពីថ្ងៃសៅរ៍ ដោយស៊ុតបាន៤គ្រាប់ទាំងអស់នៅវគ្គទីមួយដែលក្រុមភ្ញៀវត្រូវបានគ្របសង្កត់។
ក្លិបមកពីរាជធានីមាន ៦២ ពិន្ទុពី ២៤ ប្រកួត និងនាំមុខ ១៦ ពិន្ទុលើទាំងអូឡាំពិក ម៉ាសេយ ដែលនឹងទទួលក្រុមណង់ត៍នៅថ្ងៃអាទិត្យ និងនីសដែលឈរនៅលេខបី បន្ទាប់ពីពួកគេឈ្នះ ៣-១ លើសង់ អេទៀន។
ការវាយប្រហារជាជំហានៗរបស់ PSG បានបង្ខំឱ្យអ្នកចាំទីរបស់លីល លូកា ឈេវ៉ាលីអេ ស្ទះការស៊ុតជាច្រើនដងនៅពេលគាត់ព្យាយាមទប់ទល់នឹងរលកនៃការវាយប្រហារ។
ប្រាដលី បាកូឡា បានស៊ុតគ្រាប់ទីមួយរបស់ក្រុមម្ចាស់ផ្ទះបន្ទាប់ពី៦នាទី ដោយឆក់យកបាល់រញ៉េរញ៉ៃបន្ទាប់ពីឈេវ៉ាលីអេការពារការស៊ុតរបស់អូស្ម៉ាន ដេមបេលេ ហើយចាប់ពីពេលនោះមក វាកាន់តែអាក្រក់សម្រាប់លីល។
ម៉ាគីញូស បានបង្កើនគ្រាប់នាំមុខទៅទ្វេដងនៅនាទីទី២២ ដោយរុញបាល់ឆ្លងបន្ទាត់ទីផុតពីការការពាររបស់លីល ខណៈដែល៦នាទីក្រោយមក ដេមបេលេ បានបន្ថែមគ្រាប់ទីបី ដើម្បីបិទការប្រកួតស្ទើរតែទាំងស្រុង។
នៅនាទីទី៣៧ ដេស៊ីរេ ដូអេ បានបញ្ចប់ការស៊ុតបញ្ចូលទីនៅវគ្គទីមួយដោយការស៊ុតដ៏អស្ចារ្យពីមុំតូចចង្អៀត ទុកឱ្យលីលមានតិចតួចដើម្បីលេងសម្រាប់សេចក្តីថ្លៃថ្នូរបន្ទាប់ពីការចាប់ផ្តើមឡើងវិញ។
ទាំងពីរក្រុមបានបង្កើតឱកាសនៅវគ្គទីពីរ ហើយ១០នាទីមុនចប់ ចូណាថាន ដេវីដ បានស៊ុតគ្រាប់លួងចិត្តសម្រាប់លីល ដែលនៅតែមាន ៤១ ពិន្ទុ គឺតិចជាងក្រុមអេអេស ម៉ូណាកូដែលឈរនៅលេខបួនចំនួន ២ ពិន្ទុ៕
ប្រភព៖ រ៉យទ័រ
