ដោយ : បន្ទាយ

បន្ទាយមានជ័យ :ក្រសួងវប្បធម៌និងវិចិត្រសិល្ប: តាមរយ:អគ្គនាយកដ្ឋានបេតិកភណ្ឌនិងអាជ្ញាធរខេត្តបន្ទាយមានជ័យតាមរយ:អាជ្ញាធរស្រុកថ្មពួកបានដោះស្រាយបញ្ចប់បញ្ហាការងារដំណើរការសាងសង់របងនៅវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារដែលជាព្រះរាជអំណោយព្រះករុណាមហាក្សត្រ ។
នេះបើយោងខ្លឹមសារស្មារតីកិច្ចប្រជុំពិភាក្សា១រវាងស្ថាប័នខាងលើកាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៥ នៅសាលាស្រុកថ្មពួកក្រោមអធិបតីភាពលោកអ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌ ក្រសួងវប្បធម័និងវិចិត្រសិល្ប: និងលោកអែម សុខា អភិបាលស្រុកថ្មពួក ហើយចូលរួមដោយមន្ត្រីជំនាញពាក់ព័ន្ធចំនួន៣១នាក់ ហើយសារព័ត៌មានទទួលបានច្បាប់ចម្លងផងដែរ កាលពីថ្ងៃទី២៧ខែកុម្ភ: ឆ្នាំ២០២៥ ។
កិច្ចប្រជុំនោះមាន៤របៀបវារ: ១-ការសំណេះសំណាលប្រាប់ពីគោលបំណងប្រជុំនិងបើកកិច្ចប្រជុំ។២-ការងារដំណើរការសាងសង់របងវិទ្យាល័យវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ។៣-មតិចូលរួមរបស់សមាជិកនិងសរុបលទ្ធផលនិងបិទអង្គប្រជុំ.។
ប្រភពព័ត៌មានអោយដឹងថា: ក្នុងឱកាសនោះ លោកអ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌបានលើកឡើងថា : បំណងនៃកិច្ចប្រជុំគឺពិភាក្សារកដំណោះស្រាយបញ្ចប់លើបញ្ហាដែលកើតមានក្នុងដំណើរការសង់របងសាលារៀននេះ អោយចប់សព្វគ្រប់ធ្វើយ៉ាងណាកុំអោយបញ្ហាបន្តិចកាន់តែធំឡើងៗនិងត្រូវយល់គ្នាទៅវិញទៅមក ហើយត្រូវដកថយពីការចោទបញ្ហាដាក់គ្នាទៅវិញទៅមក ។ការប្រជុំនេះមិនមែនមករារាំងដំណើរការសាងសង់របងនិងអគារនោះទេ។
លោកអែម សុខា អភិបាលស្រុកថ្មពួកបានលើកឡើងថា: ដំណើរការសាងសង់អគារនិងរបងវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ ការអនុវត្តដោយផ្អែកលើ : ១-លិខិតលេខ៥៥២/២៣ រវ .សជណចុះថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៣ របស់ក្រសួងព្រះបរមរាជវាំង , ២-លិខិតលេខ៤៧១ ឆត ចុះថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ របស់រដ្ឋមន្ត្រីក្រសួងវប្បធម៌។
៣-អនុវត្តបទបញ្ជារនិងការចង្អុលបង្ហាញរបស់លោកអភិបាលខេត្តបន្ទាយមានជ័យ ។
( សូមបញ្ជាក់ថា គឺបន្ទាប់ពីលិខិតសំណើរបស់គណ:គ្រប់គ្រងសាលាចុះថ្ងៃទី១៦ខែតុលាឆ្នាំ២០២៣ ដែលបានចារឯកភាពលើសំណើពីមេឃុំបន្ទាយឆ្មារ ,អភិបាលស្រុកថ្មពួកនិងអភិបាលខេត្តផងដែរ ។ ក្រោយបានក្រាបបង្គុំទូលថ្វាយព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជាដើម្បីសាងសង់អគារសិក្សា២ខ្នងមាន១០បន្ទប់ ខ្លោងទ្វារបេតុងនិងរបងបេតុងព័ទ្ធលួសបន្លា។ព្រះករុណាទ្រង់សព្វព្រះទ័យប្រទានតាមសំណើ ហើយចាត់សម្តេចចៅហ្វាវាំង – ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីព្រះបរមរាជវាំង គុយ សុផល ចុះពិនិត្យ សម្របសម្រួលនិងដឹកនាំសាងសង់) ។
លោកបន្តថា: ការអនុវត្តអោយជាងនៃក្រុមសម្តេចឪ ដំណើរការសាងសង់ទៅតាមខ្លឹមសារលិខិតផ្នែកខាងមុខ ។ ក្នុងនោះ ក្នុងនាមអភិបាលស្រុកនិងជាប្រធានគណ:បញ្ជាការកងឯកភាពស្រុកដឹកនាំទទួលខុសត្រូវចំពោះការសាងសង់របង ប្រសិនក្នុងករណីមានការហាមឃាត់ក្រុមជាងសាងសង់ពីបុគ្គលណាឬក្រុមណា ចង្អុលបង្ហាញអោយមានការប្តូរទីតាំងថ្មី ក្នុងនាមរដ្ឋបាលស្រុកនឹងសរសេរបាយការណ៍គោរពជូនលោកអភិបាលខេត្តបន្ទាយមានជ័យដើម្បីលោករាយការណ៍បន្តទៅថ្នាក់លើទៀត ។
បើសិនជាសាងសង់ខុសពីទីតាំងរបងចាស់ធ្វើអោយសមិទ្ធផលដែលមាននៅក្នុងសាលាស្រាប់ដូចជាឡដុតសំរាម បង្គន់អនាម័យនិងផ្ទះសំណាក់គ្រូនឹងត្រូវស្ថិតនៅក្រៅរបងសាលាវិញ។
ដូច្នេះសូមអោយក្រុមជាងសាងសង់ស្របតាមខ្លឹមសារលិខិតរបស់ក្រសួងវប្បធម៍និងវិចិត្រសិល្ប: ដដែល ។
n
(សូមបញ្ជាក់ថា : ខ្លឹមសារលិខិតលិខិតលេខ៤៧១ ឆត ចុះថ្ងៃទី១២ខែតុលាឆ្នាំ២០២៣ របស់លោកស្រីបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌បានផ្ញើជូនរដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង មានសេចក្តីថា : ករណីស្នើសុំកសាងអគារសិក្សាថ្មី១ខ្នងកម្ពស់ពីរជាន់ក្នុងបរិវេណវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារ ក្រសួងសូមជម្រាបជូនថា តាមរយ:លទ្ធផលកំណាយរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ក្រសួងវប្បធម៌សូមអនុញ្ញាតទី១ :
អោយសាង់សំណង់អគារថ្មីចំនួន២ខ្នងជំនួសអោយអគារ១ខ្នងកម្ពស់២ជាន់វិញព្រោះការសាងសង់សំណង់អគារកម្ពស់២ជាន់គឺមានផលប៉ះពាល់ដល់សោភ័ណភាព ទេសភាពវប្បធម៌និងបរិស្ថានជុំវិញបុរាណដ្ឋានក្នុងតំបន់ការពារទី២នៃរមណីយដ្ឋានប្រសាទបន្ទាយឆ្មារ។និងទី២ អោយរុះរើរបងចាស់ដោយសង់របងថ្មីនៅលើទីតាំងរបងចាស់ដដែលនិងសង់ខ្លោងទ្វារថ្មី។
ចំពោះទីតាំងដែលមិនមានរបងចាស់ សូមសាងសង់ដោយមានមន្ត្រីជំនាញរបស់នាយកដ្ឋានគាំពារនិងអភិរក្សសំណង់បុរាណ ចូលរួមនៅពេលដំណើរការជីកគ្រឹះ ) ។
ក្នុងកិច្ចប្រជុំនោះ លោកអ៊ុក សុខា អគ្គនាយកនៃអគ្គនាយកដ្ឋានបេតិកភណ្ឌមបានឯកភាពទាំងស្រុងអំពីដំណើរការសាងសង់វិទ្យាល័យដោយអនុវត្តតាមខ្លឹមសារលិខិតក្រសួងវប្បធម៌និងលិខិតក្រសួងព្រះបរមរាជវាំងដូចខាងលើនិងគាំទ្រទៅលើការសាងរបងជាក់ស្តែងឃើញថា របងបង្គោលបេតុងហ៊ុមព័ទ្ធលួសបន្លាមានសោភ័ណភាពស្អាត ។
ក្នុងការបូកសរុបនិងបីទអង្គប្រជុំ លោកអគ្គនាយកបានថ្លែងអំណរគុណលោកអភិបាលស្រុកថ្មពួកនិងក្រុមការងារពាក់ព័ន្ធដែលបានខិតខំដឹកនាំ សហការរួមគ្នាដោះស្រាយបញ្ហាសម្រាប់ផលប្រយោជន៍រួមដើម្បីប្រជាជននៅតាមមូលដ្ឋាន។
នៅថ្ងៃខាងមុខ ប្រសិនស្ថាប័នICOMOS ពិនិត្យឃើញថា ត្រូវរុះរើរបងដែលសាងសង់បច្ចុប្បន្នចេញមកសាងសង់អោយឆ្ងាយពីទីតាំងបុរាណ ដូច្នេះវិទ្យាល័យនិងអាជ្ញាធរដែនដីភូមិ ឃុំ ស្រុកនិងសមត្ថកិច្ចពាក់ព័ន្ធ ឯកភាពរុះរើរបងនោះដើម្បីអោយការស្នើសុំចុះប្រាសាទបន្ទាយឆ្មារក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបានជោគជ័យ ។
សូមបញ្ជាក់ថា វិទ្យាល័យចំណេះទូទៅនិងបច្ចេកទេសបន្ទាយឆ្មារស្ថិតនៅផ្លូវជាតិលេខ៥៦បេ ភូមិស្រះជ្រៃឃុំបន្ទាយឆ្មារស្រុកថ្មពួកខេត្តបន្ទាយមានជ័យ មានផ្ទៃដីទំហំ១២,៥ហិចតា ។
ក្នុងនោះ មកទល់ពេលនេះ ការសាងសង់សង់អគារ២ខ្នង កម្ពស់១ជាន់មកទល់ពេលនេះសង់បាន៩០% ។ឯផ្នែករបងបង្គោលបេតុងព័ទ្ធលួសបន្លាវិញសង់បាន៧០% ។
កន្លងមក ការសាងសង់របងនេះមានបញ្ហារារាំង បង្ករាំងស្ទះ។
ក្នុងកិច្ចប្រជុំគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី២១ខែកុម្ភ:ឆ្នាំ២០២៥ កន្លងមក លោកអ៊ុំ រាត្រី អភិបាលនៃគណ:អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ បានបន្ទោសលោកយង់ តាំងគួយ ប្រធានមន្ទីរវប្បធម៌និងវិចិត្យសិល្ប:ខេត្ត ដែលបានបណ្តោយអោយមន្ត្រីកិច្ចសន្យាម្នាក់នៅបន្ទាយឆ្មារបង្កក្រឡុករារាំងនូវការសងរបងបេតុងព័ទ្ធលួសបន្លាលើទីតាំងចាស់នៅវិទ្យាល័យនេះពោលគឺផ្ទុយពីខ្លឹមសារលិខិតក្រសួងវប្បធម៍និងវិចិត្រដូចខាងលើ ។ ម្យ៉ាងទៀតលិខិតនោះ មិនទៅដល់ទាន់ពេលតាមកន្លែងចម្លងជូនដូចជារដ្ឋបាលខេត្ត ស្រុក ឃុំជាដើម ។
ដោយមានបាតុភាពដូច្នោះ ទើបតមក ក៏មានកិច្ចប្រជុំដោះស្រាយមួយកាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៥ នៅសាលាស្រុកថ្មពួករវាងមន្ត្រីក្រសួងវប្បធម៌និងអាជ្ញាធរដែនដី ហើយបានលទ្ធផលដូចខាងលើ។ក្នុងនោះ បន្ទាប់ពីកិច្ចប្រជុំ មន្ត្រីបានចុះពិនិត្យនៅទីតាំងសាងសង់អគារនិងរបងសាលា ដើម្បីជាសក្ខីភាពនិងស្មារតីទទួលខុសត្រូវនូវការបញ្ចប់រាល់បញ្ហាដែលកើតឡើងកន្លងមក ៕
