សន្ដិសុខសង្គម

រោងចក្រផលិតពូកសុខភាពមួយកន្លែងត្រូវបានអគ្គិភ័យឆាបឆេះផ្អើលដល់សមត្ថកិច្ចហៅរថយន្តបង្ការពន្លត់អគ្គិភ័យមកបាញ់ទប់ស្កាត់ភ្លាម

ដោយ៖សហការី
ភ្នំពេញ: អគ្គិភ័យបានឆាបឆេះរោងចក្រផលិតពូកសុខភាពក្រុមហ៊ុនឈ្មោះJASMINEមួយកន្លែងយ៉ាងសន្ធោសន្ធៅផ្អើលពលរដ្ឋជិតខាងទាក់ទងទៅសមត្ថកិច្ចសុំជំនួយរថយន្តពន្លត់អគ្គិភ័យមកបាញ់ទប់ស្កាត់ការពារជុំវិញទីតាំងខាងលើភ្លាមៗ។

ហេតុការណ៍ឆាបឆេះនេះបានបង្កឲ្យមានការភ្ញាក់ផ្អើលនៅវេលាម៉ោង៥:៣៥នាទីល្ងាចថ្ងៃទី២៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតនៅតាមបណ្ដោយផ្លូវរថភ្លើង ភូមិតិក្ខបញ្ញោ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ម្ចាស់ដីឈ្មោះ ហុង ប៉ោម៉េង ភេទប្រុសអាយុ៥៨ ឆ្នាំ ទើបតែជួលឃ្លាំងអោយទៅឈ្មោះ សុខ ហេង ភេទស្រី បើកដំណើការបាន២ខែប៉ុណ្ណោះឥឡូវត្រូវបានរងគ្រោះដោយសារអគ្គិភ័យឆាបឆេះ ។ ហើយមានកម្មករបម្រើការងារក្នុងនោះចំនួនជាង១០០នាក់ ប៉ុន្តែនៅពេលភ្លើងឆាបឆេះ កម្មករទាំងនោះបាននាំគ្នារត់ចេញក្រៅរួចទាំងអស់ ពុំមាននរណាម្នាក់ជាប់គាំងនៅក្នុងនោះ បណ្ដាលឲ្យរងរបួសឬក៏ស្លាប់នោះឡើយ ។

ឃ្លាំងខាងលើមានទំហំ ៤៥ម៉ែត្រ X ៥៥ម៉ែត្រ ចំនួន០១ឃ្លាំង, ម៉ូតូឆេះខូចខាត ចំនួន០៥គ្រឿង រួមទាំងសម្ភារស្តុកក្នុងឃ្លាំងអស់ទាំងស្រុង ហើយឆេះរាលដល់ផ្ទះថ្ម ចំនួន០១ខ្នង (ខូចខាត ១០%) ។

បើយោងប្រភពព័ត៌មានពីកម្មករបាននិយាយថា ពួកគាត់ត្រូវធ្វើការរហូតដល់វេលាម៉ោង៦និង៣០នាទីល្ងាចទើបឈប់សម្រាក ហើយនៅក្នុងពេលកំពុងធ្វើការសុខៗ មិនទាន់ដល់ពេលចេញផង ស្រាប់តែផ្ទុះបំពង់ពន្លត់អគ្គិភ័យនៅក្នុងរោងចក្រ លាន់ស្នូរយ៉ាងខ្លាំង បង្កជាអណ្ដាតភ្លើងខ្ទាតធ្លាក់លើអេប៉ុងពូក ហើយក៏ឆាបឆេះរាលដាលសន្ធោសន្ធៅពេញក្នុងរោងចក្រយ៉ាងលឿនតែម្ដង ។ នៅពេលនោះពួកគាត់ទាំងអស់គ្មានឱកាសពន្លត់ភ្លើងបានទាន់នោះទេ ព្រោះតែមួយភ្លែតសោះភ្លើងបានឆេះរាលពេញក្នុងអគាររោងចក្រទាំងមូលយ៉ាងពេញបន្ទុកបាត់ទៅហើយ ទើបនាំគ្នារត់ចេញក្រៅប្រសេចប្រសាចយករួចខ្លួន ព្រោះខ្លាចជាប់គាំងនៅក្នុងនោះចេញមិនរួចហើយបានទាក់ទងទៅសមត្ថកិច្ចសុំជំនួយរថយន្តបង្ការពន្លត់អគ្គិភ័យអោយមកជួយអន្តរាគមន៍បាញ់ពន្លត់ការពារកុំឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋជិតខាងបន្ត ។

ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថានៅពេលមានហេតុការណ៍នោះកើតឡើងភ្លាមកម្លាំងសមត្ថកិច្ចខណ្ឌពោធិ៍សែនជ័យ បានចេញទៅអន្តរាគមន៍ដុតដៃដុតជើង ហើយបានផ្ដល់ព័ត៌មានទៅក្រុមអ្នកពន្លត់អគ្គិភ័យភ្លាមៗដែរ ។ ខណៈនោះមានរថយន្តពន្លត់អគ្គិភ័យច្រើនគ្រឿងបានចេញទៅកាន់កន្លែងកើតហេតុ ធ្វើការបាញ់ទឹកពន្លត់ភ្លើង ប៉ុន្តែភ្លាមៗនោះពុំអាចពន្លត់ឲ្យរលត់បានឡើយ ព្រោះភ្លើងបានឆេះពេញក្នុងអគាររោងចក្រទាំងមូលបាត់ទៅហើយ ។

ប្រភពដដែលបានបន្តទៀតថា លោកស្រី សុខ ហេង ថៅកែក្រុមហ៊ុនពូកសុខភាពJASMINE នេះបានរងគ្រោះដោយអគ្គិភ័យ២ដងហើយ គេនៅចាំបានថា អំឡុងឆ្នាំ២០២៤ ភូមិគ្រឹះរបស់គាត់នៅក្នុងភូមិកាកាប សង្កាត់កកាបទី២ ខណ្ឌពោធិ៍ពោធិ័សែនជ័យ ត្រូវអគ្គិឆាបឆេះម្ដងរួចមកហើយ ។ ពេលនោះបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ និងបានបណ្ដាលឲ្យខាតបង់ប្រាក់រាប់ម៉ឺនដុល្លារ លុះមកដល់ថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥នេះ រោងចក្រពូករបស់គាត់ក៏ត្រូវបានអគ្គិភ័យឆាបឆេះបំផ្លាញអស់បែបនេះទៀត ហើយទោះជាកម្មករអះអាងថា បណ្ដាលមកពីផ្ទុះបំពង់ពន្លត់អគ្គិភ័យក៏ដោយ ប៉ុន្តែពេលនេះសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវបន្ថែមទៀតផងដែរ ។

ក្នុងហេតុការណ៍អគ្គីភ័យឆេះឃ្លាំងខាងលើនេះដែរនៅវេលាម៉ោង២០:១០នាទីយប់ ថ្ងៃទីខែឆ្នាំដដែលត្រូវបានពន្លត់បានទាំងស្រុង ហើយរថយន្តពន្លត់អគ្គីភ័យបានមកបាញ់ពន្លត់ជាច្រើនគ្រឿងនិងប្រើប្រាស់ទឹកអស់ជាច្រើនគូបទេីបជោគជ័យ ។

ក៏មានអគ្គីភ័យបានឆាបឆេះកញ្ចុះមួយកន្លែងទៀតក្នុងពេលតែមួយដែលនៅកណ្ដាលវាលស្រែប្រមាណជាង២០០ម៉ែត្រពីគ្នាបង្កជាអណ្ដាតភ្លេីងសន្ធោសន្ធៅផ្អើលផ្នែកជំនាញអគ្គីភ័យចេញរថយន្តទៅបំរុងបាញ់ទប់ស្កាត់តែដោយសារទីតាំងខាងលើមិនមានផ្លូវឲ្យរថយន្តទៅដល់ហើយណាមួយមិនបង្កឲ្យរាលដាលបន្តទៅទៀតក៏បណ្ដោយទុកឲ្យឆេះតាមដំណើរពីព្រោះគ្មានប៉ះពាល់ដល់អ្នកដទៃនៅក្នុងហេតុការណ៍ឆេះនេះខូចខាតកញ្ចុះអស់១រោង មូលហេតុមកពីពលរដ្ឋដុតសំរាមនៅជិតកន្លែងកេីតហេតុទើបរាលដាលឆេះដល់ ។

បច្ចុប្បន្នករណីឆាបឆេះឃ្លាំងខាងលើខាងផ្នែកជំនាញពន្លត់អគ្គិភ័យកំពុងតែធ្វើការស្រាវជ្រាវរកមូលហេតុបន្តដោយឲ្យខាងអជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋានធ្វើការយាមកាមនៅទីតាំងកេីតហេតុរង់ចាំព្រឹកស្អែកនឹងចុះមកពិនិត្យរកមូលហេតុបន្ត ៕